អាជីវករអះអាងផ្សេងៗគ្នាជុំវិញមូលហេតុអគ្គិភ័យឆេះផ្សារច្បារអំពៅ

អគ្គិភ័យឆេះផ្សារច្បារអំពៅ

អាជីវករមួយចំនួន បង្ហាញការយល់ឃើញផ្សេងៗគ្នា ករណីអគ្គិភ័យឆេះផ្សារច្បារអំពៅកាលពីយប់មិញ ខណៈអាជ្ញាធរនៅមិន ទាន់បង្ហាញពីមូលហេតុច្បាស់លាស់ពាក់ព័ន្ធនឹងការឆេះផ្សារនេះនៅឡើយ។

អ្នកស្រី យស អូន អះអាងថាជាជីវករលក់ដូរនៅផ្សារច្បារអំពៅ ប្រាប់អ្នកសារព័ត៌មានវីអូឌីនៅព្រឹកនេះថា អគ្គិភ័យឆាបឆេះផ្សារ នេះកើតឡើងនៅម៉ោង១១យប់នាថ្ងៃទី១៥ខែមីនា រហូតមកដល់ព្រឹកថ្ងៃទី១៦ខែមីនា បណ្ដាលឲ្យឆេះតូបជាងពាក់កណ្ដាល។

អ្នកស្រី អះអាងថា ការឆេះផ្សារនេះ មិនមែនបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងនោះទេ។

អ្នកស្រីថា៖ «ខ្សែភ្លើង គេធ្វើតាមស្តងដារត្រឹមត្រូវ ផ្សារច្បារអំពៅ ខ្ញុំទទួលស្គាល់ថា មិនឆេះដោយអគ្គិសនីទេ ឆេះដោយសារ មានអ្នកណាមួយលួចបំផ្លាញ! អាហ្នឹងគំនិតខ្ញុំ ព្រោះអីខ្ញុំដឹងថា ផ្សារច្បារអំពៅនេះ ប៉ារ៉ែតនេះ លោតអត់ឲ្យឆេះទេ៣៥ម៉ឺនរៀល បង់ក្នុងនាក់ធ្វើ ដើម្បីការពារសុវត្តិភាព កុំឲ្យឆេះផ្សារ។…ដូចតូបខ្ញុំរាល់ថ្ងៃនេះ៤ឈ្មោះ ប្រវែង១០ម៉ែត្រ ខ្ញុំខ្លាចអភិវឌ្ឍទៅឲ្យខ្ញុំតែ១ៗ ម៉ែត្រ មិនខាតខ្ញុំ អញឹងខ្ញុំអត់ព្រមទេ»។

អាជីវករម្នាក់ទៀត អ្នកស្រី ឡេង ចាន់ធូ អះអាងថា អ្នកស្រីមានតូបលក់ដូរនៅក្នុងផ្សារចំនួន៦ ដោយតូបទាំងនោះ គឺត្រូវឆេះទាំងអស់។ អ្នកស្រីអះអាងថា អគ្គិភ័យនេះ ដំបូងឡើយឆេះតែតូបចំនួន២ តែប៉ុណ្ណោះ ហើយនៅពេលនោះ គឺមានឡានទឹកមួយចូលមកពន្លត់អគ្គិភ័យ។

អ្នកស្រីថា៖ «និយាយអត់ចេញទេ ព្រោះខ្ញុំអស់ច្រើនជាងគេ ខ្ញុំយកសោរមកចាក់ គេថា កុំចាក់អត់ចេញទេ ខ្លាចខ្សែភ្លើងឆក់ ដល់ពេលឆេះដល់ហ្នឹង អាប៉ិណាស្ដីឲ្យខ្ញុំថា អត់ចាក់សោរឲ្យគេ វាឆ្លើយអញ្ចឹង ហើយថា អត់បើទ្វារឲ្យគេមួយៗ សោរខ្ញុំ​យក​មកទាំងអស់ ចាក់ក៏ខុស មិនចាក់ខុស»។

អាជីវករម្នាក់ទៀត អ្នកស្រី តៃ រាំម៉ាណា អះអាងថា ការឆេះផ្សារនេះ មិនមែនដោយសារ ផ្ទុះខ្សែភ្លើង ឬផ្ទុះហ្គាសនោះទេ។

អ្នកស្រីថា៖ «ខ្លះថា ឃើញមានមនុស្សនៅក្នុងហ្នឹង នៅខាងក្រោយតូបម្ដុំអង្ករហ្នឹង ពេលម៉ោង១០ ជាងម៉ោង១១។ ផ្ទុះហ្គាស​ណា បើកន្លែងលក់អង្ករអត់មានហ្គាស អត់មានអីផង! វាផ្ទុះហ្នឹង គឺផ្ទុះពេលវាឆេះ ដល់ក្នុងផ្សារ អាកន្លែងលក់គុយទាវ ហើយ​លក់​អី ហើយចូលមកម្ដុំខ្ញុំហ្នឹង អាម្ដុំជួរខ្ញុំលក់គ្រឿងចាន គ្រឿងជ័រហ្នឹង អាហ្នឹងវាមានហ្គាសខ្លះ កេះកំប៉ុងតូចៗ កន្លែង​លក់អង្ករលក់អីហ្នឹង លឺថា គ្មានហ្គាសគ្មានអីផង»។

ប៉ុន្តែ អាជីវករមួយចំនួនទៀត ដែលវីអូឌីបានចុះទៅសម្ភាសន៍ និយាយថា ពួកគាត់ក៏មិនទាន់​ដឹង​ពី​មូលហេតុពិតប្រាកដនោះទេ គ្រាន់តែលឺគេថាការឆេះនេះបណ្ដាលមកពីផ្ទុះហ្គាស។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ មានប្រសាសន៍ថា អាជ្ញាធរនៅមិនទាន់បានដឹងពីមូលហេតុ ដែលបណ្ដាលឲ្យអគ្គិភ័យឆេះផ្សារនោះនៅឡើយ ដោយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។

លោកបន្តថា អគ្គិភ័យឆាបឆេះនៅផ្សារច្បារអំពៅ បានប្រើប្រាស់ឡានទឹកប្រហែលជាង៤០គ្រឿងដើម្បីពន្លត់ ហើយ​ចំពោះ​ទំហំ​នៃ​ការ​ខូចខាតវិញ លោកថា នៅមិនទាន់អាចវាយតម្លៃបាននៅឡើយ។

លោកថា៖ «បងប្អូនយើងកំពុងធ្វើការស៊ើបអង្កេតបន្តទៀត អត់ទាន់ដឹងទេណាស់»។

បើតាមអគ្គស្នងការនគរបាលជាតិ នៅក្នុងផ្សារច្បារអំពៅតូបទាំងអស់សរុប១ ៤៤៧តូប ក្នុងនោះត្រូវបានអគ្គិភ័យឆាបឆេះអស់ ចំនួន៦៤៦តូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ