រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្រុងតាខ្មៅ

រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀត ស្ថិតនៅក្រុងតាខ្មៅ ដែល​មាន​ទំហំ​ប្រមាណ ២៦០០ ហិកតា និង គ្រោងចំណាយប្រាក់ ១៥០០លានដុល្លារ។

នេះបើតាមការបញ្ជាក់ក្នុងលិខិត​ផ្លូវ​ការ​មួយ​​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី ២១​ធ្នូ ឆ្នាំ ២០១៧ ដែល​ផ្ញើ​ទៅ​កាន់ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ និង​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ហើយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១២​ ខែមករា ​ម្សិលមិញ។

ក្នុងលិខិតនោះបាន​បញ្ជាក់ថារដ្ឋាភិបាលបានសម្រេចឯកភាពក្នុងការសាងសង់អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​លំដាប់ 4F ដែលមាន​ឈ្មោះថា ក្រុមហ៊ុន ខេម​បូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co.,Ltd) ហើយមានទីតាំង​ស្ថិតនៅ​ក្នុង​​ក្រុង​តាខ្មៅ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។

ក្នុងលិខិត​ដដែលនោះបន្ថែមថាការសាងសង់ព្រលានយន្តហោះថ្មីនេះគ្រោងទុនវិនិយោគសរុប ១ ៥០០​លាន​ដុល្លារ ដែលមាន​កម្ចី​ពី​ធនាគារ​បរទេស​ចំនួន ១​​១០០ ​លាន​ដុល្លារ ហើយកម្ចី​ពី​ភាគ​ទុន​ក្រុមហ៊ុន OCIC ចំនួន ២៨០​លាន​ដុល្លារ និង​ដើម​ទុន​ចុះ​បញ្ចី​ចំនួន ១២០​លាន​ដុល្លារ។​

ក្នុងលិខិតនោះក៏បញ្ជាក់ដែរថាក្នុងទុនវិនិយោគទាំងនោះមាន ៩០​ភាគ​រយជារបស់ក្រុមហ៊ុន OCIC មាន និង ១០​ភាគ​រយទៀត ជារបស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល តំណាង​រាជរដ្ឋាភិបាល​កម្ពុជា។ ​ នឹង​ ។

បច្ចុប្បន្នកម្ពុជាមាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ធំៗ ចំនួន​៣ ហើយ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ