ក្រោយពីចុះពីលើយន្តហោះមកពីក្នុងព្រឹត្តិការណ៍ Hong Kong Film Mart Festival នៅក្នុងប្រទេសចិន លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលត្រូវបានអញ្ជើញអោយចូលរួមក្នុងព្រឹត្តិការណ៍នេះ បានសារភាពថា ភាពយន្តខ្មែរ គឺទោះជាប្រឹងអភិវឌ្ឍន៍ជាងហ្នឹង ក៏មិនអាចធ្វើការប្រកួតលើឆាកអន្តរជាតិបានដែរ។
លោកបានត្រឹមតែថា ភាពយន្តដែលបានផលិតហើយចូលត្រឹមទីផ្សារជិតខាង និងបម្រើអោយតម្រូវការរបស់អ្នកទស្សនាខ្មែរប៉ុណ្ណោះ ដោយលោកបញ្ជាក់នូវហេតុផលច្រើនយ៉ាងដែលនាំអោយលោកយល់ឃើញបែបនោះ បន្ទាប់ពីបានទៅឃើញភាពយន្តបរទេសមកពីជុំវិញពិភពលោកបង្ហាញខ្លួននៅក្នុងមហោស្រពអន្តរជាតិ។ ការលើកឡើងរបស់លោកគឺផ្ទុយពីក្រុមផលិតករមួយចំនួន ដែលធ្លាប់ប្រកាសថាភាពយន្តខ្មែរកំពុងមានការទទួលស្គាល់ដោយអន្តរជាតិ ហើយមិនពិបាកប្រកួតប្រជែង។
លោកថ្លែងបញ្ជាក់ថា ផ្អែកតាមភាពជាក់ស្ដែងលោកនៅតែយល់ឃើញថា ភាពយន្តរបស់កម្ពុជាមិនអាចជាទីផ្សារលើឆាកអន្តរជាតិបានទេ ដោយសូម្បីតែគុណភាពសម្រាប់តម្រូវការនៅក្នុងមហោស្រពភាពយន្តអន្តរជាតិដែលលោកបានឃើញនៅក្នុងទីក្រុងហុងកុង ក៏លោកយល់ពិបាកទៅរួច។ ហេតុផលដែលលោកយល់ឃើញបែបនេះ គឺដោយសារតែបញ្ហាដើមទុន និងសម្ភារៈក្នុងការផលិតតែម្ដង ខណៈដែលនៅកម្ពុជាប្រភពពីការផលិតកុនក៏មានចំនួនក្នុងកម្រិតមួយមិនសូវល្អប្រសើរ ដែលលោកនិយាយថាបើហ៊ានធ្វើកុនអោយត្រូវស្ដង់អន្តរជាតិ គឺមិនខុសពីផ្សងព្រេង និងឡុងចុងខ្លាំងនោះឡើយ។
លោកនិយាយថាភាពយន្តមួយដែលមានកម្រិតស្ដង់ដារអាចចូលដល់ទីផ្សារអន្តរជាតិបាន គឺលុះត្រាប្រើទុនចាប់ពីកន្លះលានដុល្លារ ឡើងទេ ដោយរឿងដែលល្អមែនទែន គឺលុះត្រាតែចាយរង្វង់មួយលានដុល្លារឡើងទៅ ដែលលោកប្រកាសថាមិនមានផលិតករក្នុងស្រុកណាមួយហ៊ានចំណាយដល់ម្លឹងបានទេ ដោយសារតែទីផ្សារក្នុងស្រុកក៏មិនអាចរកប្រភពចំណូលបានដល់ប៉ុណ្ណឹងវិញ ស្របគ្នាដែរនៅក្រៅប្រទេសក៏មិនប្រាកដថាជោគជ័យក្រោយការចំណាយខ្ពស់រង្វង់ហ្នឹងផលិតឡើង។
លោកអះអាងថា នៅក្នុងទីផ្សារខាងក្រៅប្រទេស គេហ៊ានចំណាយទុនខ្ពស់ផលិតរឿងដល់រង្វង់រាប់លានដុល្លារ ដោយសារតែពលរដ្ឋគេច្រើន ហើយបើទោះជាមិនបានជោគជ័យសម្រាប់ការដាក់បញ្ចាំងនៅក្រៅប្រទេសក៏អាចកើបចំណូលបានខ្ពស់ពីការបញ្ចាំងក្នុងស្រុក ទើបខាងផលិតកររបស់បរទេសបន្តផលិតយកស្នាដៃដោយមិនខ្វល់អស់ច្រើន។
លោកនិយាយថា៖ «ខ្ញុំមើលទៅរឿងយើងវាបានត្រឹមតែក្នុងស្រុក និងទៅប្រទេសជិតខាងអីតិចតួចទេ ប៉ុន្តែបើទៅដល់ទីផ្សារក្រៅប្រទេស ឬចង់ចូលក្នុងមហោស្រពភាពយន្តអន្តរជាតិអីអោយគេចាប់អារម្មណ៍ចូលអត់រួចទេ ដោយសារតែទុនគេរាប់លាន ហើយរឿងយើងមិនដល់១០ម៉ឺនផងហ្នឹង!»។
លោកថា ភាពយន្តមួយដែលល្អទៅបានគឺអាស្រ័យលើដើមទុន អាស្រ័យសម្ភារៈដែលត្រូវប្រើប្រាស់ដើម្បីផលិត និងអាស្រ័យលើក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់ ហើយសម្រាប់កត្តាទាំង៣ មិនទាន់មានផលិតករក្នុងស្រុកណាមួយ ដែលអាចទៅរួចនោះទេ ដោយសារតែផលិតករស្ទើរទាំងអស់នៅក្នុងស្រុកលោកថាបើទោះជាចេញពីគ្រួសារអ្នកមានស្ដុកស្ដម្ភប៉ុណ្ណា ក៏មានហ៊ានបោះទុនផលិតរឿងដល់ខ្ទង់លាននោះដែរ។
លោក អ៊ិន សុភិន បន្តថាសម្រាប់ភាពយន្តកម្ពុជាមិនចាំបាច់ឆ្នាំក្រោយឬ១០ឆ្នាំក្រោយនោះទេ សំខាន់អោយតែមានលុយ មានដើមទុនគ្រប់គ្រាន់គឺអាចផលិតបានមិនចាញ់ភាពយន្តបរទេសនោះទេ ប៉ុន្តែលោកបានសរសើរថាបណ្ដាផលិតករក្រៅស្រុកមានការភ្ញាក់ផ្អើល ក្នុងពេលដែលបានដឹងថាភាពយន្តខ្មែរមួយៗចំណាយអស់ត្រឹមតែ៤ទៅ៥ម៉ឺនដុល្លារ ក៏អាចទទួលយកបានដែរ ដែលខាងផលិតករទាំងនោះបានចោទសួរមកលោកវិញថា តើត្រូវផលិតយ៉ាងមិចដើម្បីអោយមួយរឿងចប់ចំណាយអស់តិចយ៉ាងនឹង។ លោកថាកម្ពុជាប្រហែលត្រូវការអ្នកមើលកុនក្នុងស្រុកឈានដល់ច្រើនលាននាក់គាំទ្ររឿងខ្មែរជាមុនសិន ទើបអាចអោយផលិតករណាមួយហ៊ានបោះទុនដល់កន្លះលានដុល្លារ ឬច្រើនជាងនេះធ្វើការផលិតរឿង៕