របាយការណ៍៖ ឆ្នាំ​២០១៧ជា​ឆ្នាំ​ដែល​សេរីភាពប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវបាន​ដួល​រលំ

សេរីភាពប្រព័ន្ធ​ផ្សព្វផ្សាយ​ (ប្រភព៖ World Press Freedom)

របាយការណ៍​របស់​អង្គការ​ដែល​ធ្វើ​ការ​លើ​កកម្ពស់​សេរីភាព​នៃ​សារព័ត៌មាន​​នៅ​កម្ពុជា​លើក​ឡើង​ថា ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដួលរលំ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៧ នៅពេល​ដែល​ស្ថានីយ៍​វិទ្យុ​ និងកា​សែត​​ឯក​រាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឲ្យ​ឈប់​ផ្សាយ​ និង​បិទទ្វារ ហើយការគំរាមកំហែងនៅតែបន្តកើតមាន។​

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​២១ កុម្ភៈ មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យហៅ​កាត់​ថា​ CCIM បាន​ស្ទង់​មតិ​លើ​អ្នក​ធ្វើ​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​៧៥នាក់ ដែល​ធ្វើ​ការ​នៅកម្ពុជា ចាប់ពី​ចុង​ឆ្នាំ​២០១៧មក​។ ក្នុង​របាយការណ៍​នោះ​អ្នក​សារព័ត៌មាន​៨៣​ភាគ​រយ​លើកឡើង​ថា សេរីភាព​សារព័ត៌មាន​​បាន​ធ្លាក់​ចុះ  ចំណែក​​១១ភាគរ​យទៀតថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើរ​តាម​ផ្លូវ​ត្រូវ​។​

ក្នុង​របាយការណ៍​នោះ​ក៏​បាន​រក​ឃើញ​ថា​អ្នក​សារព័ត៌មាន​៦៧​ភាគ​រយ​មាន​អារម្មណ៍​ថា​ពួកគេគ្មាន​​សេរីភាពពេញ​លេញ​ក្នុង​ការ​រាយការណ៍ដោយសេរី​នោះ​ទេ។

CCIM បាន​លើក​ឡើង​ថា​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន​៣២ ដែល​ផ្សាយ​ព័ត៌មាន​បក្សប្រឆាំង​ ព័ត៌មាន​ដែល​ផ្តល់​មូល​និធិ​ដោយ​សហ​រដ្ឋ​អាមេរិក​ ឬ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យ​ និង​ការប្រើ​ប្រាស់​ការ​​ស៊ើបអង្កេត​លើ​ការ​បង់​ពន្ធ​ហើយ​បានបិទ​សារព័ត៌មាន​នោះដោយ​រដ្ឋាភិបាល​ រួម​ទាំង​គំរាម​កំហែង​ និងចាប់​អ្នក​កាសែត​ ពី​បទ​ញុះ​ញង់​ និង​ការ​ផ្តល់​ជូន​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​បង្ក​ភាពអន្តរាយ​ដល់សន្តិសុខ​ជាតិ ជា​ដើម​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​វាយ​តម្លៃពី​សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ​បែប​នេះ។

មុន​ឆ្នាំ​២០១៧​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជាប្រទេស​មួយ​ដែល​បាន​សេរីភាព​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

CCIM បាន​ឲ្យ​អនុសាសន៍ថា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល ត្រូវ​មាន​ការ​គាំទ្រ​ដែល​ចាំ​បាច់​ដល់​អ្នក​សារព័ត៌មាន ជា​ពិសេស​ផ្តល់​ការ​គាំ​ទ្រ​ផ្នែកសុខភាព សុវត្ថិភាព និង​ប្រព័ន្ធ​ឌី​ជីផល ខណៈ​រដ្ឋាភិបាល​គួរ​បន្ថយ​សម្ពាធ​ដល់​​អ្នក​កាសែត ពន្លឿន​​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​គួរ​តែ​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​ពី​នយោបាយ​ក្នុង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ដល់​ស្ថាប័ន​ព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ