ភាពយន្តដែលខ្មែរសម្ដែងជា​មួយ​តារា​​ឡាវ និងថៃ ​បង្ហាញខ្លួននៅ​​កម្ពុជា

នៅទីបំផុតភាពយន្តកម្រិតអាស៊ាន ក្រោមចំណងជើងថា​«​​អនុស្សាវរីយ៍​​​ថ្ងៃចូលឆ្នាំ»ដែលត្រូវ​​គេដឹងថាបាន​ផលិតដោយ​​​ផលិតករថៃប្រមាណជិត​​១ឆ្នាំមកហើយ ដោយ​បានទាំងជ្រើសយក​តារា​​​​​កម្ពុជា តារា​​ឡាវ អោយ​​​​​​រួមសម្ដែងជាមួយតារា​ថៃនោះត្រូវបាននាំមកដល់កម្ពុជា​ហើយ ​បន្ទាប់ពី​ភាពយន្តនេះ ​​បាន​​​​​​​ដាក់បញ្ចាំង​នៅក្នុងប្រទេសថៃ និងឡាវ ក្រោយពី​ផលិត​ចប់ភ្លាមៗ។

នេះជា​ភាពយន្ត​ដែលឆ្លុះបញ្ចាំង​ពី​វប្បធម៌របស់ជាតិសាសសន៍ទាំង​​​៣ ​​​​ក្នុងថ្ងៃ​​ចូលឆ្នាំ ដោយ​បង្ហាញពី​វប្បធម៌​​កម្ពុជា​ចូលឆ្នាំ​យ៉ាង​មិច ​​​​​​វប្បធម៌​ថៃចូលឆ្នាំយ៉ាងមិច និងវប្បធម៌ឡាវ​​តើពេល​ចូលឆ្នាំ​គេ​ធ្វើយ៉ាង​មិច?

​លោក​​​អ៊ិន សុភិន ​ ​សហ​ផលិតករ​ដែលបាន​ផលិត​ភាពយន្តមួយនេះ​ជាមួយ​​​​ក្រុម​ថៃ បានអះអាងថា​ភាពយន្ត​​​​​រឿង​«​អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»​​គឺជារឿងដែលខាង​ផលិតករ​ថៃ ​ធ្វើឡើងក្នុងគោលបំណង​​រំលេចអោយឃើញពីទំនាក់ទំនង និង​​​​​​​​​​វប្បធម៌របស់ប្រទេស​​​​៣នៅ​​ក្នុងតំបន់​ទន្លេមេគង្គ គឺ​ថៃ ឡាវ និងកម្ពុជា ដោយ​​ឈុតឆាកមួយចំនួន ក៏បាន​​ថត​​ផ្ដិត​នូវទិដ្ឋភាព​​ដង​ទន្លេមេគង្គរបស់ប្រទេសទាំង​​​៣​​ ដើម្បីបង្ហាញពីសម្រស់​​​​​​​​​​​​​​ផងដែរ។

​​​​លោកថា​ភាពយន្តនេះ គឺនិយាយពី​​​តួអង្គ​​​ថៃ​​ស្រី​​ម្នាក់​​​​​​​​​មកទស្សនា​​ប្រទេសកម្ពុជា​ហើយដោយសារតែមិត្ត​ភ័ក្រ្តនាង​យកដោយលិខិត​ឆ្លងដែនរបស់នាង ​ធ្វើអោយនាង​ចេញ​​ពីកម្ពុជាមិន​​រួច ក៏​​នៅត្រាំត្រែង​ហើយបានជួបប្រុស​​​ដោយចៃដន្យ ដែលជាអ្នកបម្រើការនៅក្នុងសណ្ឋាគារដែលនាង​​​ស្នាក់នៅ។ ​​​​​​​​​​​​​​​​​​​តួអង្គសស្រីនេះត្រូវបានសម្ដែង​ដោយតារា​ថៃ​ល្បីឈ្មោះ​​គឺកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ​​ដែលនៅក្នុងប្រទេសថៃ នាង​​គឺជាតារា​​សម្ដែង​មាន​ឈ្មោះបោះសំឡេង ហើយ​​​​កញ្ញា​ត្រូវសម្ដែងជាមួយ​​តួអង្គ​របស់កម្ពុជា​​​គឺលោក ខាត់ វ៉ៃហាំង​។ ​

នាងគឺជា​តួអង្គដែល​​ថតច្រើននៅក្នុងទឹកដី​កម្ពុជា ដោយ​នាង​ត្រូវថត​​លើទូក​នៅមុខ​វាំង ថត​​នៅមុខ​វាំង និង​​នៅ​ថត​ក្នុងទីអារ៉ាម​​នៅកម្ពុជា​ច្រើនកន្លែងទៀត ខណៈដែល​នាងត្រូវ​ថត​ជាមួយតារា​ខ្មែរ​ជាច្រើនរូប ​​​ដែលរៀបចំ​ដោយ​ផលិត​កម្មមហាហង្ស។ ​​​​នាង និង​តួ​ឯកប្រុស​កម្ពុជា​​បាន​​​រំលេចនូវអនុស្សាវរីយ៍​ជាច្រើន​​ក្នុងថ្ងៃ​ចូលឆ្នាំ​​ ​​​​ហើយ​មុនពេលតួស្រី​​បែក​​​​​​​​​​​ទៅ​​​​កាន់ប្រទេសថៃ​វិញ ​​​អ្នកទាំង​ពីរក៏​​​​​​​ក្លាយជា​​​គូស្នេហ៍​ដែល​​មិនចង់បែកគ្នា​។

ងាក​ទៅ​កាន់តែតួអង្គនៅក្នុងប្រទេសឡាវវិញ លោកថា​​តម្រូវអោយ​​​​​​តារា​ថៃ​​ល្បីឈ្មោះ​​​ម្នាក់គឺ​លោក ​ឆាគីត យ៉ែមណាម ដែល​កំពូលតារា​ថៃ ​​​​​​​​​​​សម្ដែងជាមួយ​តារាស្រី​ល្បី​ឈ្មោះរបស់ឡាវ​​ ហើយអ្នកទាំំងពីរ​ក៏​បាន​​​​​សាងឡើងនូវអនុស្សាវរីយ៍​​​ជាមួយគ្នា​ជាច្រើន​លើដងទន្លេ​​​មេគង្គ​នៅ​​ក្នុងប្រទេសឡាវ​​ចំថ្ងៃចូលឆ្នាំ​ដូចគ្នា។ មិនខុសគ្នាដែរ​​នៅក្នុងប្រទេសថៃ គេឃើញ​​​តារាប្រុស​ឡាវ​​​​​​​ និងតារាស្រី​​​​​សម្ដែងរួមគ្នាដោយមាន​​​​​តារា​ថៃល្បីឈ្មោះច្រើនរូប​​​​​សម្ដែងជាមួយ ​​​​ដោយ​អ្នកទាំងពីរ​ក៏ផ្ដិតទិដ្ឋភាព​​​ស្រស់បំព្រង​លើដងទន្លេមេគង្គ​នៅក្នុងប្រទេសថៃ និង​ក្នុងទីអារ៉ាមនៅក្នុង​ប្រទសថៃផងដែរ។

​តួ​អង្គ​​​​ទាំង​​៣គូ​មិនតម្រូវអោយសម្ដែង​ប៉ះគ្នានោះទេ ​​​​​​​តែ​​​បានសម្ដែង​​តាម​លំនាំ​​​តែមួយគឺ​​មក​​លេង​​​​​​​​​ប្រទេសកម្ពុជា និងទៅលេង​​​​ប្រទេសថៃ ក៏ដូចជាប្រទេសឡាវ​ចំថ្ងៃចូលឆ្នាំ​ដូចគ្នា ទើបគេឃើញរឿងនេះ ​​​​​​បង្ហាញស្ទើរទាំងស្រុង​​ពី​​ទិដ្ឋភាព​ចូលឆ្នាំរបស់​ប្រទេសទាំងបី ដោយមាន​ទាំង​​ការរំលេច​នូវវប្បធម៌​​ដោយឡែកពីៗគ្នា ​​​​ធ្វើអោយរឿងទាំង​មូល​ក្លាយជាភាពយន្ត​​​​​​​​​​មាន​អត្ថន័យ និងខ្លឹមសារ​​បន្ថែមពីលើ​​​​​​​ភាពកំប្លុកកំប្លែងតាំងពី​ដើមដល់ចប់នោះ​ផង។

​​លោកអ៊ិន សុភិន បញ្ជាក់ថា ​ភាពយន្តនេះ​ត្រូវបានដាក់បញ្ចាំង​​​​នៅក្នុងប្រទេស​​​​ថៃ និងឡាវ​​​រួច​ហើយ ទើប​សម្រេច​យកមកបញ្ចាំងនៅក្នុងប្រទេស​កម្ពុជានៅ​​គ្រប់រោងទំនើប ​ដោយក្នុងពិធីសម្ពោធ​កាលពីថ្ងៃទី​​១៦ មីនា ​​​នៅ​​​ទីតាំង​​រោងកុន​​ថ្មីនៅ​ខាងក្រោយ​​អាគារ​វឌ្ឍនៈជិតស្ថានទូតអាអាមេរិក មាន​ទាំងការបង្ហាញខ្លួនរបស់​តារាថៃ​២​រូប​ដែលសុទ្ធតែជាតារា​ល្បី គឺ​​តារាស្រី​​​ កញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ​ និងលោក​ ឆាគីត យ៉ែមណាម ​អមដោយអ្នកផលិតភាពយន្តរបស់ថៃ​​​​​​យ៉ាងច្រើន​​​កុះករ​​​​​អមដំណើរ។ ​

ភាពយន្តនេះ ​ត្រូវបាន​​បកប្រែជាភាសាខ្មែរ ​ហើយ​​នៅពេលដាក់បញ្ចាំងនៅ​ក្នុងប្រទេស​ណា​ផ្សេងទៀត គឺ​នឹង​​​បកប្រែ​ជាភាសានោះ ដោយលោកបញ្ជាក់ថា​​​​ទម្រាំថត​ចប់​ក៏ពិបាក​​មិនតិចនោះដែរ ដោយសារតែតារា​​​​​​​​ទាំង​​​៣ប្រទេស​​​មិនអាចសន្ទនា​​​​ជាមួយគ្នា​បានស្រួល​៕ ​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ