សមត្ថកិច្ចពង្រឹងទប់ស្កាត់ទំនិញគេចពន្ធនិងខូចគុណភាពនាំចូលពីថៃ

អាជ្ញាធរបន្ទាយមានជ័យបានដាក់កម្លាំង​នគរបាល​ជំនាញនៅតាមច្រកព្រំដែននីមួយៗ ដោយថា ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ​ និងទំនិញ​ខូចគុណភាពដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ។

អភិបាលខេត្តបន្ទាយមានជ័យលោក សួន បវរ ប្រាប់វីអូឌីនៅថ្ងៃម្សិលមិញថា អាជ្ញាធរបានចុះពិនិត្យ តាម​ច្រក​​ព្រំដែនមួយចំនួនដើម្បីទប់ស្កាត់ការនាំទំនិញគេចពន្ធ និងទំនិញខូចគុណភាព។ លោកបន្តថា ការចុះពិនិត្យនេះធ្វើតាមបញ្ជាថ្នាក់ដឹកនាំ​ ដោយសារកន្លងមកមានឈ្មួញបានលួចនាំទំនិញចូលនៅតាមច្រកទាំងនោះ។

លោកថា៖« វាចេះតែមានបន្តិចបន្តួត អញ្ចឹងហើយបានជាយើងទទួលបទបញ្ជាពីសម្ដេច យើងរឹតបន្តឹង អញ្ចឹង ហើយបានជាយើងដាក់ពង្រាយកងកម្លាំង ដើម្បីមានវិធានការរឹតបន្តឹង ប៉ុន្តែមួយរយៈ នេះគឺមិន ទាន់មានឃើញបាតុភាពអ្វីកើតឡើងនៅឡើយទេ»។

លោកបន្តថា ការចុះពិនិត្យតាមបន្ទាត់ព្រំដែន ធ្វើឡើងចាប់តាំងពីថ្ងៃទី១៩ ខែមីនា ហើយទីកន្លែងដែលត្រូវ ពិនិត្យ មាន​ដូចជា ក្រុង​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​  ស្រុក​ស្វាយចេក​ ​ស្រុកថ្មពួក​ រួមទាំងក្រុង​ជាប់​ព្រំដែន​ និង​បិទច្រករបៀង​ខុសច្បាប់​មួយ​ចំនួន​ទៀត ដែលធ្លាប់មានបទល្មើសកើតឡើង។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា ចាត់ទុកការចុះត្រួត ពិនិត្យរបស់អាជ្ញាធរថា ធ្វើឡើងឲ្យតែល្អមើលប៉ុណ្ណោះ ដោយសារ ទំនិញគេចពន្ធ និងទំនិញខូចគុណភាព ដូចជា សាច់មាន់ សាច់ទា សាច់ជ្រូករួមទាំងទំនិញផ្សេងទៀត ត្រូវបានឈ្មួញនាំ ចូលជារៀងរាល់ថ្ងៃ ដោយគ្មានការទប់ស្កាត់ឡើយ។​

លោកថា៖«នៅតាមច្រកមហោស្របស្ថិតនៅក្នុងគោករមាសស្រុកថ្មពួកគឺចេញម៉ូតូដូចម្រាមដៃច្រកផ្សេងៗ ទៀតតាមបណ្ដាយព្រំដែនខ្មែរថៃចេញឡានផង ចេញម៉ូតូផង ចេញឈើក្រញូងផង សុទ្ធរបស់ គេចពន្ធប៉ុនការឆ្លើយ អាហ្នឹងពង្រឹងអី ថាមិនចាំបាច់ពង្រឹងអីធ្វើឲ្យវារឹងទៅ។ អនុវត្តទៅតាម ការបញ្ជា ឬក៏ចេញសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ វាល្អពេកហើយ ប៉ុនប្រកាសខាងលើហើយ អាខាងក្រោមនេះ វាមិនប្រកាសអីនៅតែបើកនៅតែចំហដដែលហ្នឹង»។

ជាញឹកញាប់ មន្ត្រីកម្ពុជានៅតាមព្រំដែនជាប់ជាមួយថៃ តែងតែចាប់ឃាត់ទុក និងដុតបំផ្លាញចោលទំនិញដូចជា អាហារកំប៉ុង ជង្គង់មាន់ សាច់មាន់ជាដើម ដែលនាំចូលពីប្រទេសថៃ ក្រោយពេលពិនិត្យឃើញថា ទំនិញទាំងនោះខូចគុណភាព។

កាលពីថ្ងៃទី៧ ខែមីនា កន្លងមក មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មន្ត្រីកាំកុងត្រូល បានដុតបំផ្លាញផលិតក្លែងក្លាយ និង ខូចគុណភាពទម្ងន់ជាង១០តោន បន្ទាប់ពីរឹបអូសបានពីឈ្មួញដែលចែកចាយនៅលើទីផ្សារ។​ ការដុតនោះរៀបចំធ្វើឡើងនៅជាយរាជធានីភ្នំពេញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ