អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​នៅ​កោះកុង​ព្រមានបោះតង់មុខក្រសួងដែនដី

អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​នៅ​កោះកុង​ (ណាត សុភាព)

ប្រជាសហគមន៍ដីធ្លីនៅខេត្ត​កោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយ បាន​ព្រមានថា នឹងបោះតង់នៅមុខ​ក្រសួងដែនដី​ ដោយថា ​បើ​មិន​​ពន្លឿន​ដោះស្រាយ​ដីធ្លីជូន​ពួកគេ​តាម​ការ​សន្យា​។

ប្រជាសហគមន៍ដីធ្លីនៅខេត្ត​កោះកុង ដែលមិនទាន់ទទួលបានដំណោះស្រាយ បាន​ព្រមានថា នឹងបោះតង់នៅមុខ​ក្រសួងដែនដី​ ដោយថា ​បើ​មិន​​ពន្លឿន​ដោះស្រាយ​ដីធ្លីជូន​ពួកគេ​តាម​ការ​សន្យា​។

តំណាង​ពល​រដ្ឋ​ដែល​មាន​ទំនាស់​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​កោះ​កុង (KSI) អ្នក​ស្រី​ កេង ហន បានរៀប​រាប់​ថា ពលរដ្ឋជិត ១០០គ្រួ​សារ​នៅក្នុងសហគមន៍គាត់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ជាង ១០ឆ្នាំហើយ ដែល​រហូតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ​មិនទាន់​បាន​ដោះ​ស្រាយ​​នៅ​​ឡើយ​ទេ។

អ្នកស្រីអះអាថា៖ «១ខែស្ងាត់ ២ខែហើយ ប្រជាជនចេះ​តែរង់ចាំ ពេលមក​[ក្រសួងដែនដី​] ខ្ចី​លុយ​គេ​​ ខ្លះលក់​មាន់ លក់​ទា… ហើយកូនចៅក៏អត់បានទៅរៀន​ដែរ ចេះតែមក​អញ្ចឹង​ ដើម្បីរកដំណោះស្រាយ។​ រដ្ឋាភិបាលរកដំណោះស្រាយ​ឲ្យបានឆាប់​ យើង​អាច​បន្ថយ​ការ​ជំពាក់​គេ តែបើសិនអត់​ដោះ​ស្រាយ ប្រជាជននៅតែវេទនា​រហូត​​»។

នៅ​ឯ​​ក្រសួង​ដែនដី​នៅ​រសៀល​ថ្ងៃ​នេះ ក្រុម​អ្នក​ភូមិ​ទាំង​នោះ បាន​ស្ពាយ​ភួយ​ ម៉ុង កន្ទេល អង្ករ និង​ម្ហូប​អាហារ​ខ្លះ សម្រាប់​ត្រៀម​បោះតង់​ស្នាក់នៅ​មុខ​ក្រសួង​នេះ ដើម្បី​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ។

ពលរដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី​ ផាវ ញើង ព្រមានថា បើក្រសួងដែនដី មិនពន្លឿន​ដំណោះ​ស្រាយតាមការសន្យាទេ អ្នកស្រីថា អ្នក​ភូមិ​នឹងបោះ​តង់ដេក​នៅមុខ​ក្រសួងនេះ រហូត​មានដំណោះស្រាយ​។

អ្នកស្រីព្រមាន​ថា៖ «ខ្ញុំនៅហ្នឹង[ក្នុងក្រសួងដែនដី​] តែបើសិនជាក្រសួងមានសតម្ថកិច្ច​ ឬក៏ឯកឧត្តម ជា សុផារ៉ា បញ្ជាឲ្យដេញចេញ ពួក​ខ្ញុំ​ទៅ​ដេកលើថ្នល់វិញ ព្រោះកន្លែងនោះជាកន្លែងសា​ធារណៈ…បើសិនជាម្ចាស់ក្រសួងគាត់អត់ឲ្យនៅ​ ពួកខ្ញុំចេញទៅក្រៅ​ តែអត់ទៅណា​ទេ… ចាំ​ឲ្យគាត់ថា​ គាត់នឹងទៅដោះស្រាយឲ្យពួកខ្ញុំនៅពេល​ណា​»។

មន្ត្រី​ក្រសួងដែនដី​នគររូប​នីយកម្ម​ និងសំណង់ ដែល​បាន​ចេញ​មក​ជួប​ក្រុម​អ្នក​ភូមិ​ទាំង​នោះ និង​បដិសេធ​ប្រាប់​ឈ្មោះ​នោះ បាន​អះអាង​ប្រាប់​អ្នក​ភូមិ​ថា ក្រសួង និង​ស្ថាប័នពាក់ព័ន្ធ កំពុង​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​នេះជូនពួកគេឲ្យបានឆាប់ ដោយថា កុំឲ្យ​ពួកគេ​ព្រួយ​បារម្ភពី​ករណីនេះ​។

អ្នក​សម្របសម្រួលផ្នែកសិទ្ធិមនុស្ស នៅ​​អង្គការលីកាដូ (LICADHO)  លោក អ៊ិន គង់ជិត ដែល​តាមដាន​ករណី​នេះ មានប្រសាសន៍ថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ​ពន្លឿនដោះស្រាយបញ្ហា​​នេះ​ ជូន​ប្រជា​ព​លរដ្ឋឲ្យបានឆាប់​ ដើម្បីឲ្យពួកគេមាន​ជំនឿ​លើ​ការ​គ្រប់គ្រងរបស់​រដ្ឋាភិបាល​​។​

លោកមានប្រសាសន៍ថា​៖ «ក្រសួងដែនដីដែលពាក់ព័ន្ធ និងសមត្ថកិច្ចរបស់ខ្លួន ត្រូវ​សម្របសម្រួលដោះស្រាយ​ឲ្យបានលទ្ធផលទៅ។​  គួរ​តែ​រដ្ឋាភិបាល​បង្ហាញស្នាដៃ​ឲ្យសាធារណៈបានដឹង បានឃើញ បានឮ​ទៅ ដើម្បីឲ្យគេមានទំនុក​ចិត្តឡើង​វិញ។ ទំនុកចិត្ត គឺជឿជាក់ទៅលើ​ប្រព័ន្ធដោះ​ស្រាយ​ ដែលដោះស្រាយ​ប្រកបដោយ​​ភាពយុត្តិធម៌ ហើយ​ការពារ​បាន​​នូវ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ របស់អ្នកក្រីក្រ​​​​»។

ក្រុម​អ្នក​ភូមិ​អះ​អាង​ថា ពួកគាត់​មាន​ជម្លោះដីជាមួយក្រុមហ៊ុន ហេង ហុយ នោះ អស់​រយៈ​ពេល​​ជិត ១០​ឆ្នាំ​ម​​ក​ហើ​​យ ធ្វើ​ឲ្យ​អ្នក​ភូមិ​ប្រឈមនឹ​ង​ប​ញ្ហា​​ជីវភា​ពរស់នៅប្រចាំថ្ងៃ ហើយ​អ្នក​ភូមិ​ខ្លះទៀត​បង្ខំចិត្ត​ធ្វើចំណា​កស្រុ​ក​ទាំងប្រថុយនឹងគ្រោះថ្នាក់ និងខ្លះទៀតបន្តស្នាក់នៅតា​ម​វត្ត​អារាម​ក្នុង​រា​ជធា​នី​ភ្នំ​ពេ​ញ សុំបា​យ​លោ​ក​ហូ​ប ដើម្បីបន្តស្វែងរកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។