កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីគឺ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុមិនអាចក្លាយទៅជាម៉ាកាវទី២ ឬ កន្លែងលេងល្បែងនិងប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗរបស់ប្រជាជនចិននោះទេ។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បញ្ចប់គម្រោងការិយាល័យ និង សណ្ឋាគារ ជីងកាង នៅក្រុងព្រះសីហនុកាលពីដើមសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តនេះកំពុងទទួលបានការវិនិយោគច្រើន នឹងក្លាយទៅជាទីក្រុងពិសេសលេចធ្លោជាងគេ ហើយក្លាយជាគោលដៅរបស់ភ្ញៀវទេសចរចង់ទៅកំសាន្ត។ លោកថា មិនអាចក្លាយទៅជាម៉ាកាវទី២នោះទេ។ នេះបើតាមការចុះផ្សាយរបស់ Khmer Times។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅពេលនេះ បន្ទាប់ពីមានការលើកឡើងថា ខេត្តព្រះសីហនុ នឹងក្លាយទៅជាទីក្រុងល្បែងរបស់ចិនហើយមានបទឧក្រិដ្ឋច្រើនកើតឡើង។
កាលពីចុងខែមករា អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ក៏បានផ្ញើរបាយការណ៍មួយទៅក្រសួងមហាផ្ទៃ ដោយបារម្ភពីបញ្ហាសន្តិសុខដោយកំណើនជនបរទេសច្រើន។ បើតាមរបាយការណ៍នោះ ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត៕