ក្រុមអ្នកភូមិមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយតំណាងរាស្ត្រខេត្តព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជា បានឡើងមកស្វែងរកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យពន្លឿនដំណោះស្រាយជូនពួកគេឲ្យបានឆាប់ ដោយព្រមានថា នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មី ប្រសិនបើមិនទទួលបានដំណោះស្រាយទេនោះ។
ជាអ្នកភូមិម្នាក់ក្នុងចំណោមពលរដ្ឋមកពីភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត លោក គិន ចន្ថា បានប្រាប់ឲ្យដឹងថា ក្រុមអ្នកភូមិបានស្វែងរកដំណោះស្រាយពីអភិបាលខេត្តព្រះវិហារ ២ជំនាន់រួចមកហើយ ហើយក៏បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃផងដែរ ប៉ុន្តែ លោកថា នៅតែគ្មានដំណោះស្រាយដដែល។
លោករៀបរាប់ថា៖ «ខ្ញុំប្រជាពលរដ្ឋទាំងអស់នាំគ្នា មកទាមទារឲ្យធ្វើម៉េចឲ្យសម្តេចក្រឡាហោម ស ខេង ជួយជំរុញទៅក្រសួងដែនដីនគររូបនីយកម្ម ជួយការពន្លឿនដោះស្រាយឲ្យបានឆាប់រហ័ស ព្រោះបច្ចុប្បន្ននេះជួបការលំបាក ខ្លះចំណាកស្រុកទៅនៅប្រទេសថៃ រកស៊ីដើម្បីចិញ្ចឹមជីវិត ទីជម្រកដែលខ្ញុំរស់នៅអត់មាន ជួបការលំបាកច្រើន»។
វីអូឌីមិនអាចទំនាក់ទំនងអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីឆ្លើយតបនឹងបញ្ហានេះបាននៅឡើយទេ ដោយទូរស័ព្ទហៅចូល ប៉ុន្តែ ជាប់រវល់។
បើតាមពលរដ្ឋដដែលនេះ ជម្លោះដីធ្លីបានផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០១២ បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ដែលកាលនោះជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនោះ បានបញ្ជាឲ្យគ្រឿងចក្រទៅឈូសឆាយវាយកម្ទេចផ្ទះសម្បែង សាលារៀន និងវត្តអារាម ហើយបានបណ្ដេញប្រជាពលរដ្ឋ ២៥៣គ្រួសារ និងព្រះសង្ឃ ឲ្យចាកចេញពីដីធ្លីផ្ទះសម្បែងរបស់ពួកគេ។
ក្រុមអ្នកភូមិបានចោទតំណាងរាស្ត្របក្សកាន់អំណាចរូបនេះថា បានឃុបឃិតគ្នាជាមួយប្រធានអាជ្ញាធរជាតិព្រះវិហារ លោក ជុច ភឿន និងអាជ្ញាធរខេត្តនេះប្លន់យកដីធ្លីរបស់ពួកគេ ហើយបានរាយការណ៍ប្រាប់ថ្នាក់ដឹកនាំប្រទេសថា ប្រជាជនបានយល់ព្រមចាកចេញដោយខ្លួនឯង ដើម្បីគេចពីគ្រោះថ្នាក់អំឡុងពេលកងទ័ពកម្ពុជា និងថៃប៉ះទង្គិចគ្នានៅតាមព្រំដែន។
តំណាងរាស្ត្រខេត្តព្រះវិហារ លោក សួស យ៉ារ៉ា បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋ ហើយថា ជម្លោះដីធ្លីនេះ ត្រូវបានស្ថាប័នពាក់ព័ន្ធដោះស្រាយជូនប្រជាពលរដ្ឋរួចហើយ។ ករណីប្រជាពលរដ្ឋនាំគ្នាមកក្រសួងមហាផ្ទៃនៅថ្ងៃនេះ លោក យ៉ារ៉ា បានដាក់មន្ទិលសង្ស័យថា ទំនងជាមានអ្នកនៅពីក្រោយខ្នងក្រុមអ្នកភូមិទាំងនោះ។
លោកមានប្រសាសន៍ថា៖ «ស្ថាប័ននៅថ្នាក់ក្រោមជាតិ ស្ថាប័ននៅក្រសួងមហាផ្ទៃ ស្ថាប័ននៅរដ្ឋសភា បានទទួលពាក្យបណ្តឹងទាំងអស់ ហើយបានត្រួតពិនិត្យ និងដោះស្រាយ ៣ឆ្នាំហើយ ហើយទាំងអស់គ្នាក៏បានឃើញ និងទទួលសេចក្តីសម្រេចរបស់ក្រសួងដែរ។ អញ្ចឹងអ្វីដែលការបង្កឡើងថ្មីនេះ គឺបានន័យថា វាមានអ្វីនៅពីក្រោយខ្នងបានវាមានការកើតឡើង ហើយខ្ញុំមិនទាន់វិនិច្ឆ័យថា នរណាទេ ក៏ប៉ុន្តែជារឿងមួយដែលមានការអុចអាល»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានផ្ដល់ជាយោបល់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវពន្លឿនដំណោះស្រាយសម្រាប់ជម្លោះដីធ្លីនេះ ដោយថា ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាល។
លោកប្រាប់ថា៖ «ខ្ញុំគិតថា មិនមែនតែបញ្ហាហ្នឹងទេ យើងគិតថា គ្រប់បញ្ហាដីធ្លីទាំងអស់ ប៉ុន្តែ បញ្ហានេះជាបញ្ហារាំរ៉ៃយូរហើយ គួរតែពន្លឿនដោះស្រាយឲ្យបានលឿនសម្រាប់ប្រជាពលរដ្ឋ ទីមួយអាចឲ្យប្រជាពលរដ្ឋ អាចមានដីសម្រាប់បង្កបង្កើនផល សម្រាប់ចិញ្ចឹមគ្រួសារ ទីពីរ សម្រាប់ជាកិត្តិយសរបស់រដ្ឋាភិបាល របស់អាជ្ញាធរផង សម្រាប់ដោះស្រាយសម្រាប់ពួកគាត់»។
ក្រុមអ្នកភូមិទាំងនោះ បានឲ្យដឹងថា ពួកគេបានដាក់ញ្ញាត្តិទៅកាន់រដ្ឋសភា ក្រសួងរៀបចំដែនដី ខុទ្ទការល័យនាយករដ្ឋមន្ត្រី រួមទាំងស្ថានទូតនានា ប៉ុន្តែ ពុំមានការឆ្លើយតបអ្វីជាវិជ្ជមានសម្រាប់ពួកគេនោះទេរហូតមកទល់នឹងសព្វថ្ងៃនេះ៕