ក្រសួងបរិស្ថានថា ក្រុមកំណាយរកឃើញភ្នំគូលែនអាចជារាជវាំងនៃស្ដេចស្ថាបនិកចក្រភពអង្គរ

ក្រុមកំណាយស្រាវជ្រាវមកពីស្ថាប័នចម្រុះ។រូបពីក្រសួងបរិស្ថាន

ក្រសួងបរិស្ថាន បាន​អះ​អាង​ថា ក្រុម​កំណាយ​មក​ពី​ស្ថាប័ន​ចម្រុះ បាន​រក​ឃើញ​ថា អតីត​រាជ​វាំង​របស់​ព្រះ​មហាក្សត្រ​ជ័យវរ្ម័ន​ទី២ អាច​ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​គូលែន ស្ថិត​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​របក​គំហើញ​​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​ដើម​សម័យ​អង្គរ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួនកាល​ពី​ថ្ងៃម្សិល​មិញ​នេះ ក្រសួង​បរិស្ថាន​បាន​រៀបរាប់​ថា ខ្លួន​បាន​សហការ​ជាមួយ​អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ដែនដី និង​ប្រជា​ពលរដ្ឋ បាន​ធ្វើ​កំណាយ​នៅ​ទីតាំង​ឈ្មោះ​ថា «បន្ទាយ» នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ស្ថិត​ក្នុង​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ចាប់​ពី​ថ្ងៃ​ទី​១២ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មេសា​នេះ។

ដោយ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​កំណាយ ក្រសួង​បរិស្ថាន​បាន​អះ​អាងថា ក្រុម​កំណាយ​បាន​រក​ឃើញ​ភស្តុតាង​ថ្មី ដែល​អាច​ជា​អតីត​រាជ​វាំង​បុរាណ​ក្នុង​រាជ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី២ នៅ​ដើម​សតវត្សរ៍​ទី​៩។

ដោយ​ភ្ជាប់​មក​រូបថត​ ៦​សន្លឹក​បង្ហាញ​ពី​តំបន់​កំណាយ​នោះ ក្រសួង​បាន​អះ​អាង​បន្ថែម​ថា ក្រុម​កំណាយ​បាន​រក​ឃើញ​​​ផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ សំណង់កណ្តាល​នៃអគារនេះមាន ៣​ដំណាក់កាល​ដំណាក់​កាល​ទី១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី២ សតវត្សរ៍ទី៩ បច្ចេកទេសសំណង់មាន​បង្ហាប់​គ្រឹះដោយ​ប្រើដី​លាយជាមួយកម្ទេច​ថ្មបាយក្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាត់ពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។

ក្រសួងក៏បានលើកឡើងដែរថា ការរកឃើញថ្មី​នៃរចនាសម្ព័ន្ធសំណង់​វាំងសម័យបុរាណ​នៅលើខ្នង​ភ្នំ​គូលែន​នេះ នឹងត្រូវធ្វើការបោះពុម្ភផ្សាយ​ ហើយស្ថាប័នពាក់ព័ន្ធ នឹងចង​ក្រង​សក្តានុពល​របស់​ឧទ្យាន​ជាតិ​ភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌ​បញ្ជូល ភ្នំគូលែន ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង ជា​ពិសេស​លោក អៃស្ទែន អៃម៉ូនីញ៉េ (E Aymonier) បាន​រក​ឃើញ​ថា មហេន្ទ្រ​បព៌ត គឺ​ជា​រាជ​ធានី​របស់​ព្រះ​បាទ ជ័យវរ្ម័ន ទី២ ដែល​ជា​ស្ថាបនិក​នៃ​ចក្រភព​អង្គរ បន្ទាប់​ពី​ព្រះ​អង្គ​ផ្លាស់​ប្ដូរ​រាជ​ធានី​ជា​បន្ត​បន្ទាប់។

លោក អៃម៉ូនីញ៉េ បាន​សន្និដ្ឋាន​ថា ភ្នំ​គូលែន​គឺ​ជា​ទីតាំង​នៃ​រាជ​ធានី​បុរាណ​នោះ ដោយ​ផ្អែក​លើ​ទិតាំង​ភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និង​ធារាសាស្ត្រ ប៉ុន្តែ គ្មាន​កំណាយ​ស្រាវ​ជ្រាវ​ជាក់​លាក់​ណា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ឡើយ​រហូត​ដល់​ដើម​ឆ្នាំ​២០១៨​នេះ៕

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។