រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិសរុប ៥លាន ៦សែននាក់ កាលពីឆ្នាំមុន ជាមួយកើនឡើង ១១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៦។
លោក ថោង ខុន ត្រូវបានសារព័ត៌មាន Fresh News ដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរមកប្រទេសកម្ពុជា មានចំនួន ៥លាន ៦សែននាក់ ក្នុងនោះទេសចរចិនស្ថិតនៅលំដាប់ទី១ ដោយមានចំនួន ១លាន ២សែននាក់ ជាមួយកំណើន ៤៦ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៦។
ចំណែករបាយការណ៍គ្រឹះស្ថានអង្គរដែលជាស្ថាប័នគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសដល់ទៅជាង ២លាន ៤៥ម៉ឺននាក់ បានចូលទស្សនាតំបន់សម្បូរដោយសំណង់ប្រវត្តិសាស្ត្រមួយនេះ កាលពីឆ្នាំ២០១៧ ជាមួយសន្ទុះកំណើន ១១.៨២ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៦កន្លងមក។
ជាមួយតួលេខភ្ញៀវទេសចរបែបនេះ គ្រឹះស្ថានអង្គរបានឲ្យដឹងថា ខ្លួនអាចប្រមូលចំណូលបានដល់ទៅជាង ១០៧លាន ៩៧ម៉ឺនដុល្លារ ហើយកើនឡើងដល់ទៅជាង ៧២ភាគរយ បើធៀបនឹងចំណូលនៃការលក់សំបុត្រចូលទស្សនាតំបន់អង្គរកាលពីឆ្នាំ២០១៦កន្លងមក៕