វិចិត្រករថា បញ្ហានយោបាយអាប់អួរ​​ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគេ

ក្រុម​វិចិត្រករមួយចំនួន បាន​ជំរុញទៅរដ្ឋាភិបាល​ ឲ្យ​យកចិត្តទុកដាក់លើកស្ទួយស្នាដៃពួកគេឲ្យបានទូលំទូលាយ ដោយថា បច្ចុប្បន្ន ពួកគេកំពុង​ជួបបញ្ហា​ប្រឈមនៅក្នុង​ជីវភាពគ្រួសារ​ ខណៈស្ថានការណ៍​នយោបាយនៅកម្ពុជាឡើងកម្តៅ​។

ក្រុម​វិចិត្រករមួយចំនួន បាន​ជំរុញទៅរដ្ឋាភិបាល​ ឲ្យ​យកចិត្តទុកដាក់លើកស្ទួយស្នាដៃពួកគេឲ្យបានទូលំទូលាយ ដោយថា បច្ចុប្បន្ន ពួកគេកំពុង​ជួបបញ្ហា​ប្រឈមនៅក្នុង​ជីវភាពគ្រួសារ​ ខណៈស្ថានការណ៍​នយោបាយនៅកម្ពុជាឡើងកម្តៅ​។

ក្រុម​វិចិត្រករមួយចំនួន បាន​ជំរុញទៅរដ្ឋាភិបាល​ ឲ្យ​យកចិត្តទុកដាក់លើកស្ទួយស្នាដៃពួកគេឲ្យបានទូលំទូលាយ ដោយថា បច្ចុប្បន្ន ពួកគេកំពុង​ជួបបញ្ហា​ប្រឈមនៅក្នុង​ជីវភាពគ្រួសារ​ ខណៈស្ថានការណ៍​នយោបាយនៅកម្ពុជាឡើងកម្តៅ​។

ការជំរុញនេះ ធ្វើឡើង​ស្របពេលដែលស្ថានទូតបារាំងប្រចាំកម្ពុជា ធ្វើសន្និសីទស្តីពី «កម្មវិធីបារាំងពីរសប្តាហ៍បារាំងភ្នំពេញ» ពាក់ព័​ន្ធកា​រ​បង្ហាញ​ស្នាដៃសិល្បៈសហសម័យរបស់សិល្បករកម្ពុជា​ជិត ១០ផ្ទាំង នៅក្នុង​ឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា​នាព្រឹកថ្ងៃនេះ ដើម្បី​បង្ហាញសារអប់រំប្រជាពលរដ្ឋឲ្យចេះថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងសត្វព្រៃជាដើម​។

ខណៈ​ដែល​កំពុង​ដាក់​តាំង​​ស្នាដៃ​របស់​លោក​ដែល​ផលិត​ចេញ​ពី​វល្លិ៍​យៀវ​ផ្សំ​ជាមួយ​ស្ពាន់ និង​ដែក​​នោះ វិចិត្រករ​មេដៃសំរិទ្ធ លោក នូ សារី បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា បច្ចុប្បន្ននេះ វិចិត្រករដែលមានស្នាដៃច្នៃប្រឌិតថ្មី មិនទាន់ត្រូវបានរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​លើក​តម្កើង​ពួកគេ​នៅឡើយ​ទេ។ វិចិត្រករ​រូប​នេះ អះ​អាង​ថា ករណីនេះធ្វើឲ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុង​ជីវភាពគ្រួសារ​។

លោកថ្លែងថា៖ «ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល​ក្រឡេកមក​មើលខាងសិល្បៈករ​ខ្មែរយើងទទួលបានកម្រៃ ដើម្បីបន្តអាជីពរបស់ពួកគាត់​ ខ្ញុំជឿថា គាត់នឹងយល់ គាត់នឹងឃើញនូវ​ជីវិតអ្នក​រស់នៅ ជីវិតសិល្បៈករមិនស្រួលទេ​»។

ជា​វិចិត្រករ​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ លោក ឯម រាម បានបង្ហាញរូបភាពធ្វើពីផ្តៅរាងរង្វង់មូល និងមានកន្ទុយដូចជាត្រី​នៅ​ឯ​ព្រឹត្តិការណ៍​នោះ។ លោក រាម បង្ហាញក្តីបារម្ភ​ថា ទីផ្សារសេដ្ឋកិច្ចរបស់វិចិត្រករនៅកម្ពុជា​ អាស្រ័យលើនយោបាយនៅកម្ពុជា ដោយថា បើ​នយោបាយ​មិន​អំណោយ​ផល នឹងធ្វើឲ្យប៉ះពាល់ដល់ពួកគេ​ផង​ដែរ​។

លោក ឯម រាម ប្រាប់​ថា​៖ «ខ្ញុំនិយាយការពិត​…ដូចជាចាប់គណបក្សប្រឆាំង ហើយបិទកាសែតខេមបូឌា ដេលី​ មានន័យថា ការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា​យើង អត់មានទាល់តែសោះ។ ពួកទេសចរគាត់អត់ហ៊ានចូល[កម្ពុជា] ការដែល​មិន​គោរព​សិទ្ធិ​មនុស្ស​ដែលធ្វើឲ្យ​សិល្បៈក៏ធ្លាក់ទឹកដែរ ព្រោះអត់មានភ្ញៀវទេសចរមក​ទស្សនា យើងក៏ពិបាកដែរ​​»។

អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ លោក ថៃ នរៈសត្យា ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយ​បញ្ហា​ប្រឈមនេះបាន លុះត្រា​តែវិចិត្រករទាំងនោះបង្កើតជាសមាគម ដើម្បីស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ទើបទទួលបានផលវិជ្ជាមាន។

លោក ថៃ នរៈសត្យា ប្រាប់​ថា៖ «ការបង្កើតអ្វីៗទាំងអស់នោះ មិនមែនជាការផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬក៏របស់រាជរដ្ឋាភិបាលទេ ប៉ុន្តែ ជួនកាល ការប្រមូលផ្តុំរបស់ពួកគាត់ ដែលបង្កើតនូវ​ប្រតិញាណ នូវ​ការច្នៃប្រឌិត ឬគិតឃើញថា ត្រូវ​បង្កើត​ឲ្យមានជាសមាគម ដូចជា សមាគមសីល្បៈករ សមាគមគ្រូពេទ្យ សមាគមគ្រូបង្រៀនបង្កើតឡើង ហើយ​សុំ​ច្បាប់​ទៅ​រាជ​រដ្ឋាភិបាល​ទៅ នៅពេលដែលយើងបង្កើតបានហើយ យើងមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងជាទូទៅជាមួយស្ថាប័ននានា រួម​ទាំង​ស្ថាប័ន​រដ្ឋផងដែរ ដើម្បីឲ្យជួយយើង»។

ស្នាដៃ​សិល្បៈ​សហសម័យ​របស់​សិល្បករ​កម្ពុជា​ ដែល​ត្រូវ​បាន​ច្នៃ​ប្រឌិត​ចេញ​ពី​អនុផល​ព្រៃ​ឈើ និង​វត្ថុ​នានា ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ដល់​សាធារណជន​ ​នៅ​ក្នុង​ស្ថានទូត​បារាំង​ចាប់​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។