ក្រុមហ៊ុនពាក់ព័ន្ធរឿងផ្ទុះអាវុធនៅក្រចេះចោទថាពលរដ្ឋរំលោភយកដីរបស់ខ្លួន

(FB: Saravyth You)

ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូអិលធីឌី ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលអភិវឌ្ឍលើវិស័យកសិឧស្សា ហកម្មនៅខេត្តក្រចេះបានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូអិលធីឌី ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលអភិវឌ្ឍលើវិស័យកសិឧស្សា ហកម្មនៅខេត្តក្រចេះបានចោទថា ពលរដ្ឋជាអ្នករំលោភយកដីរបស់ក្រុមហ៊ុន។

ការលើកឡើងរបស់ក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋជុំវិញវិវាទដីធ្លីនៅស្រុកស្នូលខេត្តក្រចេះកាលពីថ្ងៃទី៨មីនា ខណៈក្រុមសមត្ថកចុះរុះរើ និងការពារគ្រឿងចក្ររបស់ក្រុមហ៊ុនចុះកាយព្រំដី កន្លែងតំបន់កំពុងមានជម្លោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះទី៩ខែមីនា ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្មនៅតំបន់មានជម្លោះនោះ តាំងពីឆ្នាំ២០០៨ ហើយចោទពលរដ្ឋថា ជាអ្នកកាប់ព្រៃទន្រ្ទានយកដីក្រុមហ៊ុនវិញ។

ពលរដ្ឋម្នាក់សុំមិនបញ្ចេញដែលអះអាងថា គាត់​កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនេះដែរ បានច្រានចោលការចោទប្រកាន់​របស់ក្រុមហ៊ុន។

បុរសរូបនោះឲ្យដឹងថា ពលរដ្ឋមួយចំនួនបានទៅរស់នៅ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះនោះចម្លោះពី១០ទៅ១៧ឆ្នាំហើយ ថាកន្លងទៅនេះក្រុមហ៊ុន និងអាជ្ញាធរចុះរើ រួមទាំងដុតផ្ទះពលរដ្ឋចោលទៀតផង។

លោកបន្ថែមថា«ដីប្រជាពលរដ្ឋទេ ផ្ទះក៏ផ្ទះប្រជាពលរដ្ឋដែរ រុញផ្ទះគាត់ ព័ទ្ធយកដីគាត់ រួចហើយចោទ ពលរដ្ឋសិទ្ធចេះសុទ្ធចុះ បើសិនជាកាត់ឲ្យប្រជាជនតែម្នាក់ក្បាល២០ម៉ែត្រ បណ្តោយតែ១០០ម៉ែត្រហ្នឹងក៏ពលរដ្ឋព្រមដែរ ប៉ុន្តែនេះឈួសយកទាំងអស់ ដំណាំស្វាយ ចែកអី រុញចោលខ្ទិចខ្ទីអស់ វាយផ្ទះហ្នឹងចោល ហើយដីហ្នឹងក៏វាឈួសចោលអស់ទៀត ប្រើសុទ្ធតែទាហាន អាណាហានធ្វើម៉េចបើប៉ុន្មានស្ថាប័នណោះ»។

កាលពីថ្ងៃទី៨មីនា ពលរដ្ឋជាង២០០នាក់ នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល បាននាំគ្នាតវ៉ាបិទផ្លូវជាតិ 76A ប្រឆាំងនឹងកម្លាំងចម្រុះ ដែលចុះរុះរើផ្ទះពួកគេ និងការពារគ្រឿងចក្ររបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដែលចុះកាយក្រវាត់ព្រំដីក្នុងតំបន់កំពុងមានជម្លោះ។

ក្រោយហេតុការណ៍នេះ អាជ្ញាធរបានចាប់ពលរដ្ឋ៨នាក់បញ្ជូនទៅតុលាការ និងបានចោទប្រកាន់ចំនួន៧នាក់។

វីអូឌីបានសុំការពន្យល់បន្ថែមពីព្រះរាជអាជ្ញាខេត្តក្រចេះ លោក កែវ សុជាតិដែរ ប៉ុន្តែលោកឆ្លើយយ៉ាងខ្លីថា រឿងនេះគេបកស្រាយ ចប់អស់ហើយរួចក៏បិទទូរសព្ទទៅ។

អភិបាលខេត្តក្រចេះ លោក សរ ចំរុង ប្រាប់វីអូឌីកាលពីថ្ងៃទី៩មីនាថា ក្នុងហេតុការណ៍ផ្ទុះអាវុធនៅស្រុកស្នួលនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះរងរបួសស្រាល គឺមានស្រីម្នាក់។ ចំណែកខាង សមត្ថកិច្ចរងរបួសចំនួន៧នាក់ ដោយសារគ្រាប់ជំពាមរបស់ពលរដ្ឋ។ ប៉ុន្តែបើតាមវីដេអូ និងរួបភាពកំពុងហេតុបង្ហាញថា មានបុរសម្នាក់របួសភ្លៅខាងស្តាំ ស្រ្តីម្នាក់របួសត្រគៀកខាងឆ្វេង និងបុរសម្នាក់ទៀតរបស់ភ្លៅខាងឆ្វេងដែរ។

អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុនចម្ការកៅស៊ូមេមត់នោះ គឺជា​កម្មសិទ្ធិ​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលវិនិយោគ​ដំណាំ​​កៅស៊ូ​លើ​ផ្ទៃដី​ជិត១​ម៉ឺន​ហិកតា (៩.៨៥០​ហិកតា) រយៈពេល៥០​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០០៨។ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ ​បាន​វិនិយោគ​បន្ត​ ឲ្យ​ក្រុមហ៊ុន​វៀតណាម​កាលពី​ឆ្នាំ២០១៦​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។