គ.ជ.ប ឲ្យភាគីពាក់ព័ន្ធចុះឈ្មោះអ្នកសង្កេតការណ៍

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ មកទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្ដែ សហគមន៍អន្ដរជាតិ បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតនេះនោះឡើយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ មកទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្ដែ សហគមន៍អន្ដរជាតិ បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតនេះនោះឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញ ប្រធាន គ.ជ.ប លោក ស៊ិន ប៊ុនហុក បានអំពាវនាវទៅគណបក្សនយោបាយ អង្គការជាតិ និងអន្ដរជាតិ ឲ្យមកដាក់ និងទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍របស់ខ្លួន នៅមុនការបោះឆ្នោតនាខែកក្កដាឆ្នាំ២០១៨ខាងមុខ។

គ.ជ.ប គូសបញ្ជាក់ថា ចំពោះគណបក្សនយោបាយ ដែលបានចុះបញ្ជីរួចហើយ ពួកគេមានសិទ្ធិចាត់តាំងភ្នាក់ងារពេញសិទ្ធិ១រូប និងភ្នាក់ងារបម្រុង១រូប ដើម្បីចូលរួមសង្កេតការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ក្នុងឃុំ សង្កាត់។

បើតាមសេចក្ដីប្រកាសព័ត៌មាន គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល អាចមកដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារសង្កេតការណ៍របស់ខ្លួនបាន ចាប់ផ្ដើមពីថ្ងៃទី២៩មិថុនា ដល់ថ្ងៃទី៥ខែកក្កដា។ ចំណែក ការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្ដរជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៣មេសា ដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០១៨។

តាមការគ្រោងទុក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩កក្កដាខាងមុខនេះ។

ប៉ុន្ដែ សហគមន៍អន្ដរជាតិ បានព្រមានថា ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ នឹងមិនមានភាពស្របច្បាប់នោះទេ បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សប្រឆាំងដ៏ធំ ការចាប់ខ្លួនលោក កឹម សុខា ការបិទសិទ្ធិធ្វើនយោបាយរបស់អតីតមន្ដ្រីបក្សប្រឆាំង១១៨រូប ការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។