ឃាត់​ខ្លួន​មនុស្ស​១៩​នាក់​នៅ​សៀមរាប នគរបាល​ចោទ​ថា បន្លំ​ខ្លួន​ជា​សង្ឃ

មន្ត្រីនគរបាលខេត្តសៀម​រាប បានឃាត់ខ្លួន​ជនសង្ស័យ ១៩នាក់ បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ចាត់ការ​តាមនីតិវិធីច្បាប់ ដោយថា បាន​បន្លំខ្លួនធ្វើ​ជាព្រះសង្ឃដើរបិណ្ឌបាត្រ និងស្នាក់​នៅ​ផ្ទះ​សំណាក់ នៅក្នុង​ខេត្តនេះបែបអនាធិបតេយ្យ។

ក្នុង​វេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តីរបស់​ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​​លោក ហួត ធី កាល​ពីថ្ងៃម្សិល​មិញ​ ដែល​បាន​និយាយ​ថា លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​កណ្ដាល​សន្តិសុខ​ ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ផ្នែក​សន្តិសុខ​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បាន​ចុះ​ប្រមូល​ជន​សង្ស័យ​​​ ១៩​នាក់​ ក្នុង​នោះ​ ១៧​នាក់​ញៀន​ថ្នាំ និង​មាន​កុមារ​ម្នាក់​ផង​ដែរ។

មន្ត្រី​នគរបាល​រូប​នេះ បាន​អះ​អាង​ថា ជន​សង្ស័យ​ទាំង​នោះ បាន​​ក្លែងបន្លំ​ខ្លួន​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ​ទី​សាធារណៈ​ និង​ដេក​ស្នាក់​នៅ​តាម​ផ្ទះសំណាក់​ក្នុង​ក្រុង​សៀមរាប​បែប​អនាធិបតេយ្យ​។​

លោក ហួត​ ធី​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងនោះ​ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ខេត្តព្រះវិហារ​ ខេត្តតាកែវ​ ខេត្តកំពង់ស្ពឺ​ ខេត្តបាត់ដំបង​ ខេត្តកោះកុង​ ខេត្ត​កែប​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្តឧត្តរមានជ័យ​ និង​ខេត្តកំពត​។​

​មន្ត្រីនគរបាលរូបនោះ បាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សាក​សួរ និង​ពិនិត្យ​ទឹក​នោម​រក​សារធាតុ​ញៀន បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ