រដ្ឋាភិបាលបានប្រកាសផ្តល់ថវិកាឧបត្ថម្ភបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជូនដល់មន្ត្រីរាជការទាំងអស់ក្នុងម្នាក់៥ម៉ឺនរៀល ឲ្យបានមុនចូលឆ្នាំខ្មែរខាងមុខ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១២ មីនា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានតម្រូវឲ្យក្រសួងសេដ្ឋកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ទទាំងអស់សហការគ្នារៀបចំបើកថវិកាទាំងនេះដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត រួមទាំងនិវត្តន៍ជន ជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន និងនគរបាលជាតិទាំងអស់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦១ នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី១៤ ដល់ថ្ងៃចន្ទទី១៦ មេសាឆ្នាំ២០១៨ខាងមុខ។
របាយការណ៍របស់ក្រសួងមុខងារសាធារណៈឆ្នាំ២០១៧ ឲ្យដឹងថាចំនួនមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់កម្ពុជាមានចំនួនជិត២០ម៉ឺននាក់៕