ជប៉ុនជំរុញកម្ពុជាឲ្យរៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌

រូបភាព៖​​ លោក Kentaro Sonoura និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

ជប៉ុនជាប្រទេសដែលតែងរក្សាភាពស្ងប់ស្ងាត់ចំពោះស្ថានភាពនយោបាយនៅកម្ពុជានោះ បានជំរុញដែលធ្វើឡើងដោយកម្រឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ប្រកបដោយសេរី និងយុត្តិធម៌ដែលគ្រប់ភាគីអាចទទួលយកបាន។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Foxnew  កាលពីម្សិលមិញបានឲ្យដឹងថាបេសកជនជប៉ុនគឺលោក Kentaro Sonoura បានស្ថិត​នៅក្នុងប្រទេសកម្ពុជាដើម្បីពិភាក្សាជុំវិញការបោះឆ្នោតខាងមុខ ជាមួយលោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​ និងជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត។

តាមការចុះផ្សាយដដែលនោះបានលើកឡើងថា ក្នុងអំឡុងពេលបេសកកម្មនៅកម្ពុជានេះ លោក Kentaro Sonoura បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស​លោកប្រាក់ សុខុន ថា រដ្ឋាភិបាលទីក្រុងតូក្យូ ចង់ឃើញការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌នៅកម្ពុជា។

ទោះបីជាយ៉ាងណាក្នុងជំនួបសំណេះសំណាលការងារ នៅវិមានសន្តិភាពនារសៀលថ្ងៃទី ២៣ ខែ មីនា ម្សិលមិញ​ជាមួយ លោក Kentaro Sonoura លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងប្រាប់ទៅភាគីជប៉ុនថា នៅ​កម្ពុជាមានគណបក្សនយោបាយជាច្រើន ចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ហើយក៏មាន​គណ​បក្ស​នយោបាយខ្លាំងៗ ដែលតាំងខ្លួនជាបក្សប្រឆាំងផងដែរ។ នេះបើតាមការចុះផ្សាយរបស់ freshnews។

ការចុះផ្សាយដដែលបន្តលើយកសំដីលោក ហ៊ុន សែនថា ស្ថានភាពនយោបាយ​នៅកម្ពុជា​គឺល្អប្រសើរ​ច្រើន​បើ​ធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ តែកម្ពុជាបែរជាត្រូវប្រទេសលោក​ខាង​លិច​ធ្វើការវាយប្រហារ ដោយ គ្រាន់តែជាការអនុវត្តន៍ច្បាប់ជុំវិញការរំលាយបក្ស និងចាប់ខ្លួនប្រធានបក្សប្រឆាំងលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ