ខុមហ្វ្រែលព្រមានមិនចូលរួមឃ្លាំមើលបោះឆ្នោតបើស្ថានការណ៍មិនធានាយន្តការប្រជាធិបតេយ្យ

អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅខុមហ្វ្រែលព្រមានថាខ្លួននឹងមិនចូលរួមឃ្លាំមើល​ដំណើរការបោះ​ឆ្នោតអាណត្តិទី​៦នេះ​ទេ បើដំណើរការរៀបចំមិនធានាដល់យន្តការប្រជាធិបតេយ្យនោះ។

ការចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិជាដើម ត្រូវសហគមន៍​​​អន្តរជាតិនៃ​ប្រទេស​​​លោកសេរីថ្កោលទោសថាកម្ពុជាកំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំឭកឲ្យស្តារស្ថានការណ៍នយោបាយនេះឡើងវិញ ដើម្បីធានា​​ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ ដើរតាមយន្តការប្រជាធិបតេយ្យ ដោយមានបក្សប្រ​​ឆាំង​​​ចូលរួមប្រ​​កូ​​​ត​​ឡើងវិញ ដោយគ្មានការគំរាមកំហែង។

ប្រធានផ្នែកព័ត៌មាននៅអង្គការខុមហ្វ្រែលលោក នាង សុវណ្ណ ថ្លែងក្នុងសិក្ខាសាលាស្តីពីការបោះឆ្នោត និងសិទ្ធិទទួល​​​បានព័​ត៌មាន ក្នុងរាជធានីភ្នំពេញ នាថ្ងៃម្សិលមិញថា ថ្មីៗនេះប្រទេសចំនួន៤៥បានជំរុញទៅរដ្ឋាភិបាលកម្ពុជាឲ្យរកដំណោះស្រាយ ដើម្បី​ឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមប្រកួតការបោះឆ្នោត ដោយសេរី តាមយន្តការប្រជាធិបតេយ្យឡើងវិញ។

លោក នាង សុវណ្ណ ឲ្យដឹងទៀតថាការធ្វើវិសោធនកកម្មច្បាប់មួយចំនួន ដែលឈានទៅរំលាយបក្សប្រឆាំងមុនការបោះឆ្នោត លោក​​​ថាជាការព្រួយបារម្ភមួយទៀតថា តើគណបក្សដែលឈ្នះឆ្នោតនៅពេលខាងមុខ អាចគេចផុតពីការរំលាយចោល ដូចគ​​ណ​​បក្ស​សង្គ្រោះជាតិឬយ៉ាងណា ។

មន្ត្រីសង្គមស៊ីវិលរូបនេះ អះអាងថា  នៅពាក់កណ្តាលខែឧសភា ខុមហ្វ្រែលនឹងប្រកាសពីជំហ របស់ខ្លួនថា គួរដាក់អ្នកស​ង្កេត​កា​រណ៍ឃ្លាំមើលការបោះឆ្នោត ឬក៏អត់ បើខុមហ្វ្រែលមើលឃើញថា ដំណើរការរៀបចំការបោះឆ្នោត​មិនអាច​​ធានាដល់​​យន្ត​ការ​​​ប្រជាធិបតេយ្យបាននោះ។

លោកថា ៖«បើសិនជាវិសោធនកម្ម នៅតែមានឥទ្ធិពល តើវាអាចជះឥទ្ធិពលដល់គណបក្សផ្សេងទៀតទេ នៅពេលដែលគាត់មានកម្លាំងប្រកួតប្រជែងនៅក្នុងរដ្ឋសភា ឬក៏នៅក្នុងឃុំសង្កាត់ តើវាអាចមានឱកាសរំលាយគណបក្សហ្នឹងទៀតដែរឬទេ? ចឹងហើយបានខុមហ្វ្រែល និងក្រុមការងារទាំងអស់ តាំងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋានត្រូវការជជែកគ្នា ត្រូវការសួរយោបល់គ្នា ទាំង​​ដៃគូបន្ទប់អឺរ៉ា ទាំងដៃគូសង្កេតការបោះឆ្នោតទាំងអស់ ដើម្បីយកយោបល់រួមមួយ ថាតើយើងគួរចូលរួមដើម្បីជាប្រយោជន៍អ្វីខ្លះ»

មន្ត្រី គជប លោក សោម សូ លីដា ហៅការអះអាង របស់មន្ត្រីខុមហ្វែ្រលនេះ ថាជាការលំអៀង​មួយមិន​បានគិត​​ពីប្រ​យោ​​​ជន៍ជាតិ

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាអ្វីដែលខុមហ្វ្រែលកំពុងធ្វើនេះ ខ្ញុំគិតថាកំពុងធ្វើនេះ គឺកំពុងបំរើឲ្យយោបាយមិនមែនបំរើឲ្យ បច្ចេកទេស ពីព្រោះខ្ញុំមើលគោលការណ៍របស់ខុមហ្វ្រែលហើយការអនុវត្តរបស់ខុមហ្វ្រែលអត់ដូចគ្នាទេ ចឹងហាក់ដូចជាគោលការដែលកំណត់សម្រាប់ស្ថាប័នជាមួយការអនុវត្តវាផ្ទុយគ្នា»

ទោះជាយ៉ាងណា ស្ថានការណ៍នយោបាយនៅកម្ពុជានេះជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននាំមុខគេផ្តាច់ជំនួយដល់ គជប និងគំរាមដាក់ទណ្ឌកម្មសេដ្ឋបើរដ្ឋាភិបាលមិនស្តារប្រជាធិបតេយ្យឡើងវិញ ធានាដល់ការបោះឆ្នោត​ជ្រើសតាំងតំ​​ណា​​ង​រាស្ត្រ ដែលគ្រោងធ្វើនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ