យុវជន​ចង់លើកស្ទួយកុំឲ្យមាន​អំពើ​​ពុក​រលួយ​ ខណៈ​កម្ពុជាត្រូវបានចាត់ថ្នាក់​មិន​ល្អ​លើ​បញ្ហា​នេះ

យុវជនកម្ពុជាមួយក្រុម បាន​ចាប់​អារម្មណ៍​ក្នុងការលើកស្ទួយ​សុច្ចរិតភាព​ និង​លុបបំបាត់អំពើ​ពុក​រលួយ​ ខណៈ​កម្ពុជាត្រូវ​បាន​សង្គម​ស៊ីវិលធ្វើការលើផ្នែកនេះ ចាត់​​ថ្នាក់ថាជា​​ប្រទេស​ដែលមាន​កម្រិត​អំពើពុករលួយ​ខ្ពស់​ជាច្រើន​ឆ្នាំ​ជាប់​គ្នា។

​នៅ​ព្រឹកថ្ងៃ​ទី​៤ មីនានេះ យុវជនមួយក្រុមដែលមានគ្នាជាង ​១០០នាក់ បាន​នាំគ្នា​ចូល​រួម​ជិះ​កង់​ដើម្បី​សុច្ចរិតភាព​ដែល​រៀប​ចំ​ដោយ​អង្គការតម្លាភាពកម្ពុជា ដោយពួកគេបានជិៈកង់ ចេញពី​​​បុរីពិភព​ថ្មី ខណ្ឌ​ទួល​គោក ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ភ្នំរាប​ ដែល​មាន​ចម្ងាយ​ជាង ២០​គី​ឡូម៉ែត្រ​ ដើម្បី​ចូល​រួមផ្សព្វផ្សាយ និង​លើក​កំពស់​ការ​យល់​ដឹង​ពី​សុច្ចរិតភាព​​ និង តម្លា​ភាព នៅ​កម្ពុជា​។

និស្សិត​ផ្នែកគ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៃសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក ពិសិដ្ឋ ជឿន បាន​ឲ្យ​​ដឹង​ថា ការ​ចូល​​រួម​​ជិះ​កង់​នេះ ​ជា​ឱកាស​មួយ​ដែលយុវជន និង​សាធារណៈ​ជន​កម្ពុជាអាច​ចូល​រួម​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញពីការ​លើក​ស្ទួយ​ឲ្យ​មាន​​តម្លាភាពនៅ​កម្ពុជា។

យុវជនពិសិដ្ឋ ជឿនបានលើកឡើងថា៖ « តាមការយល់ឃើញរបស់ខ្ញុំគិតថាតម្លាភាពនៅក្នុងសង្គមខ្មែររបស់យើងគឺធ្លាក់ចុះមែនទែន គឺមិនអាចទទួលយកបានសំរាប់ប្អូន។ ទោះបីប្អូនមិនដែលជួរឿងផ្ទាល់ដែលធំដុំសម្រាប់ប្អូន ក៏ប្អូនជួបរឿងផ្សេងទៀតដែលប្អូនគិតថាវាមិនមានតម្លាភាពសម្រាប់ប្អូន វាមិនសមរម្យសម្រាប់ប្អូន»

អ្នកចូលរួមម្នាក់ទៀតដែល​ជា​និសិ្ស​ត​ផ្នែក​អេឡិចត្រូនិច​នៅ​វិទ្យាស្ថាន​ជាតិ​ព្រះ​កុសមៈគឺ យុវជន​ យ៉ាម​ ហាត ថាលោក​ចូល​រួម​នេះ​សកម្មភាពជិៈកង់នេះ ដើម្បី​ចង់​ដឹង​ពី​បញ្ហា​សង្គម​ ក៏​ដូច​ជា​បើក​បង្ហាញ​ឲ្យ​មាន​ការ​ចូល​រួម​​​ ដើម្បី​ឲ្យ​មាន​ភាព​សុច្ចរិត​នៅ​កម្ពុជា។

យុវជនរូបនោះលើកឡើង​ថា៖ « ដើម្បីចង់ដឹងពីបញ្ហាសង្គមចឹងព្រោះមកឃើញបងប្អូនគាត់ចូលរួមបានច្រើន »

យុវជនមួយរូបទៀតដែលជា​សិស្ស​នៃ​សាលាអន្តរជាតិសឹង្ហ​បុរី លោក នេរ៉ា សុនិច ថានេះ​ជា​ការ​ចូល​រួម​លើក​ទី​មួយ ហើយ​យុវជនរូបនោះថា ខ្លួន​ទទួលបាន​អារម្មណ៍​សប្បាយ​ផង​ និងបាន​ហាត់​ប្រាណ​ផង​ ជា​ពិសេសនោះបានស្វែងយល់ និង ចូល​រួមផ្សព្វ​​ផ្សាយពីអំពើពុករលួយ។

មន្ត្រី​ប្រមូល​មូល​និធិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​កញ្ញា សេង សុជា បាន​ឲ្យដឹង​ថា នេះជា​លើក​ទីពីរ​ហើយ​ដែល​អង្គការ​តម្លាភាព​រៀប​ចំ​កម្មវិធីជិះ​កង់​​ ដើម្បីផ្សព្វផ្សាយ និង លើកកម្ពស់ការយល់ដឹងពីសុច្ចរិតភាព និងតម្លាភាពនេះ។

កញ្ញា​ សេង សុជា បន្ត​ថា ​មូល​ហេតុ​ដែល​អង្គការ​តម្លាភាព​នៅ​តែ​បន្ត​សកម្មភាព​ជិះ​កង់​នេះ ព្រោះ​ចង់ឲ្យ​មាន​ការ​ចូល​រួម​ពី​សារធារណជន​ ក៏​ដូច​ជា​អង្គការ​​ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​​ រួម​គ្នា​ធ្វើ​កីឡា​ ជា​ពិសេស​មាន​គោល​ដៅ​ក្នុង​ការ​លើ​ក​កម្ពស់​សុច្ចរិតភាព​​នៅ​ប្រទេស​កម្ពុជា​នេះ។

កញ្ញាលើកឡើងថា៖ «​ គឺដោយសារយើងចង់លើកកំពស់សុច្ចរិតភាពឲ្យបានខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្ពស់ទៅហើយក៏ចង់បញ្ច្រាបពីភាពសុចរិតភាពហ្នឹង ទៅកាន់សង្គមយើងឲ្យកាន់តែបានទូលំទូលាយជាងមុនទៀតទៅអញ្ចឹង។

កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៨កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ បានបង្ហាញពីសន្ទស្សន៍​នៃ​ការ​យល់​ឃើញ ​ពី​អំពើ​ពុក​រលួយ​​ឆ្នាំ​២០១៧ ​ ​ ដោយបង្ហាញថា ប្រទេស​កម្ពុជាទទួល​បាន​ចំណាត់​ថ្នាក់លេខ​ ​១៦១ ក្នុងចំណោម​ប្រទេស​១៨០ ដែល​ត្រួវបាន​អង្គការ​នេះ ​វាយ​តម្លៃ​ថា​មាន​កម្រិត​ពុក​រលួយ​​ខ្ពស់​បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ