លោក សុខ ឥសាន៖ តុលាការកាត់ក្តីផ្អែកលើអំណាចពលរដ្ឋ

លោក សុខ ឥសាន (រូបពី វិទ្យុអាស៊ីសេរី)

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នតុលាការថា កំពុងតែបំពេញតួនាទីបានត្រឹមត្រូវតំណាងឲ្យផលប្រយោជន៍ពលរដ្ឋ និងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នតុលាការថា កំពុងតែបំពេញតួនាទីបានត្រឹមត្រូវតំណាងឲ្យផលប្រយោជន៍ពលរដ្ឋ និងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។​

ក្នុងកិច្ចពិភាក្សាស្តីពីដំណើរការប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភា កាលពីម្សិលមិញលោក សុខ ឥសានលើកឡើងថា ប្រជាធិបតេយ្យផ្អែកដំណើរការអំណាច បីគឺ នីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងអំណាចតុលាការ។

ពាក់ព័ន្ធដំណើរការតុលាការលោកថា រាល់ការកាត់ក្តីគឺផ្អែកទាំងស្រុងលើអំណាចពលរដ្ឋ។​

លោកលើកឡើងថា៖ «ចៅក្រមកាត់ក្តីមិនមែនផ្អែកលើចិត្តខ្លួនឯងទេគឺត្រូវតែផ្អែកលើអំណាចពលរដ្ឋ ការកាត់សេចក្តីរឿងអីមួយគឺត្រូវតែតាមអំណាចពលរដ្ឋហ្នឹង បញ្ជាគាត់ឲ្យកាត់»

លោកសុខ ឥសានក៏បានរំឭកថា បច្ចុប្បន្នមានស្ថាប័នពីរទៀតដែលជួយធានាពីការអនុវត្ត បានត្រឹមត្រូវរបស់ស្ថាប័នតុលាការគឺ ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។​

មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងការពារចំពោះការចោទ ប្រកាន់ថា តុលាការបច្ចុប្បន្នកំពុងកាត់ក្តីដោយលម្អៀង។

លោកថ្លែងថា៖«កន្លងទៅមានការចោទប្រកាន់ថា តុលាការមានភាពអយុត្តិធម៌ណាស់។ ប៉ុន្តែ ខ្ញុំថា នេះជាការយល់ឃើញថា ជាសិទ្ធិបញ្ចេញមតិក៏ប៉ុន្តែឲ្យតុលាការងាកទៅខាងណា? អ្នកឈ្នះក្តីថា តុលាការល្អណាស់ ឯកភាពហើយតុលាការយុត្តិធម៌ណាស់ ក៏ប៉ុន្តែអ្នកចាញ់ក្តីថា តុលាការ អយុត្តិធម៌ណាស់។ តើឲ្យងាកទៅខាងណា? ខ្ញុំយល់ថា បើយកសម្តេចសង្ឃមកធ្វើ ជាប្រធាន តុលាការក៏នៅតែដូចគ្នាចឹងដែរ។ អ្នកចាញ់ថា សម្តេចសង្ឃអយុត្តិធម៌ អ្នកឈ្នះថា សម្តេច សង្ឃយុត្តិធម៌។ បញ្ហាសំខាន់គោលការណ៍ច្បាប់»។​

នៅក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត បានថ្លែង ក្តីបារម្ភប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល​កម្ពុជាថា ការបង្កើតច្បាប់និង អនុវតន៍ច្បាប់ថ្មីៗកំពុង ប៉ះពាល់ការរំលោភ សិទ្ធិមនុស្ស៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។