ចំរើន សុភ័ក្រ្ត ​ច្រៀង​​កាត់សក់យ៉ាង​សកម្ម ក្រោយចូលហង្សមាស

កញ្ញា ​​​ចំរើន សុភ័ក្រ្ត (វង្ស សុម៉ាលីន)

មកទល់ពេលនេះមានមនុស្ស​តិចណាស់ដែលបានដឹងថា​អតីត​បេក្ខនារី​ក្នុងកម្មវិធី​ The Voice Cambodia
ជំនាន់ទី​​១ កញ្ញា ​​​ចំរើន សុភ័ក្រ្ត ដែលត្រូវបាន​ហង្សមាស​កុងត្រាអោយក្លាយជាតារាចម្រៀង ​​​​គឺជា​​​​​​​​តារា​មួយរូបដែល​​​លេច​រូប​រាងពីអាជីពដើរ​ច្រៀង​ភ្លេងការ និង​​​​​​​ច្រៀងកាត់សក់ការ​ ដោយសារតែនាង​ក៏ប៉ិន​​ប្រសព្វនូវ​​ពាក្យ​កំប្លុកកំប្លែងមិនចាញ់តារា​កំប្លែង​កាត់សក់​ការអាជីព។

​​​​​មកទល់នឹង​ភាពជោគជ័យក្នុងនាមជាតារាចម្រៀង​យុវវ័យ​នាពេលនេះ នាងនៅតែបានប្រកាសថា​​​បន្តទទួលនូវការងារនោះ​ ដោយនាង​នឹង​​​​ចេញច្រៀងកាត់សក់ការអោយបានច្រើន ​​​អោយតែមាន​ការ​​ទាក់ទង​យកនាង​ទៅច្រៀងនោះផង។

​ចំរើន សុភ័ក្ដ្រ បានថ្លែងក្នុងកម្មវិធីតន្ត្រី «​TV5 Carabao Spark Concert» របស់ប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៨ មីនា ថា​​​​​មុនពេលកញ្ញា​ចូលប្រលង​ក្នុងកម្មវិធី​​របស់ហង្សមាស កញ្ញា​គឺ​ជាសិស្ស​​ផ្នែក​ចម្រៀង​បុរាណនិង​ប្រពៃណី​ប្រចាំនៅ​ក្នុង​​​​​សាលាវិចិត្រសិល្បៈប៉ុណ្ណោះ ដោយកញ្ញា​ក៏បាន​ចូលច្រៀងជាមួយ​​លោក ​​អៀង ស៊ីធុល ក្នុងក្រុមច្រៀងភ្លេងការ និងច្រៀងកាត់សក់ជាមួយ​​​ក្រុម​របស់លោកជាប្រចាំ​​​ដោយ​អាជីព​មួយនោះបាន ជួយអោយនាងរក​លុយបាន​​តាំងពីមុនពេល​ល្បីនោះផង។

​បន្តបន្ទាប់កញ្ញា​ក៏បាន​​ចូលហ្វឹកហាត់​​​របាំ​​បុរាណ ​​ដើម្បី​​​ទទួលច្រៀង​​ផងរាំរបាំ​ផង ​ងាយស្រួលទាក់ទាញទីផ្សារ ហើយក៏បាន​ចូលប្រលង​ក្នុងកម្មវិធី The Voice ជំនាន់ទី១​ ​​ដែលធ្វើអោយ​នាង​វិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងខាង​ផ្នែក​​យុវវ័យវិញ។

កញ្ញាថានាងនៅតែទទួលច្រៀងភ្លេងការ និងច្រៀងកាត់សក់ជាមួយ​ក្រុមលោក អៀង ស៊ីធុល និង​​ក្រុម​​រៀមច្បង​ចាស់ៗដែលធ្លាប់ធ្វើការជាមួយ​​មកទល់ពេលនេះ ប៉ុន្តែបណ្ដាលមកពី​​មិនសូវមានអ្នកដឹង​ទើប​នាង​ទទួលបានត្រឹមតែ​​​​៤ទៅ៥រោង​​ក្នុងមួយខែ​ៗ។ នាង​ចង់​​ពង្រីកទីផ្សារ​លើមុខរបរនោះ ដោយបានប្រកាសថា​ក្រៅពីទទួលច្រៀងកាត់សក់ ក៏​នឹងមានក្រុម​​​​​​តន្ត្រីបុរាណ​ដែលទទួល​ច្រៀង​ក្នុងពិធី​​​​​​​​ក្នុងមង្គលការ​ទាំងមូល​​​​ដើម្បីតម្រូវការម្ចាស់​​ពិធីផងដែរ។

​កញ្ញា​ថា​​ទោះជាការងារ​​​​​​​​​​​​​​ចម្រៀងយុវវ័យ កាន់តែមានការទទួលស្គាល់តែនាង​អត់ចោលបុរាណទេ ដោយ​​មានតែខំប្រឹង​​​ពង្រឹង​អាជីពមួយនោះ អោយកាន់តែខ្លាំង​ថែមទៀត ​ដើម្បីអោយគេដឹងថា​នាង​ក៏ជាតារាចម្រៀង​​​​​​​​ដែលមានជំនាញ​​ខាង​ភ្លេងការនិងច្រៀងកាត់សក់​​ផងដែរ។

ការលើកឡើងរបស់​ ​ចំរើន សុភ័ក្រ្ត ធ្វើអោយម្នាក់ៗមានការ​ភ្ញាក់ផ្អើលដោយសារតែគេស្មានថា​​ក្រោយពីនាង​​​​​ឈប់​​​សិក្សានៅសាលាវិចិត្រសិល្បៈ ហើយបានល្បីឈ្មោះក្នុងនាមជាតារាចម្រៀងយុវ័យរបស់ហង្សមាស
ដោយ​​បានទាំង​វិវត្តន៍ខ្លួនជាតារាចម្រៀងដែលមានក្រុមរាំ​យ៉ាង​រំពើនផង គឺប្រហែលជានាងបោះបង់​​អាជីព​​ចម្រៀង​បុរាណនោះហើយ ​​ប៉ុន្តែការពិត​នាង​នៅសម្ងំ​ទទួលច្រៀងកាត់សក់ និងច្រៀង​ភ្លេង​ការ​​​​​​​​​​​យ៉ាងសកម្ម
ដោយ​អះអាងថា​​​មិនមានអ្នកជួល​​ព្រោះតែមិនសូវបានដឹង​​អោយ​បានច្រើនតាមការចង់បានទៅវិញ។

នាង​ថានៅក្នុងផលិតកម្មហង្សមាស នាង​នឹងប្រឹង​បញ្ចេញសមត្ថភាពចម្រៀងសម័យ ដោយ​ប្រឹង​បង្កើតក្បាច់រាំ
និង​ចេញបទចម្រៀងដែលអាចតម្រូវចិត្ត​យុវវ័យ​អោយបានកាន់តែច្រើន ប៉ុន្តែ​​​សម្រាប់​​​​​​ជំនាញ​បុរាណ គឺនាង​​​នឹងប្រកាសជាសាធារណៈអោយដឹងថា​​នាង​ក៏ទទួលច្រៀងកាត់សក់ និង​ច្រៀងភ្លេង​ការ​​​​​​​​​​​​​​​​មិនខុសពីតារាជើងចាស់
ដោយនាង​ក៏​​នឹង​រៀប​​​​ក្រុម​​​​​ភ្លេង​បុរាណ ទទួលកម្មវិធីទាំងនោះ​អោយបានពេញទំហឹង​ក្រោយមានអ្នកដឹងហើយចាប់អារម្មណ៍ចង់ជួល​អោយ​នាង​ទៅច្រៀង។

យ៉ាងណាមិញ​នាងថា​​ប្រសិនបើ​​​ជួលតែនាង​ម្នាក់ឯង ហើយ​​មិនជួយជួលក្រុមក៏នាង​ប្រហែល​​​ជានឹង​ពិចារណាផងដែរដោយសារតែនាងមិនចង់​​​ជោគជ័យតែម្នាក់ឯង ហើយ​ទុក្ខ​ក្រុមដែល​ធ្លាប់កម្សត់កម្រអោយ​នៅតែលតោល។ ក្នុងនោះបើ​​​​​មានឱកាសនាងក៏នឹង​ទទួលរាំ​របាំ​​​​ដូច​​​​​ដើម​​​អោយបានច្រើន ដើម្បីរំលឹក​ពីជំនាញដែលនាង​​​ធ្លាប់​ហាត់​​​​​តាំង​ពីមុន​​ត្រូវបានហង្សមាស​លើកតម្កើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ