ឥណ្ឌាផ្តល់ថវិកា៥ម៉ឺនដុល្លារដល់សាលាក្តីខ្មែរក្រហម

រដ្ឋាភិបាលឥណ្ឌាបានផ្តល់ថវិកាវិភាគទានដល់សាលាក្តីខ្មែរក្រហម៥ម៉ឺនដុល្លារអាមេរិក ដើម្បី​ឲ្យស្ថាប័ននេះបន្តកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ក្នុង​ឆ្នាំ២០១៨នេះ។

ក្នុង​សេចក្តីប្រកាសព័ត៌មានអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែកុម្ភៈនេះ ឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌា​សម្រេចផ្តល់​ថវិកាវិភាគទាន៥ម៉ឺនដុល្លារ​ដល់ភាគីជាតិ ដោយថា ដើម្បីឲ្យតុលាការកូនកាត់មួយនេះ បន្តកាត់ទោស​អតីតមេដឹកនាំក្នុងសម័យខ្មែរក្រហម​។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ចាប់ពីតុលាការកូនកាត់នេះដំណើរការឆ្នាំ២០០៦ ដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាបានផ្តល់វិភាគទានជាទឹកប្រាក់​ដល់​សាលាក្តីសរុប​ជាង​១លាន១សែន​ដុល្លា​អាមេរិក​​ (១ ១០០ ០០០ ដុល្លារអាមេរិក)។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្ត្រា បានប្រាប់VODបន្ថែមថា ថវិកាដែលទទួលបានពីម្ចាស់ជំនួយជាតិនិងអន្តរជាតិ ជាពិសេស​រដ្ឋាភិបាល​ឥណ្ឌាដែល​ផ្តល់មក​សាលាក្តីសម្រាប់​ដំណើរការ​ក្នុងឆ្នាំ២០១៨នេះ លោកថាតុលាការនឹងយកទៅចំណាយ​លើ​ការ​បកប្រែ ដំណើរការអង្គជំនុំជ​ម្រះ ផ្នែកធនធានមនុស្ស និងកិច្ចការសាធារណៈជាដើម​។

លោក ភក្ត្រា បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ សាលាក្តីខ្មែរក្រហម គ្រោងចំណាយ​ជាង២៤លានដុល្លារ សម្រាប់ដំណើរការតុលាការ​បន្តទៅមុខទៀត​។

របាយការណ៍​ចំណាយ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ដឹង​ថា សាលាក្ដី​នេះ បាន​ចំណាយ​ថវិកា​ដល់​ទៅ​ ២៩៣​លាន​ដុល្លារហើយ ​ចាប់​តាំង​ពី​កើត​សាលា​ក្ដី​នេះ​នៅឆ្នាំ២០០៦​ដល់ឆ្នាំ២០១៦​កន្លង​មក​នេះ។ ថវិកា​ទាំងនោះ ទទួលបានជំនួយពីបណ្តាប្រទេសជិត ៤០ ដោយក្នុង​នោះ​ប្រទេសជប៉ុនឈលំដាប់ទី១ ​​អាមេរិកលេខ ២ និងសហភាព​អឺរ៉ុបលំដាប់លេខ៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ