សារព័ត៌មានថៃបានចុះផ្សាយនៅថ្ងៃនេះថា ប្រជាជនថៃដល់ទៅ ១៥៩នាក់ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ប្រទេសនេះឃាត់ខ្លួនអំឡុងពេលធ្វើដំណើរក្នុងនាមជាទេសចរ ដោយសង្ស័យថា ពួកគេប៉ុនប៉ងចាកចេញទៅធ្វើការដោយខុសច្បាប់នៅបរទេស។
កាសែតបាងកក ប៉ុស្តិ៍របស់ថៃ បានដកស្រង់ប្រភពក្រសួងការងារថៃកាលពីថ្ងៃម្សិលមិញ ដែលបានប្រកាសថា មនុស្ស ១១៦នាក់ ក្នុងនោះមានស្ត្រីពាក់កណ្ដាល ត្រូវបានតម្រួតអន្តោប្រវេសន៍ថៃបញ្ឈប់អំឡុងពេលត្រៀមចេញដំណើរទៅកូរ៉េខាងត្បូង ជាប្រទេសមួយដែលកំពុងតែពេញនិយមសម្រាប់ពលករខុសច្បាប់ថៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានការងារថៃ លោក អនុរក្ស ថូសារ៉ាត់ ត្រូវបានដកស្រង់សម្ដីដោយបាងកក ប៉ុស្តិ៍ ដែលបាននិយាយថា ពលរដ្ឋផ្សេងទៀតដែលត្រូវបានឃាត់ខ្លួននោះ មានបំណងចាកចេញទៅប្រទេសបារ៉ែន កាហ្សាក់ស្ថាន អារ៉ាប់រួម និងសាធារណរដ្ឋឆែក។
មន្ត្រីថៃរូបនេះ អះអាងថា សមត្ថកិច្ចបានរកឃើញថា ពលរដ្ឋទាំងនោះបានពឹងពាក់ក្រុមមេខ្យល់ ដែលបានប្រកាសជ្រើសរើសពលករតាមរយៈបណ្ដាញសង្គម ដូចជា Facebook ប្រព័ន្ធ Instagram និង Line ជាដើម។
ក្រៅពីនេះ មន្ត្រីថៃថា ពលរដ្ឋខ្លួនស្វែងរកជំនួយពីឈ្មួញកណ្ដាលជាសមាជិកសហគមន៍របស់ពួកគេ ដែលបានសន្យាផ្ដល់ប្រាក់ឈ្នួលខ្ពស់៕