របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការជន់លិចពីល្បាប់ភក់កើតចេញពីជំនន់ទឹកភ្លៀងនៅទីក្រុងឡូសអាន់ជឺឡេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកើនឡើងដល់១៧នាក់ ខណៈថ្ងៃពុធម្សិលមិញក្រុមការងាររកឃើញសាកសពចំនួន២បន្ថែមទៀត។
សមត្ថកិច្ចបានរាយការណ៍ថា មនុស្សចំនួន១៣នាក់ទៀតនៅតែបាត់ខ្លួនមិនទាន់រកឃើញ ចំណែកផ្ទះដែលមាន អ្នកស្នាក់នៅប្រមាណ១០០គ្រួសារត្រូវបានបំផ្លាញ។
កម្លាំងជំនន់ទឹកភ្លៀងបានរុញភក់ពីទន្លេ និងកំទេចកំទីផ្សេងប្រមាណត្រឹមចង្កេះ ចូលដល់ក្នុងភូមិកន្លែងរស់នៅរបស់ប្រជាជនកាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា មនុស្សប្រមាណ២៥នាក់ រងរបួសហើយអាជ្ញាធរប្រើប្រាស់ឧត្ថម្ភាចក្រប្រមាណ៥០គ្រឿង ដើម្បីជួយសង្គ្រោះអ្នកនៅតំបន់គ្រោះថ្នាក់។
រហូតដល់ថ្ងៃព្រហស្បតិ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា ពួកគេកំពុងតែកំណត់អត្តសញ្ញាណ ពលរដ្ឋនៅក្នុងតំបន់ ដែលអាចត្រូវរាំងខ្ទប់ដោយភក់ ឬ នៅដាច់ដោយឡែកពីគេដើម្បីជួយសង្គ្រោះ។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណ៩០០០នាក់៕