បទយកការណ៍៖ សិល្បករខ្មែរម្នាក់បង្កើតស្នាដៃចម្រៀងចងភ្ជាប់ទំនាក់ទំនងកម្ពុជា-អាមេរិក

លោក យឹង យន (រូបទី៤ រាប់ពីស្តាំ) និងក្រុមសិល្បករ នៅក្នុងការប្រគុំតន្ត្រីមួយនៅខេត្តកំពង់ធំកាលពី១៧ខែមីនា២០១៨ (រូបថត៖ ខាន់ លក្ខិណា)

លោក យឹង យន មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ រស់នៅជាមួយឪពុកម្ដាយ និងមានបងប្អូន៧នាក់ ក្នុងគ្រួសារកសិករ។ លោកចូលចិត្តផ្នែកសិល្បៈតាំងពីកុមារភាព ហើយនៅពេលទំនេរពីការសិក្សា លោក​តែងតែស្ដាប់បទមច្រៀងរបស់លោក កែវ សារ៉ាត់ លោក ស៊ិន ស៊ីសាមុត និងសិល្បកររាមច្បង​ជា​ច្រើន​ទៀត។...

លោក យឹង យន មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ រស់នៅជាមួយឪពុកម្ដាយ និងមានបងប្អូន៧នាក់ ក្នុងគ្រួសារកសិករ។ លោកចូលចិត្តផ្នែកសិល្បៈតាំងពីកុមារភាព ហើយនៅពេលទំនេរពីការសិក្សា លោក​តែងតែស្ដាប់បទមច្រៀងរបស់លោក កែវ សារ៉ាត់ លោក ស៊ិន ស៊ីសាមុត និងសិល្បកររាមច្បង​ជា​ច្រើន​ទៀត។

ដោយសារការស្រឡាញ់សិល្បៈ ជាពិសេសវិស័យចម្រៀងបែបនេះ លោក យឹង យន បាន​ចូល​រៀន​វគ្គបណ្ដុះ​បណ្ដាល​​​នៅតាមសាលាសិល្បៈមួយចំនួន ចាប់តាំងពីដល់ឆ្នាំ២០០១ រហូតបាន​បង្កើតស្នាដៃ​និពន្ធបទ​ច្រៀង​ថ្មីៗជាច្រើន។

លោកថា៖ «ខ្ញុំស្គាល់អាមេរិកច្រើនតាមរយៈចម្រៀង លោក កែវ សារ៉ាត់ទេ ដល់ពេលអញ្ចឹង​ខ្ញុំតែងតែ​មានគំនិតមួយ​ចូលចិត្តនិពន្ធដូចគាត់ ចង់យកគាត់ជារ៉ូលម៉ូឌែល លោក គង់ ប៊ុនឈឿន ដែលចូល​ចិត្តផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ  វាឲ្យយើងស្រឡាញ់ភូមិសាស្ត្រស្រឡាញ់ទឹកដី ស្រឡាញ់ព្រៃប្រឹក្សា ដល់ពេលអញ្ចឹងទៅនៅពេលដែលខ្ញុំទៅកន្លែងណាមួយខ្ញុំតែងនិពន្ធអំពីធម្មជាតិ និពន្ធឈ្មោះទីកន្លែង ទី១ ខ្ញុំចង់ឲ្យបងប្អូនបានស្គាល់ឈ្មោះកន្លែងហ្នឹង មានអីពិសេស ក្នុងតំបន់ហ្នឹង មានព្រៃមានផ្កាឈើ។ ឧទាហរណ៍ ដូចបទអនុស្សាវរីយ៍មុនីសេតា គឺខ្ញុំបាននិពន្ធក្នុងនឹងប្រហែលជាបងប្អូនបានស្ដាប់ហើយ មានចំណុចខ្លះស្លឹកឈើប្រែព៌ណក្រហមលឿងទុំ រដូវទឹកកកធ្លាក់ជិតមកដល់ហើយ»

នៅឆ្នាំ២០១៣ លោក យឹង យន ទទួលបានអាហារូបករណ៍​ទៅចូលរួមកម្មវិធី​ផ្លាស់ប្ដូរ​វប្បធម៌អន្តរជាតិ One Beat ក្រោមការឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក ហើយក្រោយពីចូលរួមក្នុងកម្មវិធីនោះ លោក​បានស្នាក់នៅក្នុងរដ្ឋមួយ នៃទឹកដីសហអាមេរិក ហើយបាននិពន្ធចម្រៀងបានចំនួន២បទ។ បន្ទាប់មក នៅឆ្នាំចន្លោះឆ្នាំ២០១៥ -២០១៦ លោកបាននិពន្ធបទចម្រៀងបន្ថែមទៀត។

ក្រោយពីបាននិពន្ធចម្រៀងជាច្រើននេះ នៅថ្ងៃទី១៧ខែមីនា លោកក៏បានរៀបចំ​ការប្រគុំតន្ត្រីមួយ​ ដើម្បី​បង្ហាញ​ស្នាដៃទាំនោះ ជូនពលរដ្ឋស្តាប់និងទស្សនា ក្នុងខេត្តកំពង់ធំ ដែល​ជា​ស្រុក​កំណើត​របស់​លោក ក្រោមការឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិក។

លោកថា៖ «ខ្ញុំបានទៅស្នាក់នៅ Florida ចំនួនពីរសប្ដាហ៍ ហើយខ្ញុំក៏បាននិពន្ធបទចម្រៀងមួយចំនួនទី១ បទសម្រស់ Florida បទសម្រស់ក្រុងញូយ៉ក ហើយចម្រៀងទាំងអស់ ភាគច្រើនខ្ញុំផ្សាយនៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយសង្គម ហើយទទួលបានការគាំទ្រច្រើន បន្ទាប់មកទៀត ខ្ញុំបានទៅសហរដ្ឋអាមេរិកតាមការ អញ្ចើញរបស់បងប្អូនយើងនៅទីនោះ ហើយខ្ញុំបាននិពន្ធ និង​ថតជាខារ៉ាអូខេជាបន្តបន្ទាប់។ យើងខិតខំ ធ្វើការបែបនេះ ស្ថានទូតបានឧបត្ថមលុយបន្ថែមទៀតឲ្យផលិតចេញជាអាល់ប៊ុមចំនួន៧​ថែមទៀត»

លោក យឹង យន ឲ្យដឹងទៀតថា មូលហេតុ ដែល​ជំរុញ​ឲ្យ​លោក​និពន្ធបទ​ចម្រៀង​ពីទិដ្ឋភាព​នៅ​សហរដ្ឋអាមេរិកនេះ ដោយសារ លោកចង់ប្រាប់ទៅប្រជាពលរដ្ឋខ្មែរ ឲ្យដឹងពីការរីកចម្រើននៅក្នុងទីក្រុង និង​រដ្ឋនានានៃសហរដ្ឋអាមេរិក តាមរយៈការស្ដាប់បទចម្រៀង ទោះបីជាពួកគាត់​មិនបាន​ទៅឃើញ​ផ្ទាល់​ក៏ដោយ។

លោកថា៖ «ខ្ញុំគិតថាច្រៀង ក៏ជាចំណែកមួយនៃផ្សព្វផ្សាយចំណេះដឹង ទាក់ទងនឹងភូមិសាស្ត្រ នយោបាយ​ដូ​ចបងប្អូន ដែលយើងរៀនសាលាចំណេះដឹងទូទៅ ដែលរៀនភូមិវិទ្យា រៀន​ប្រវត្តិ​សាស្ត្រ​អន្តរជាតិ។ ហើយ ខ្ញុំគិតថា ចម្រៀងក៏ជាការផ្សារភ្ជាប់ចំណេះដឹង ការផ្សារភ្ជាប់ទំនាក់ទំនង រវាង​ប្រជាជន​និង​ប្រជាជន ប្រទេសនិងប្រទេស ដើម្បីឲ្យប្រជាជននៅក្នុងពិភពលោក​បានស្គាល់​គ្នា​ជាពិសេស​ថា​ចង់​ឲ្យ​បង​ប្អូន​ខ្មែរយើង ដែលមិនធ្លាប់ទៅអាមេរិក បានស្គាល់អាមេរិកតាមរយៈបទចម្រៀងរបស់ខ្ញុំ»

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ដែលបានទៅចូលរួមក្នុងពិធីការ​ប្រគុំ​តន្ត្រី​​នោះ ថ្លែថា ស្នាដៃសិល្បរបស់លោក យឹង យន តាមរយៈការច្រៀងរៀបរាប់​ទិដ្ឋភាព​សហរដ្ឋអាមេរិក​នេះ ក៏ជាការផ្សារ​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាងកម្ពុជា-អាមេរិកផងដែរ។

លោកថា៖ «ដូចខ្ញុំបាននិយាយចឹង ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋអាមេរិចចូលចិត្តចម្រៀង​។​ នៅពេលដែលយុវជនខ្មែរទៅសហរដ្ឋអាមេរិក គាត់បានឃើញភាពស្រស់ស្អាតនៅក្នុងរូបភាពផ្សេងៗគ្នា នាំឲ្យគាត់សរសេរចម្រៀងអំពីអាមេរិច​ ហើយពេលគាត់ត្រឡប់មកវិញសរសេរ និងច្រៀង អំពី អាមេរិក ជា ភាសាខ្មែរ។​​ បែបនេះ ហើយតាមរយៈចម្រៀងធ្វើឲ្យទំនាក់ទំនងរបស់អាមេរិក និងកម្ពុជាចងភ្ឋាប់គ្នា។ បើសិន ជាអ្នកមិនដែលទៅអាមេរិកពីមុន នោះអ្នកនឹងស្តាប់ចម្រៀងជាមុន»

ពលរដ្ឋម្នាក់ អ្នកស្រី គីង ធីតា ដែលទៅមើលការប្រគុំតន្ត្រីនោះ លើកឡើងថា ការនិពន្ធបទចម្រៀង​ដែលបានរៀបរាប់ពីទេសភាពនៅក្រៅប្រទេសមកប្រាប់ពួកគាត់នេះ ជារឿងល្អ។ ស្ត្រីរូបនេះនិយាយថា  ថ្វីបើពួកគាត់មិន ទៅដល់សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែពួកគាត់ក៏អាចដឹងពីទិដ្ឋភាពនៅទីនោះខ្លះដែរ។

អ្នកស្រីថា៖ «ខ្ញុំគិតថាប្រជាពលរដ្ឋដទៃ ក៏គិតដូចខ្ញុំដែរ ព្រោះថា គាត់បានលើកឡើងអំពើទិដ្ឋភាពជាក់ស្ដែង នៅអាមេរិក ហើយខ្ញុំគិតថា ថ្វីបើខ្ញុំមិនបានទៅទេ ប៉ុន្តែគាត់បានរៀបរាប់មកហើយ ការបង្ហាញមកហាក់បីដូច ជាយើងនៅក្នុងទិដ្ឋភាពនឹងដែរ។ ខ្ញុំ ជឿថា ប្រជាពលរដ្ឋទាំងអស់ ដែលបានស្ដាប់បទចម្រៀងនេះ ក៏មានអារម្មណ៍ដូចជាខ្ញុំដែរ»

អ្នកស្រី មានប្រសាសន៍បន្តថា ការច្រៀងរៀបរាប់ពីទេសភាព និងការរីចម្រើន​នៅ​សហរដ្ឋ​អាមេរិកមក​ប្រាប់​ពួកគាត់ វាជាការជំរុញមួយទៅយុវជនក្មេងៗ ដែលបានស្ដាប់ចម្រៀងនេះ ធ្វើឲ្យពួកគេចង់ទៅសិក្សា និងចង់ទៅឃើញផ្ទាល់នៅទីនោះ ហើយចម្រៀងនេះ វាជាការបង្កើនឲ្យទំនាក់ទងរវាងប្រជាជន ប្រទេស​ទាំង​ពីរឲ្យកាន់តែល្អ។ ស្រ្តីរូបនេះ ចង់ឃើញ ការប្រគុំតន្ត្រីបែបនេះ កើតមាននៅតាមខេត្តផ្សេងៗ ដើម្បី​ឲ្យប្រជាពលរដ្ឋនៅតាមខេត្តបានដឹង។

បើតាមប្រវត្តិសាស្ត្រ កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​១៩៥០​មកម្ល៉េះ។ នៅ​ចន្លោះ​ឆ្នាំ​១៩៥៥ និងឆ្នាំ​១៩៦៣ សហរដ្ឋអាមេរិក​ បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា សម្រាប់ធ្វើការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជិត ៤១០​លាន​ដុល្លារ និង​ជួយ​​វិស័យ​កងទ័ព​ជាង ៨៣​លាន​ដុល្លារ ដែលជំនួយ​ទាំង​នេះ​ផ្ដល់​សម្រាប់​​ស្ដារ​ប្រទេស​កម្ពុជាឡើងវិញ ក្រោយ​ពី​សង្គ្រាម​ត្រជាក់ និង​​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង។ ក្នុង​នោះ សហរដ្ឋអាមេរិក ក៏បាន​ជួយ​លើក​កម្ពស់​ខាង​ផ្នែក​វប្បធម៌ សន្តិសុខ​ និងក្នុងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ចំនួនផងដែរ។

ទោះជាយ៉ាងណា លោក យឹង យន និយាយថា ទោះបីទំនាក់​បច្ចុប្បន្ន​កម្ពុជា​និង​អាមេរិក​ហាក់មានភាពល្អក់កកជាងមុនបន្តិច ប៉ុន្តែលោកជឿថា បទចម្រៀង ដែល​លោក​និពន្ធ​ជាច្រើន​ស្តី​ពី​ទិដ្ឋភាព​នៅអាមេរិកនោះ ក៏ជាមូលដ្ឋានក្នុង​ការកសាង​ទំនាក់​ទំនង​​ល្អ ​រវាង​ប្រជាជន​កម្ពុជា​និងប្រជាជនសហរដ្ឋអាមេរិកឡើងវិញ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។