សហគមន៍ព្រៃឡង់ថា ផ្អាក​ពិធី​បំបួស​ដើម​ឈើ​ ខណៈ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​គំរាម​កំហែង​ពួកគេ

ពិធី​បំបួស​ដើម​ឈើនៅសហគមន៍ព្រៃឡង់នាពេលកន្លង (FB: ប្រជាសហគមន៍ព្រៃឡង់)

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានសម្រេចពន្យារពេលរៀបចំ​ពិធីបំបួសដើមឈើទៅថ្ងៃក្រោយវិញ ដោយថា  ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធចោទប្រកាន់មកលើពួកគេ​ថា​ជាក្រុមប្រឆាំងរដ្ឋាភិបាល ខណៈស្ថានការណ៍​នយោបាយបច្ចុប្បន្នកំពុងឡើងកម្ដៅ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បណ្ដាញ​សហគមន៍​ព្រៃឡង់​ ដែល​ជា​ព្រៃ​ឈើ​គ្រប​ដណ្ដប់​លើ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង​ផង​នោះ គ្រោង​រៀបចំ​ពិធី​បំបួស​ដើម​ឈើ​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ប៉ុន្តែ បាន​​ប្រកាស​ផ្អាក​ទៅ​វិញ។

តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ លោក ឯក សុវណ្ណា ប្រាប់វីអូឌីនៅថ្ងៃនេះថា ពិធី​បំបួស​ដើម​ឈើ ត្រូវ​បាន​ពន្យា​ពេល ដោយ​លោក​ថា ដោយសារ​តែ​ដើមឈើ​ធំៗ​ដែល​សហគមន៍​របស់​លោក​បាន​បំបួស​រួច​មក​នោះ ត្រូវ​បាន​ឈ្មួញ​កាប់​បំផ្លាញ់​អស់។

លោកបន្តថា ការពន្យារពេលនេះដែរ ដើម្បីកុំឲ្យអាជ្ញាធរ និងស្ថាប័ន​ពាក់ព័ន្ធចោទប្រកាន់​ពួកគាត់ថា ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ខណៈ​ស្ថានការណ៍​នយោបាយកំពុង​ឡើងកម្ដៅ។

លោកថា៖ «កន្លងមក អាជ្ញាធរតែងតែមានការយល់ច្រឡំរហូត មិនថា អាជ្ញាធរឃុំ ឬថ្នាក់ស្រុកថ្នាក់អីទេ គឺ​គាត់​តែង​តែ​មាន​ការ​យល់​ច្រឡំ​នៅ​ពេលយើងធ្វើការអី មានអង្គការ ឬសង្គមស៊ីវិលបរទេសទៅចូលរួម។ អញ្ចឹងទៅ គេចោទជាផ្នែកអីមួយ​ៗចឹង យើងក៏ពិបាកយល់ដែរ ដោយសារ គេថា យើធ្វើការដើម្បីប្រឆាំង​នឹងរដ្ឋាភិបាល ហើយដោយសាររាល់ថ្ងៃបញ្ហានយោបាយវាកំពុងឡើងកម្ដៅដែរ បើសិន​ធ្វើ​ទៅ​ខ្លាច​ដូច​កន្លែងផ្សេងអញ្ចឹង»។

តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ លើកឡើងថា កន្លងមក បណ្ដាញ​សហគមន៍​ព្រៃឡង់​គ្រោង​នឹង​រៀប​ចំ​ពិធី​បំបួស​ដើមឈើនៅសប្ដាហ៍​ក្រោយ​នេះ ប៉ុន្តែ ដោយសារ បញ្ហាមួយចំនួន ពួកគាត់បានឯកភាពគ្នាថា នឹង​រៀប​ចំ​ពិធី​បំបួស​ដើម​ឈើ​នេះ​ទៅ​ខែ​ឧសភា​ខាងមុខវិញ។

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងបរិស្ថានប្រចាំខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា ការបារម្ភ​របស់​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នេះ ដោយសារ កន្លងមក នៅពេលដែលពួកគេចូលរួមការ​ពារព្រៃឈើតែងតែទទួលរងសម្ពាធ និងចោទប្រកាន់ពីអាជា្ញធរ ទើប​ធ្វើ​ឲ្យ​ពួកគេមានការភ័យខ្លាច។

លោកបន្តថា ប្រសិនបើអាជ្ញាធរនៅតែរឹតត្បិត និងចោទប្រកាន់រាល់សកម្មភាពរបស់ប្រជាពលរដ្ឋក្នុងការ ចូល​រួម​ការពារ​ធនធាន​ធម្មជាតិ និង​ការងារផ្សេងៗទៀតនៅក្នុងសង្គមនោះ វានឹងធ្វើឲ្យប៉ះពាល់មុខមាត់​រដ្ឋាភិបាល ដោយសារ សកម្មភាពដែលបណ្ដាញសហគមធ្វើនេះ ដើម្បី​ការពារ​ផលប្រយោជន៍ជាតិ មិនមែនប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។

លោកថា៖ «វាបង្ហាញថា ប្រទេសយើងវាមានភាពរឹតត្បិត ហើយលំហរនៃការអនុវត្តសិទ្ធិ ហើយការអនុវត្ត​ច្បាប់ គឺ​វាកាន់តែរួមតូចមែនទែន ដែលប្រជាពលរដ្ឋធ្វើអ្វីមិនបាន សូម្បីតែរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុង​ការថែរក្សា​ការពារធនធានធម្មជាតិក៏ត្រូវបានលោក លើក​ហេតុ​ផល​ថា សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។ នេះ​ជា​គំនិត​មួយ​ដែល​អត់​មាន​អី​សម្រាប់​ជ្រុំ​ជ្រែង​ទៅ​ដល់​ការអភិវឌ្ឍ​ក្នុង​តំបន់​យើង​ទេ»។

កាលពីឆ្នាំ២០១៦ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយសម្រេចដាក់ព្រៃឡង់ជាដែនជម្រកសត្វព្រៃ“ព្រៃឡង់” ដែល​មាន​ផ្ទៃដីជាង ៤សែនហិកតា គ្រប​ដណ្ដប់​លើ​ខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងខេត្តព្រះវិហារ។

អនុក្រឹត្យបញ្ជាក់ថា តំបន់​ការពារ​តំបន់​ព្រៃឡង់ ត្រូវ​បាន​​បង្កើត​ឡើង ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រម​ទាំង​ធានាឲ្យមានការបំពេញលក្ខខណ្ឌចំាបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ផ្តល់​ផលិត​ផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់ប្រកបដោយនិរន្តរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ