ការប្រកួតជម្រុះជើងឯកក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement កាលពីថ្ងៃទី ៣ មីនា កីឡាករវ័យក្មេង និងមិនសូវមានប្រវត្តិឡើងប្រកួតលើរេញទៀតហើយទទួលបានជ័យជម្នះ ក្នុងការដណ្ដើមបានកៅអីសម្រាប់បន្តទៅវគ្គ១៦នាក់គួរអោយភ្ញាក់ផ្អើល ដោយកីឡាករជើងថ្មី លន បញ្ញា វាយបំបាក់កីឡាករជើងចាស់ដែលគេស្គាល់ជាយូរមកហើយ គឺ ឈាន រស្មី អោយធ្លាក់ហាលអាវអោយបោះបង់ការប្រកួតតែម្ដង។
នេះជាការប្រកួតទម្លាក់គូប្រកួតដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ ហើយកីឡាករថ្មីជាអ្នកផ្ដួលជើងចាស់ទៀតហើយ ខណៈដែលលទ្ធផលនេះ ក៏ត្រូវគេឃើញអ្នករៀបការប្រកួតរិះគន់កីឡាករដែលមានបទពិសោធន៍យូរឆ្នាំ និងថានេះជាស្ថានភាពអាក្រក់មួយ ដែលពិបាកធ្វើអោយកីឡាករកម្ពុជាល្បីឈ្មោះឈរជើងបានយូរនៅលើសង្វៀន។
លោក សេង កដិកា អ្នករៀបចំកម្មវិធីបានហៅលទ្ធផលដែលបានស្ដែងឡើងថា ជាការប្រឹងប្រែងរបស់កីឡាករជើងថ្មី ប៉ុន្តែលោកក៏បានទទួលស្គាល់ថានោះជាលទ្ធផលដែលបណ្ដាលមកពីកីឡាករជើងចាស់ដែលបន្តធ្លាក់ហាលអាវបណ្ដាក់គ្នានោះ ប្រកួតលែងកើត។ លោកថាជារឿងសោកស្ដាយដែលកីឡាករនៅក្នុងប្រទេសកម្ពុជាកាន់តែបានល្បីឈ្មោះ កាន់តែធ្លាក់ទឹកដៃដែលកត្តាទាំងនោះមិនមែនសុទ្ធតែបញ្ហាតម្លៃខ្លួន ហូបចុកមិនគ្រប់នោះទេ ប៉ុន្តែដោយសារតែកីឡាករភាគច្រើនមើលស្រាលការប្រកួត ហើយខ្វះការហ្វឹកហាត់តែម្ដង។
លោកថាកីឡាករច្រើនណាស់ដែលបាត់មុខយូរគឺអោយតែឡើងប្រកួតឡើងវិញ មិនមានលទ្ធផលវិជ្ជមាន ដែលបញ្ហានោះគឺកត្តាកីឡាករកម្ពុជាមិនសូវមានចំណូលចិត្ត និងខ្វះការតាំងចិត្តច្រើនជាង។ លោកនិយាយថា«កីឡាកររាល់ថ្ងៃកុំថារឿងតម្លៃខ្លួនចាញ់ប្រទេសជិតខាងបានប្រកួតល្អមិនសូវបានយូរ ការពិតកីឡាករដែលល្អគេនៅតែល្អចឹង ប៉ុន្តែសំខាន់គឺបណ្ដាលមកពីអ្នកធ្លាក់ដៃទាំងហ្នឹង មិនមែនអ្នកយកប្រដាល់ធ្វើអាជីពទេ ទាល់តែចង់បានលុយពីប្រដាល់ទើបហាត់ហើយសុំឡើងរេញ!»។
លោកថាខ្លួននៅតែចង់ផ្ដល់ឱកាសអោយកីឡាករចាស់ៗបាត់មុខ និងចង់ប្រដាល់ ទើបដាក់ ឈាន រស្មី ឡើងរេញដើម្បីធ្វើការប្រកួតជម្រុះ ប៉ុន្តែលទ្ធផលចុងក្រោយមិនមែន ធ្វើអោយកីឡាករជើងថ្មី លន បញ្ញា រងការអាម៉ាស់នោះទេ ប៉ុន្តែកីឡាករបង្គោលក្រហមដែលមិនធ្លាប់ស្គាល់សង្វៀនអន្តរជាតិជាមួយបរទេស និងមិនសូវមានបទពិសោធន៍ប្រកួតច្រើនក្លាយជាអ្នកឈ្នះ។
លោកថាលទ្ធផលដែលបានស្ដែងឡើង គឺបណ្ដាលមកពី ឈាន រស្មី មើលស្រាលការប្រកួតហើយខ្វះការហ្វឹកហាត់ ហើយកីឡាករ លន បញ្ញា ហ្វឹកហាត់បានល្អ និងមើលទៅប្រកួតពេញកម្លាំង។ លោកអះអាងបែបនេះ បន្ទាប់ពីបានទស្សនាការប្រកួតរហូតដល់រកឃើញលទ្ធផល ហើយថាកីឡាករបង្គោលខៀវដែលបោះបង់ការប្រកួតនៅត្រឹមទឹកទី២ គឺដោយសារតែខ្សោយទាំងកម្លាំងស៊ុហ្វ និងខ្វះទាំំងការតស៊ូ នៅពេលគូប្រកួតជាកីឡាករវ័យក្មេងសម្រុកខ្លាំង។
លោកថាការប្រកួតមួយគូរនេះ លោកពេញចិត្តតែសមត្ថភាពរបស់អ្នកឈ្នះប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈាន រស្មី ដែលរាប់២លើកមុនបោះបង់ការប្រកួត គឺប្រកួតមិនកើតតែម្ដង ដែលអាចថាមកពីគេមិនចង់ប្រថុយគ្រោះថ្នាក់ជាមួយកីឡាករថ្មីដែលស្រេកឃ្លានជ័យជម្នះ អោយខានតែបាន ឬមិនមានសមត្ថភាពក្រោយការបាត់មុខមួយរយៈតែម្ដង។
លោកថាកីឡាករប្រដាល់នៅក្នុងប្រទេសកម្ពុជា បើទោះជាបានដំឡើងតម្លៃខ្លួនរហូតដល់កម្រិតណាបន្ថែមទៀតក៏ដោយ ក៏អ្នកមិនចង់បន្តអាជីពមួយនេះ នៅតែបណ្ដែតបណ្ដោយខ្លួនអោយធ្លាក់សមត្ថភាព ព្រោះតែហេតុផលផ្សេង ជាក់ស្ដែងអ្នកនៅប្រកួតក៏ច្រើនប្រហែលដោយការផឹកស៊ី និងភាគច្រើនទាល់តែដល់ថ្ងៃប្រកួតទើបហាត់ពីរបីម៉ោង។ លោកសរសើរថាមានតែកីឡាករទើបឡើងថ្មីៗប៉ុណ្ណោះ ដែលប្រឹងប្រកួតបានល្អ ដើម្បីល្បីឈ្មោះ ប៉ុន្តែបើមានទីផ្សារបានបន្តិច គឺមិនខុសគ្នានោះទេ។
កីឡាករឈាន រស្មី ដែលបានសម្រេចចិត្តបោះបង់ការប្រកួត បានសារភាពថាលោកពិតជាខ្វះការហ្វឹកហាត់ដិតដល់នៅមុនពេលប្រកួតប្រាកដមែន ដោយសារតែលោកជាប់រវល់នឹងការងាររកលុយ ហើយមិនអាចឈប់បាន។ លោកថាខ្លួនបន្តការប្រកួតព្រោះតែស្ដាយឱកាសរកលុយ និងនៅស្រឡាញ់តិចៗប៉ុណ្ណោះ ហើយបណ្ដាលមកពីលោកកត់សម្កាល់ឃើញថាកីឡាករ លន បញ្ញា មានថ្វីដៃល្អ និងពិបាកវាយទប់ ទើបបោះបង់ការប្រកួតតែម្ដង ក្រោយត្រូវរាប់២ដង៕