ពលករ​ខ្មែរ​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំ​វិញ​ការ​រិះគន់​លោក ហ៊ុន សែន តាម​ហ្វេសប៊ុក

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

ពលករ​ខ្មែរ​ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ជុំ​វិញ​ការ​ថ្លែងរិះគន់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បន្ទាប់​ពី​​ពលករ​ម្នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​​ ក្រោយ​ពី​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។

ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ លោក ម៉ី វឿន ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់​ខ្លួន​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្នុង​ក្រុង​សិរីសោភ័ណ ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ពោល​គឺ ២​ថ្ងៃ​ក្រោយ​ពី​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។

លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ី វឿន បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ចោទ​ប្រកាន់​លោក​កូន​ក្ដី​របស់​លោក​ពី​បទ «ជេរ​ប្រមាថ​មន្ត្រី​រាជ​ការ​សាធារណៈ និង​ញ៉ុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង» មួយ​ថ្ងៃ​ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន។ មេធាវី​រូប​នេះ​បាន​បន្ថែម​ថា លោក​បាន​ដាក់​ពាក្យ​ទៅ​តុលាការ ដើម្បី​ស្នើ​សុំ​ដោះ​លែង​កូន​ក្ដី​របស់​លោក ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​នេះ។

លោក​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំនឹងដាក់ពាក្យថ្ងៃហ្នឹង ដោយសារព្រឹកមិញ រៀបចំអស់ហើយទាក់ទងឯកសារធានានៅក្រៅឃុំ ប៉ុន្តែ យើងអត់ទាន់បានមេដៃគាត់ពឹងពាក់មេធាវី ដើម្បីយកទៅដាក់នៅតុលាការ ហើយយើងនឹងជួបគាត់ឲ្យគាត់ផ្តិតមេដៃយកដាក់នៅតុលការ»

វីអូឌី​មិន​អាច​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ទូរស័ព្ទ​ចូល​ ប៉ុន្តែ គ្មាន​អ្នក​ទទួល។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុក លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​តែពិចារណាទៅលើការបញ្ចេញមតិរិះគន់​របស់​ប្រជា​ពលរដ្ឋ ដែល​​បង្ហាញ​ការ​មិនពេញចិត្តទៅលើការដឹកនាំ ជា​ជាង​ការ​ចាត់​វិធានការ​ទៅ​លើ​ពួកគេ។

លោកមាន​ប្រសាសន៍​ថា៖ «ទុកឲ្យមហាជនគេវាយតម្លៃទៅ បើសិនជាការរិះគន់ហ្នឹងប៉ះពាល់ដល់កិត្តិយស ឬការដឹកនាំរដ្ឋាភិបាល ហើយផ្ទុយទៅវិញ បើមិនមានការធ្វើខុសដូចការចោទប្រកាន់របស់អ្នកបញ្ចេញមតិទាំងអស់នោះ គឺរដ្ឋាភិបាលនៅតែមានការគាំទ្រដដែលទេ»

ពលករខ្មែរ លោក ម៉ី វឿន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ជុំវិញ​កការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​មក អំឡុង​ពេល​លោក​ធ្វើការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ។

ក្នុង​វីដេអី​ឃ្លីប​នោះ ដែល​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​នោះ លោក ម៉ី វឿន បាន​ហៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ជា​មេដឹកនាំ​ «គ្មាន​បាន​ចូល​សាលា​រៀន»។

លោក ម៉ី វឿន គឺ​ជា​ពលករ​ខ្មែរ​ទីពីរ​ហើយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជុំ​វិញ​ការ​បង្ហោះ​សារ​រិះគន់​លោ ហ៊ុន សែន បន្ទាប់​ពី​ពលករ​ខ្មែរ​ដំបូង​ឈ្មោះ សាន់ រដ្ឋា ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ផង​ដែរ អំឡុង​ពេល​លោក​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​លេង​ស្រុក​កំណើត​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់់ចាម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។