លោក ហ៊ុន សែន បន្ត​រំឭក​គ្រូ​ពេទ្យ​ឲ្យ​ពង្រឹង​ក្រម​សីលធម៌​វិជ្ជា​ជីវៈ

នាយកមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល​កម្ពុជា បន្តក្រើនរំឭកដល់​ក្រុម​គ្រូ​ពេទ្យ​ឲ្យពង្រឹងវិជ្ជាជីវៈរបស់​ខ្លួន ដោយថា បើទោះបីមានឧបករណ៍​ព្យាបា​លទំនើ​បបែ​ប​ណា​​​​​ក៏ដោយ បើ​​គ្រូ​​ពេទ្យគ្មាន​​​​ក្រមសីលធម៌ លោក​ថា នឹងមិនអា​ចជួយសង្គ្រោះ​ជីវិតអ្ន​​ក​ជម្ងឺ​បាន​ឡើ​យ។

នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ថា អគារ​ថ្មី​នេះ ត្រូវ​បាន​បំពាក់​ទៅ​ដោយ​បរិក្ខា​វេជ្ជសាស្ត្រ​ថ្មីៗ​ទំនើបៗ ដោយ​លោក​ថា បរិក្ខា​ទាំង​នោះ ទទួល​បាន​ពី​ម្ចាស់​ជំនួយ​នានា ក្នុង​នោះ​មាន​ទាំង​ប្រទេសបារាំង​ផង​ដែរ។

ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងរំឭកថា បើទោះបីមន្ទីរពេទ្យ​មាន​សម្ភារបរិក្ខា​ទំនើបបែប​ណា​ក៏ដោយ ក៏មិន​អាច​ជួ​យសង្គ្រោះជីវិតអ្ន​កជំងឺ​ទាន់ពេលបានដែរ ប្រសិន​បើ​​គ្រូពេទ្យ​គ្មា​​​នស្មា​រតីទទួ​​ល​​ខុ​​សត្រូវ​ប្រកបដដោយ​វិជ្ជាជីវៈ និ​ង​​ក្រ​មសីលធម៌នោះ។

លោកថា៖ «របស់ដែលមាន ទោះបីជាទំនើប ហើយដែលអាចថា ជប់ដូចឥសី ក៏វាទៅមិនរួចដែរ ពីព្រោះឥសី ដែលចេះជប់ អត់ព្រមជប់ផង។ អញ្ចឹ​ងទេ ខ្ញុំ​​ព្រះករុណាខ្ញុំ នៅតែបន្ត​អំពាវនាវឲ្យគ្រូពេទ្យរបស់​យើង បង្កើន​នូវស្មារ​តីទទួ​លខុសត្រូវ និងលើក​កម្ពស់សី​ល​​​ធ​ម៌​​វិជ្ជាជីវៈគ្រូពេទ្យរបស់យើង ហើយខ្ញុំមិនចង់​ឮនូវពាក្យតិះដៀ​លថា គ្រូ​ពេទ្យ៩​០%អាក្រក់ ហើ​យ១០%​ល្អ​នោះ​ទេ»។

លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករា បានរំឭកម្តងហើយ​ទៅ​ដល់គ្រូពេទ្យ ឲ្យពង្រឹងក្រមសីលធម៌ និងវិ​ជ្ជាជី​វៈនេះ អំឡុង​ពេល​លោក​ចុះទៅសម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​អគារ​ថ្មី​ក្នុង​មន្ទីរ​ពេទ្យ​ខ្មែរ​-សូវៀត​។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាងថា ក្រសួងបានបង្កើតក្រុមការងារ បង្កើត​ឲ្យ​មាន​ប្រ​អប់សំបុត្រ ដាក់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដើម្បីតាមដាន និងជំរុញករណីនេះ។

បើ​តាម​​អ្នកនាំពាក្យរូបនេះ អ្នកជំងឺ​ជួបគ្រូពេទ្យណាដែលគ្មានក្រមសីលធម៌ អាចទូរស័ព្ទម​កប្រាប់​ក្រុមការ​ងារ​ដោ​យ​ផ្ទាល់​តាមលេខ ១១៥ ដើម្បីឲ្យ​ក្រសួង​ចាត់​វិធានការ។

លោកថា៖ «គ្រប់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព យើងតែងតែដាក់ប្រអប់ សុំឲ្យប្រជាពលរដ្ឋហ្នឹងគាត់ឃើញ សូមផ្តល់​ឲ្យចំ​ៗគ្រូពេទ្យឈ្មោះអី? ពេទ្យមួយណា? មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពមួយណា?និយាយឲ្យចំៗ សូម​កុំឲ្យ​ប្រជា​ពលរដ្ឋគាត់និយាយជាទូទៅ ដល់ទៅអញ្ចឹង យើងមិនដឹងដោះស្រាយមួយណាទេ។ ពេទ្យមួយណា?ទីតាំ​ងនៅ​ក​ន្លែង​​ណា? ដូចនេះ យើងនឹងពិន័យគ្រូពេទ្យដែលគាត់អនុវត្តមិនទាន់បានល្អហ្នឹង»។

បញ្ហា​គ្រូពេទ្យខ្វះក្រមសីលធម៌ និងគ្មានវិជ្ជាជីវៈនេះ បានជំរុញឲ្យប្រជាពលរដ្ឋមួយចំនួនជ្រើសរើស​រកសេវាព្យា​បា​​ល​នៅក្រៅប្រទេស ដែលធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណួល។

​របាយការណ៍ក្រសួងទេសសចរណ៍បង្ហាញថា ក្នុងឆ្នាំ២០១៦​កន្លង​មក ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ១លាន ៤​សែន​នាក់ បាន​ធ្វើ​ដំ​ណើ​រ​ទៅ​ក្រៅ​ប្រទេស ក្នុង​គោល​ដៅ​ដើរ​លេង​កម្សាន្ត ឬ​​ទៅ​ស្វែង​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ ក្រសួ​ងថា ​ទឹក​ប្រាក់​ប្រហែល ៦០០​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ត្រូវ​បាន​ព​លរដ្ឋ​កម្ពុ​​ជា​ចំណាយ​សម្រាប់​ដំណើរ​របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ