អង្គការ Freedom House បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថា «គ្មានសេរីភាព» ដោយបានធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីប្រទេសនេះបានបង្ក្រាបទៅលើគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការស៊ីវិលមួយចំនួន កាលពីឆ្នាំកន្លងមកនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានចាត់ចំណាត់ថ្នាក់បែបនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបសស់ខ្លួន ដែលត្រូវបានដាក់ចំណងជើងថា «ប្រជាធិបតេយ្យស្ថិតក្នុងវិបត្តិ» ហើយត្រូវបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ។
នៅក្នុងរបាយការណ៍នោះ អង្គការ Freedom House បានវាយតម្លៃកម្ពុជាជាមួយពិន្ទុត្រឹមតែ ៣០ នៅក្នុងចំណោមពិន្ទុសរុប ១០០ ដែលត្រូវបានប្រើប្រាស់សម្រាប់វាយតម្លៃពីកម្រិតសេរីភាពនៅតាមបណ្ដាប្រទេសនានានៅទូទាំងពិភពលោក។
ជាមួយកម្រិតពិន្ទុបែបនេះ ប្រទេសកម្ពុជាត្រូវបានអង្គការនេះ ចាត់ចូលក្នុងចំណោមប្រទេស «គ្មានសេរីភាព»។ មិនត្រឹមតែស្ថិតក្នុងកម្រិត «គ្មានសេរីភាព» នោះទេ ប៉ុន្តែ អង្គការនេះបានវាយតម្លៃថា ស្ថានភាពសេរីភាពនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីការបង្ក្រាបទៅលើគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសនេះ។
បន្ទាប់ពីការវាយតម្លៃពីកម្រិតសេរីភាពនៅកម្ពុជាត្រូវបានចេញផ្សាយ វាជំរុញឲ្យមានការចោទសួរថា តើកម្រិតសេរីភាពនៅកម្ពុជាអាចត្រូវបានធ្វើឲ្យប្រសើរឡើងវិញតាមវិធីណា?
ក្រុមអ្នកឃ្លាំមើលសង្គមកម្ពុជា បានយល់ស្របទៅនឹងអ្វីដែលអង្គការ Freedom House បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន ដោយផ្អែកទៅលើអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ឬក៏មួយឆ្នាំចុងក្រោយនេះ។
បើទោះបីជារូបលោកពិបាកវាស់វែងពីកម្រិតនៃសេរីភាពនៅក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង លោកមើលឃើញថា លំហសេរីភាពក្នុងប្រទេសនេះ ពិតជាបានរួមតូចកាលពីឆ្នាំមុន។ លោក គិមអេង មើលឃើញបែបនេះ ដោយលោកផ្អែកទៅលើហេតុការណ៍នយោបាយដែលបានកើតឡើងកាលពីឆ្នាំ២០១៧។
លោក យ៉ង់ គិមអេង ប្រាប់ថា៖ «សំខាន់ខ្ញុំនៅតែទទួលស្គាល់ថា សេរីភាពនោះ មានការរួមតូចជាងមុន។ វាមិនអាចមានកម្រិតស្មើមុនពេលដែលរំលាយបក្សប្រឆាំង ឬក៏ពីមុនឆ្នាំ២០១៦ ឬក៏ដើមឆ្នាំ២០១៧ យើងឃើញថា សេរីភាពមាននៅច្រើន ក៏ប៉ុន្តែ ក្រោយមក សេរីភាពហ្នឹងមានការថយចុះដែរ»។
បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ការធ្លាក់ចុះនៃកម្រិតសេរីភាពនៅក្នុងប្រទេសមួយ ប៉ះពាល់សំខាន់ទៅលើទំនាក់ទំនងរវាងប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា និងរដ្ឋាភិបាល ដែលនឹងត្រូវឆ្លើយតប ឬដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋ។
លោក គិមអេង បញ្ជាក់បន្ថែមថា៖ «អញ្ចឹង ប្រសិនបើលំហសេរីភាពនេះទូលំទូលាយ គឺរដ្ឋាភិបាលអាចទទួលបានព័ត៌មានពិត ហើយព័ត៌មានពិតហ្នឹង គឺមានផលប្រយោជន៍សម្រាប់រដ្ឋាភិបាល ក្នុងការធ្វើការដោះស្រាយបញ្ហាប្រជាពលរដ្ឋហ្នឹង ឲ្យចំតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ការធ្វើគោលនយោបាយផ្សេងៗដើម្បីឆ្លើយតបនឹងប្រជាពលរដ្ឋហ្នឹង»។
ការធ្លាក់ចុះនៃកម្រិតសេរីភាពបញ្ចេញមតិ ត្រូវបាននាយកប្រតិបត្តិសម្ព័ន្ធគណនេ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា បានកើតឡើងចាប់តាំងពីឆ្នាំ២០១៤មកម៉្លេះ បន្ទាប់ពីការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលទៅលើការតវ៉ារបស់ក្រុមកម្មករ។
លោក សន ជ័យ ប្រាប់ថា៖ «យើងសង្កេតឃើញថា សេរីភាពនៃការបញ្ចេញមតិក្ដីហ្នឹង វាមានការធ្លាក់ចុះ ក្រោយពេលមានការបង្ក្រាបនៅក្នុងការតវ៉ាតាំងពីដើមឆ្នាំ២០១៤មក ហើយពេលនោះហើយដែលសកម្មភាពតវ៉ា ឬក៏ការសម្ដែងមតិមួយចំនួនដើម្បីទាមទារនូវការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋហ្នឹង ត្រូវបានរារាំង។ យើងមើលទៅដូចជាការតស៊ូមតិរឿងបញ្ហាដីធ្លី រឿងសិទ្ធិកម្មករអីជាដើមហ្នឹង តាំងពីមានច្បាប់សហជីពមក ហើយនិងច្បាប់ស្ដីពីសមាគមអង្គការមិនមែនរដ្ឋាភិបាល។ អញ្ចឹងហើយ នេះគឺជាទម្រង់នៃការរួមតូចនៃសេរីភាពសម្ដែងមតិរបស់មនុស្សនៅក្នុងទម្រង់ជាក្រុម»។
ក្រៅពីមើលឃើញការរួមតូចនៃលំហសេរីភាពនៅក្នុងប្រទេសកម្ពុជាហើយនោះ មន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ឃើញថា ស្ថានភាពសេរីភាពនៅក្នុងប្រទេសកម្ពុជា អាចកែលម្អឡើងវិញ តាមរយៈការបើកឲ្យមានឡើងវិញនូវការសម្ដែងមតិរបស់ប្រជាពលរដ្ឋ និងដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក សុធារ៉ា ប្រាប់ថា៖ «សេរីភាពទាំងអស់នេះ យើង reinstate[ស្ដារឡើងវិញ] យើងវិលទៅស្ថានភាពមុន ឬក៏ប្រសើរជាងមុនទៅ ដូចជា អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហ្នឹង គាត់បើកដំណើរការតាមវិជ្ជាជីវៈ ទៅតាមក្របខណ្ឌការងាររបស់គាត់វិញទៅ […] ក្នុងប្រទេសប្រជាធិបតេយ្យ យើងអាចហៅថា ប្រជាធិបតេយ្យបាន ទាល់តែអំណាចសារព័ត៌មាន ឬក៏ថា សារព័ត៌មានហ្នឹង ត្រូវមានតុល្យភាពគ្នា ត្រូវមានទាំងសងខាង មានទាំងអ្នកដែលនិយាយរិះគន់ មានទាំងអ្នកនិយាយសរសើរ វាមានទាំងអ្នកឯករាជ្យនិយាយរិះគន់ផងសរសើរផង»។
ប្រទេសកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិមើលឃើញថា កំពុងធ្វើដំណើរឃ្លាតចាកពីគន្លងលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ទៅតាមបណ្ដឹងក្រសួងមហាផ្ទៃ ហើយអាសនៈជាប់ឆ្នោតរបស់បក្សនេះ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សនយោបាយផ្សេង ដែលមិនទទួលបានអាសនៈនៅក្នុងការបោះឆ្នោតកន្លងមក។
ជាងនេះទៅទៀត មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងពន្ធនាគាររហូតមកដល់បច្ចុប្បន្ននេះ ចាប់តាំងពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញាឆ្នាំមុន ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ក្រៅពីចំណាត់ការទៅលើបក្សប្រឆាំង អង្គការដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីងតោនមួយនេះ បាននិយាយក្នុងរបាយការណ៍នោះទៀតថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា បានរងផលប៉ះពាល់ បន្ទាប់ពីអាជ្ញាធរប្រទេសនេះ បានបិទកាសែតឯករាជ្យ ខេមបូឌា ដេលី ការជំរុញឲ្យស្ថានីយ៍វិទ្យុជាច្រើន បិទការផ្សាយ និងការប្រកាសរបស់រដ្ឋាភិបាលថា ការចែករំលែកមតិរិះគន់នៅលើបណ្ដាញសង្គម គឺជា«បទល្មើស»នោះ។
ទោះជាយ៉ាងណា កម្ពុជាស្ថិតក្នុងចំណោមប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី ដូចជា ថៃ ភូមា វៀតណាម និងឡាវ និងប្រទេសជាច្រើននៅតំបន់អាហ្វ្រិក ដែលអង្គការ Freedom House ចាត់ថ្នាក់ជាប្រទេស «មិនមានសេរីភាព»៕