បទយកការណ៍៖ ជនពិការថា ពួកគេនៅតែមានការរើសអើងក្នុងការទទួលបានការងារធ្វើ

បើទោះបីជាក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការមិនឲ្យមានការរើសអើងជនពិការយ៉ាងណាក៏ដោយ ប៉ុន្តែជនពិការមួយចំនួននៅតែត្អូញត្អែពីផលលំបាក និងការរើសអើង ពេលដែលពួកគេទៅរកការងារធ្វើតាមស្ថាប័នរដ្ឋ និងឯកជនមួយចំនួន។

កំពុងអង្គុយអ៊ុតខោអាវឲ្យភ្ញៀវក្នុងហាងបោកសម្លៀកបំពាក់តូចមួយនៅសង្កាត់បឹងទំពុន ក្នុង​ខណ្ឌមានជ័យ ជនពិការស្វិតជើងទាំង​សងខាងកញ្ញា ពៅ ធាវី រៀបរាប់ថា កាលពីពេលថ្មីៗនេះ នាងបានដាក់ពាក្យសុំការងារធ្វើនៅរោងចក្រមួយម្តុំផ្សារជម្ពូវ័ន្ត។ ស្ត្រី​​រូប​នេះ រៀបរាប់​ថា ដំបូងឡើយពេលដែលភាគីរោងចក្រមិនឃើញពីរូបរាងពិត គឺខាងរោងចក្របានហៅឲ្យទៅធ្វើការ ប៉ុន្តែ ដល់ថ្ងៃចូលធ្វើការបែរជាខាងរោងចក្រមិនទទួលយកទេ ដោយលើកហេតុផលថា ក្រុមហ៊ុនរើសបានបុគ្គលិកគ្រប់ចំនួនហើយ។

កញ្ញាបន្ថែមថា៖ «មានអារម្មណ៍ថា មើលទៅគេរើសអើងអ្នកពិការមែនទែន ហើយបើប៉ះចំពិការខ្សោយសតិបញ្ញាទៀត ចប់ហើយ គេ​លែងយកតែម្តង។ ខ្ញុំឧស្សារហ៍សំណូមពរ​ទៅលើ[ក្រសួងសង្គមកិច្ច]ដែរថា ធ្វើម៉េចជួយជំរុញឲ្យគ្រប់ក្រុមហ៊ុនហ្នឹង ជនពិការម៉េចឲ្យ​បានម្នាក់ ឬពីរនាក់នៅក្នុងហ្នឹងដែរ ប៉ុន្តែ អត់ហ្មង រោងចក្រហ្នឹងអត់យកហ្មង ដល់ពេលអញ្ចឹងទៅ មានអារម្មណ៍ស្មុគស្មាញ ពេលគេរើសអើងជនពិការអញ្ចឹង។ បើផ្តល់ឱកាស ខ្ញុំមានសមត្ថភាពធ្វើ»។

ក្នុងវ័យ ៣៣ឆ្នាំ ជាសិស្សរៀនបានត្រឹមថ្នាក់ទី១២ កញ្ញា ពៅ ធាវី កំពុងបម្រើ​ការងារក្នុងហាងបោកអ៊ុតសម្លៀកបំពាក់មួយរបស់ អង្គការយុវជនកម្ពុជា និងអភិវឌ្ឍន៍។ នាងនិយាយថា ប្រសិនបើអង្គការ​នេះ​ពុំ​ជួយស្វែងរក​ការងារឲ្យធ្វើទេ នាងប្រហែល​មិនអាចមានឱកាសទទួលបានការងារធ្វើដូចសព្វថ្ងៃនេះទេ។

កញ្ញាបន្ថែមថា៖ «និយាយទៅ បន្ទាប់ពី​រោងចក្រ​គេអត់យក ខ្ញុំឲ្យអង្គការគេជួយរកការងារឲ្យខ្ញុំធ្វើ។ ឥលូវខ្ញុំធ្វើការកន្លែងបោកគក់។ ខ្ញុំមក​តាមរយៈឡាវីឡា។ ខ្ញុំមិនដែលទៅរក​ការងាររដ្ឋធ្វើផង ព្រោះខ្ញុំមិនដឹងទៅដាក់នៅកន្លែងណា»។

នៅ​ឯ​ម្ដុំ​ផ្សារ​ពោធិ៍​ចិន​តុង​ឯណោះ​វិញ កំពុង​តែ​អង្គុយ​លក់​ចាបហួយ​ក្នុង​ហាង​តូច​មួយ កញ្ញា ស៊្រុន ប៊ុនហេង បាន​ប្រាប់​ថា នាង​បាន​សម្រេច​ចិត្ត​ប្រកប​របរ​រក​ស៊ី​ខ្លួន​ឯង បន្ទាប់​ពី​នាង​បរាជ័យ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​នានា ដោយ​ថា នាង​ត្រូវ​បាន​គេ​បដិសេធ​ដោយ​សារ​តែ​ពិការ​រភាព។

ស្ថិត​ក្នុង​វ័យ ២៧​ឆ្នាំ និង​បាត់​បង់​ដៃ​ខាង​ស្ដាំ​នៅ​ក្នុង​ឡ​ឥដ្ឋ​កាល​ពី​កុមារភាព​នោះ នារី​រូបនេះ បាន​ឲ្យដឹង​ថា ដោយសារតែរៀនបានតិចតួច នាងបានទៅរកការងារធ្វើនៅតាមក្រុមហ៊ុន​កាត់ដេរសម្លៀក​បំពាក់មួយចំនួន ប៉ុន្តែ មិនត្រូវបានក្រុមហ៊ុនទាំងនោះទទួលយកឲ្យបម្រើ​ការងារនោះទេ ដោយសារគេឃើញនាងពិការដៃ។

កញ្ញាបន្ថែមថា៖ «ខ្ញុំខ្វះលុយ ខ្ញុំក៏ចូលទៅក្រុមហ៊ុនធ្វើការរោងចក្រ។ កាលណោះ ពេលចូល អ្នកធម្មតាគេឲ្យចូល ចំណែកខ្ញុំ ថៅកែចិន គេថា គេអត់យកទេ ហើយគេឲ្យខ្ញុំចេញវិញ ខ្ញុំក៏ចេញវិញ។ កាលណោះ ខ្ញុំគិតថា ខ្ញុំអត់ធ្វើការក៏បានដែរ បើគេមិនឲ្យចូល។ គេរើសអើង បើគេគិតថា ខ្ញុំ​គ្មានសមត្ថភាពដេរឲ្យគេបាន»។

ទោះបី​បាត់​បង់​ដៃ​ខាង​ស្ដាំ​ដល់​ស្មា ប៉ុន្តែ កញ្ញា ប៊ុន​ហេង អះអាង​ថា កញ្ញាអាច​បំពេញការងារទាំងនោះ ប៉ុន្តែ ក្រុម​ហ៊ុន​ឯកជន​នានា មិនបានផ្តល់ឱកាសឲ្យនាងនោះ​ឡើយ។

មន្រ្តីសម្របសម្រួល និងស្វែងការងារឲ្យជនពិការ នៃអង្គការយុវជនកម្ពុជា និងអភិវឌ្ឍន៍ លោក ធី លាងហួរ អះ​អាង​ថា បើទោះបីជាក្នុងច្បាប់ហាម​ឃាត់​មិនឲ្យមានការរើសអើងជន​ពិការក្នុងទទួលបានការងារធ្វើក៏ដោយ ប៉ុន្តែ លោកថា ជាបទពិសោធន៍ក្នុងការជួយរកការងារឲ្យជនពិការធ្វើកន្លងមកនេះ គឺ​ស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ក៏នៅតែមានការរើសអើង​ជនពិការដោយសារ​ស្ថាប័នទាំងនោះ មិនយល់ដឹងពីសិទ្ធិ និងច្បាប់​គាំពារ​ជនពិការ។

លោកបន្ថែមថា៖ «រើសអើងភាគច្រើនដែរ ព្រោះការងារគេយកសម្រាប់តែមនុស្សល្អ។ ជា​ជនពិការ ជួនណា យើងត្រូវអង្វរគេ និយាយ​ប្រាប់គេថា ពួកគាត់អាចធ្វើបានកម្រិត​នេះៗ បងឯងជួយគាត់ផងទៅ។ ជួនគេអាណិត គេយក ជួនណាគេមិនអាណិត គេមិនយក ព្រោះអីអ្នករៀនដល់បរិញ្ញាបត្រប្រឡង​អត់ជាប់ផង ចុះទំរាំគាត់រៀនបានត្រឹមថ្នាក់ទី១២ ឬវគ្គខ្លីៗអីហ្នឹង ហើយសង្គមសម័យ ឥលូវវាលំបាកដែរ»។

នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា ក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ គឺតម្រូវឲ្យស្ថាប័នរដ្ឋទទួលយកជនពិការចូលបំរើការងារ ២ភាគរយ និងឯកជន ១ភាគរយ នៃចំនួនបុគ្គលិកក្នុងស្ថាប័ននោះ។

លោកបន្តថា បច្ចុប្បន្នមានជនពិការជា​ច្រើនចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន បើប្រៀបធៀបទៅនឹងមុនៗ ប៉ុន្តែ លោក​ថា នៅតែ​មានស្ថាប័ន​រដ្ឋ​ និងឯកចំនួន កំពុងរើសអើងមិនព្រមទទួលយកជនពិការចូលបម្រើ​ការងារដែរ។ លោកថា តាមគោលការណ៍​ច្បាប់ ប្រសិនបើស្ថាប័នទាំងឡាយមិនព្រមទទួលយកជនពិការ​ចូលបម្រើការងារទេ គឺត្រូវផាកពិន័យ ឬ​អាចប្រឈមមុខនឹងផ្លូវច្បាប់។

លោកបន្ថែមថា៖ «បើតាមគោលការណ៍ស៊ីស្តឹម ក្រុមហ៊ុននោះដែលបុគ្គលិកចាប់ពី ៥០នាក់ឡើងទៅ គាត់មិនបានជួលបងប្អូនជន ពិការ​ឲ្យធ្វើការងារ គឺគាត់ត្រូវទទួលពិន័យ ១% ដែលត្រូវបង់ឲ្យមូលនិធិជនពិការ ដើម្បីជួយដល់បងប្អូនជនពិការ។ អញ្ចឹងទី១គាត់ អាចប្រឈមនឹងការផាកពិន័យ។ ទី២ គាត់អាចប្រឈមមុខនឹងផ្លូវច្បាប់»។

ជនពិការ និងអ្នកធ្វើការងារលើកកម្ពស់វិស័យពិការភាព បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជំំរុញទៅស្ថាប័នពាក់ព័ន្ធ ឲ្យ​ទទួល​យក​ជន​ពិការ​ ឲ្យ​ស្របតាមច្បាប់កំណត់ និងផាកពិន័យស្ថាប័នទាំងឡាយណាដែលមិនព្រមទទួលយកជនពិការចូលបម្រើការងារ។

វិអូឌីមិនអាចសុំការឆ្លើយតបពីមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំវិញបញ្ហានេះ។ ប៉ុន្តែ​ កាលពីចុងឆ្នាំ ២០១៧ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា មានប្រសាសន៍ថា ក្រុមអធិការកិច្ចវិស័យពិការភាព នឹងជំរុញទៅស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ឲ្យ​អនុវត្តគោលការណ៍ទទួលយកជនពិការ ចូលបម្រើការងារស្របតាមច្បាប់ជាតិ-អន្តរជាតិកំណត់។

របាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ ឲ្យដឹងថា ជនពិការមានប្រហែល ៤%នៃចំនួនប្រជាជនសរុប ឬ​ប្រហែល ៥២៤ ០០០នាក់ ប៉ុន្តែ បើអង្គការសង្គមវិល​លើក​ឡើង​ថា ចំនួន​ជន​ពិការ​​អាចច្រើនជាងនេះ។

របាយការណ៍របស់ក្រសួងដដែលឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ ជនពិការចូលបម្រើការងារនៅក្នុងក្រសួង និងស្ថាប័នរដ្ឋមានចំនួន២៥៧៦នាក់ គិតជាភាគរយស្មើនឹង ១.៧២% ហើយ​ជនពិការបម្រើការងារក្នុងវិស័យឯកជនចំនួន ១៩ស្ថាប័នមានជនពិការចំនួន២១២៤នាក់។ ជារួម ជនពិការចូលបម្រើការងារទាំងវិស័យរដ្ឋ និងឯកជន គឺមានចំនួន ៤៧០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ