អ្នកឃ្លាំមើល៖ វាយដំពេលគ្រោះថ្នាក់ចរាចរណ៍កំពុងសាបព្រោះវប្បធម៌ហិង្សា

(ប្រភព៖ បណ្តាញសង្គម)

អ្នកជំនាញដែលកំពុងឃ្លាំមើលការអនុវត្តច្បាប់សម្តែងការព្រួយបារម្ភថា ហេតុការណ៍កើតឡើងបន្តបន្ទាប់គឺក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ មហាជនតែងវាយដំគ្នារហូតដល់របួសឬស្លាប់នោះ កំពុងតែសាបព្រោះវប្បធម៌ហិង្សាក្នុងសង្គម។​

អនុប្រធានអង្គការ​ជន​ពិការអន្តរជាតិ(ប៊ែល​ហ្ស៊ីក) លោក គង់ រតនៈ មានប្រសាសន៍ថា ករណីប្រជាពលរដ្ឋដេញតាមវាយលើអ្នកបើរថយន្ត​បុកអ្នកដទៃនោះមានច្រើនករណី។​ លោកក៏បានលើកឡើង​ករណី​ បុរស​ម្នាក់​បើក​រថយន្ត​បុករះ​​តាមដងផ្លូវចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃកាលពីម្សិលមិញ ត្រូវ​​បាន​ប្រជាពលរដ្ឋ​វាយក​ម្ចេចរថយន្តនិងមនុស្សជិតស្លាប់។​

លោក គង់ រតនៈ បន្តថា សកម្មភាពទាំងនេះ​កំពុងធ្វើឲ្យមានការគុំគួនគ្នា អ្នកផ្សេងមើលឃើញហិង្សាអាចនឹងធ្វើតាម ហើយពិសេសនោះប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។​

លោកមានប្រសាសន៍ថា «ឆ្លងកាត់តាមរួបភាពដែលយើងបានឃើញតាមរយៈវីដេអូឃ្លីបកាលពីម្សិលមិញ​ បរទេស ឬក៏ក្រុមទេសចរណ៍​ ឬក៏ក្រុមវិនិយោគទុន​គេមក​ គឺប៉ះពាល់ដល់កិត្តិយស​របស់ជាតិសាសន៍យើង​ទាំងមូល…ខ្ញុំ​សំណូម​ពរបើសិនជាអាចបងប្អូន​ប្រជាពលរដ្ឋ សុំមេតាពិចារណា យើងមានច្បាប់ បើទោះជាច្បាប់យើង​មិនទាន់​បា​​ន​ល្អ មួយរយ ភាគរយ យើងមានសិទ្ធិលើកដៃឡើង​ធ្វើការតស៊ូមតិទាមទារ តាមបែបអហិង្សា​ ខ្ញុំគិតថា​ជា​ដំណោះ​ស្រាយ​​ល្អជាងការប្រើដៃប្រើជើង​»។

កាលពីខែមីនា ឆ្នាំ២០១៣​ និស្សិត​​​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិ​បាលអា​យុ​​២៣ឆ្នាំ ត្រូវជាកូនស្រីរបស់អនុប្រធាន មន្ទីរ​ពេ​​ទ្យ​បង្អែក​ខេត្តកណ្តាល បានបើករថយន្តបុករះ រងរបួស៣០ នាក់។ ពេលនោះក៏ផ្ទុះកំហឹងពីមហាជនដែរតែសមត្ថកិច្ចទប់ស្កាត់ទាន់ពេល។​

ក្រោយមកនៅចុងខែធ្នូឆ្នាំមុនបុរសម្នាក់ទៀត​ ស្នាក់​នៅសង្កាត់ចាក់អង្ក្រែក្រោម ​បានបើករថយន្តបុករះ​បណ្តាល​ឲ្យមនុស្ស៣នាក់ស្លាប់ និង៨នាក់រងរបួស នៅតាមបណ្តោយផ្លូវ​ព្រះមុនីវង្ស ក្បែរវិទ្យាល័យបឹងត្របែក រាជ​ធានីភ្នំពេញ នៅពេលបុកនោះ​ប្រជាពលរដ្ឋត្រួតគ្នាវាយឲ្យរបួសក្បាល ធ្វើឲ្យ​មាន​បញ្ហា​ខួរក្បាលធ្ងន់ធ្ងរ។

លោកមេធាវី​ សេក សោភ័ណ្ឌ បានពន្យល់តាមនីតិវិធីច្បាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរបុកគេ​បណ្តាល​ឲ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្នកដទៃត្រូវ​ទទួលសុខត្រូវ​តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក។ ប៉ុន្តែ​លោកថា អ្នកដែលទៅវាយអ្នកបើកបុកគេ ត្រូវ​មានទោសព្រហ្មទណ្ឌ ដោយថាច្បាប់មិនតម្រូវ​ឲ្យប្រជា​ពល​រដ្ឋ​​ធ្វើជា​​អ្នកកាត់ក្តីជំនួស​តុលាការឡើយ។

លោក សោភ័ណ្ឌ ពន្យល់ទៀតថា ប្រជាពលរដ្ឋទៅប្រើហិង្សាលើអ្នកបើកបុកគេនោះ ទំនងជា​ពួកគេអស់​ជំនឿ​លើ​ប្រព័ន្ធ​​​​​យុត្តិ​ធម៌​។

លោកពន្យល់ថា «ជាទូទៅខ្ញុំក៏ធ្លាប់ឮហេតុការណ៍ដូចគ្នា បើសិនជាយើងសន្និដ្ឋាន​ថាម៉េច​បានពលរដ្ឋ​ប្រព្រឹត្តបែបហ្នឹង​ ទីមួយគាត់អត់ដឹង​ថា…ជាបទល្មើស​ក៏ថាបានដែរ ទីពីរអាចគាត់គិតថា បើសិនជា​មិនវាយទេមិនរាងទេ ព្រោះគាត់អត់មានជំនឿលើការដោះស្រាយ​តាមផ្លូវ​ច្បាប់ជាដើម»។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងកិច្ចប្រជុំ​មួយកាលពីថ្ងៃទី២២ខែមករា​ថា  គ្រោះថ្នាក់​ចរាចរណ៍នៅតែជាបញ្ហាប្រឈមដែលមន្ត្រីពាក់ព័ន្ធត្រូវតែពង្រឹងទប់ស្កាត់ ដោយលោក​យោងទៅលើរបាយការណ៍​ប្រចាំ​ឆ្នាំ របស់​អគ្គស្នងការវាយយ​តម្លៃថា ​​ជាមធ្យម​ម​​នុស្សយ៉ាងតិចស្លាប់៥ទៅ៨នាក់ក្នុងមួយថ្ងៃ។

របាយការណ៍ដដែលបញ្ជាក់ទៀតថា គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជិត ១៨០០​នាក់ ខណៈ​មនុស្ស​ជាង ៥​៥០០​នាក់​ទៀតបាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ