ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ខេត្តមួយចំនួននៃប្រទសកម្ពុជា អាចនឹងមានភ្លៀងកក់ខែធ្លាក់បន្តទៀត បើទោះជាព្យុះសាន់បា បានថមថយឥទ្ធិពលរបស់ខ្លួននៅក្នុងសប្តាហ៍នេះក៏ដោយ។
ក្នុងសេចក្តីជូនដំណឹងកាលពីម្សិលមិញ ក្រសួងធនធានទឹក ឲ្យដឹងថា មកដល់ពេលនេះព្យុះសាន់បាបានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្តែ ខ្យល់សមុទ្រដែលបក់មកពីទិសខាងកើត និងកម្រិតសម្ពាធទាបខ្សោយដែលកំពុងបង្កើនឥទ្ធិពល នឹងបង្កជាភ្លៀងកក់ខែពីមធ្យមទៅច្រើននៅថ្ងៃទី២២និង២៣ កុម្ភៈនេះ។
ក្រសួងបានបន្ថែមថា ខេត្តក្រុងដែលអាចទទួលរងភ្លៀងកក់ខែមានដូចជា ភ្នំពេញ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន សៀមរាប កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង និងបណ្តាខេត្តតាមមាត់សមុទ្រ៕