វិភាគ៖ តើជប៉ុនមានឥទ្ធិពលជំរុញដំណោះស្រាយនយោបាយនៅកម្ពុជាឬទេ?

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងជំនួប បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៨មេសា២០១៨ (រូបថត៖ ទំព័រហ្វេសប៊ុក ហ៊ុន សែន)

ការវិវត្តនយោបាយនៅកម្ពុជា ជំរុញឲ្យក្រុមប្រទេសលោកសេរីបង្កើនសំឡេងថ្កោលទោសកាន់តែខ្លាំង និង​ដា​ក់​​ស​ម្ពា​ធឲ្យ​ស្តារ​​ស្ថានភាព​ប្រ​​​ជា​​​​ធិប​​តេ​យ្យឡើងវិញ ប៉ុន្តែ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ធ្លាប់ច្រានចោលម្តងរួចមកហើយ ដោយប្រកាសថា នឹង​មិ​ន​​ច​រ​​ចា​ជា​​​មួ​យ​​បក្សប្រឆាំងដាច់ខាត។

របត់នយោបាយនៅកម្ពុជានេះ ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ​ចំនួន៤៥ ប្រទេស ក្នុងចំណោម ៤៧កាលពីថ្ងៃទី២១ខែមិនា បានជំរុញទៅ​រដ្ឋាភិបាលកម្ពុជា ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេ​​ញ​ដល់គ​ណប​​ក្ស​ប្រ​​​ឆាំ​​ង និងអង្គការសង្គមស៊ីវិល ​ ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីគ​ណបក្ស​ប្រឆាំង​​ដ៏ធំ​​មួ​យ​ត្រូវបានរំលាយ។

ក្នុង​សេចក្តីថ្លែងការណ៍រួម ប្រទេសទាំង៤៥ បានជំរុញទៅ​រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ធា​នាពី​​​ដំណើរការបោះឆ្នោត​ដោយត្រឹមត្រូវ យុត្តិធម៌ និងមា​នគណប​ក្សប្រ​ឆាំ​​ងចូលរួមឡើងវិញ។

ជិតមួយសប្តាហ៍ក្រោយមក តំណាងនាយករដ្ឋមន្ត្រីជប៉ុន លោក Kentaro Sonoura បានចូលជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិ​ភាព។ ក្នុ​ង​​ជំ​​នួប​នោះ តំណាង​រដ្ឋាភិបាល​ជប៉ុន​ បានរំឭកឲ្យរកលទ្ធភាព​ដើ​ម្បី​​ស្វែងរកដំណោះស្រាយ​នយោបាយ​ជាមួយបក្សជំទាស់ ឈាន​ទៅធា​នា​កា​របោះឆ្នោតមួយនៅពេលខាងមុខ តាមយន្តការប្រជាធិបតេយ្យ។

ពីរ​ថ្ងៃ​ក្រោយមក លោក ហ៊ុន សែន ដែលកំពុងកាន់អំណាច បានប្រកាសបិទផ្លូវចរចា ដោយថា បើការចរចា​ណាមួ​យជា​មួ​យ​​បក្សប្រឆាំង លោកថា ស្មើនឹងរំលោភសាលដីកាតុលាការ ហើយថា រដ្ឋាភិបាលខ្លួនជាអ្នកមានទោស តែថា កា​របោះ​ឆ្នោ​ត​នឹ​ង​ត្រូ​វ​ធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ដដែល។

ប៉ុន្តែ នៅថ្ងៃម្សិលមិញនេះ រដ្ឋ​មន្ត្រី​ការបរទេស​​ជប៉ុន លោក តារ៉ូ កូណូ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ បាន​ជួបជា​មួយ​​នា​យ​ករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​ហិរញ្ញប្បទាន​សរុប​ជាង ៩​០​លាន​ដុល្លារនោះ បានជំរុញកម្ពុជាម្តងទៀត ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ។

តា​មសារព័ត៌មាន​ជប៉ុន NHK បាន​ចុះ​ផ្សាយ ​ថា លោក កូណូ បាន​ជំរុញ​ទៅ​លោក ហ៊ុន សែន ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និងថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដោ​យ​​​​​​ថា​ ជប៉ុន​ជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា និង​មិន​ចង់​ឃើញ​ប្រទេស​មួយ​នេះ​ ប្រឈម​មុខ​នឹង​ការ​រិះគ​ន់​នោះ​ឡើយ។

តើជប៉ុនមានឥទ្ធិពលជំរុញដំណោះស្រាយនយោបាយនៅកម្ពុជាឬទេ?

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង វិភាគថា ជប៉ុននៅតែមា​នឥទ្ធិពល​​លើ​​រដ្ឋា​ភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានដំណោះស្រាយណាមួយ ធានាដល់ភាព​ត្រឹមត្រូវនៃការបោះ​ឆ្នោតជ្រើសតាំង​តំណា​ង​រា​​ស្ត្រនៅ​ពេលខាងមុខ ដោយថា បើអ្នកនយោបាយខ្មែរនៅគិតពីបញ្ហាជាតិ។

លោក យង់ គិមអេង រំឭកថា ជប៉ុន​បានជួយសម្របសម្រួលបញ្ចប់ជម្លោះប្រដាប់អាវុធ​នៅ​កម្ពុជា​ជា​ច្រើន​លើករួចមកហើយ ដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការសម្របសម្រួលឲ្យមានការបោះឆ្នោតឆ្នាំ១៩៩៨ ក្រោយពីជម្លោះប្រដាប់អាវុធ​នៅកណ្តាលទីក្រុងភ្នំពេញ​ថ្ងៃ៥ -៦កក្កដា ឆ្នាំ១៩៩៧ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។

លោ​ក យង់ គិមអេង វិភាគទៀតថា ច្រើនឆ្នាំមកនេះ ជប៉ុនក្រៅពីមានឥទ្ធិពលលើឆាកអន្តរជាតិ ក៏បានក្លាយជាប្រទេស ឈា​ន​មុខ​ប្រទេសចិន ក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជាទៀតផង។

លោកថា៖ «ជំនួយរបស់ជប៉ុន ជា​ជំនួយដែលគ្មានសំណ​ងនៅតែធំជាងគេ​ក្នុងបណ្តាជំនួយ ប៉ុន្តែ បើគិតពីលុយកម្ចី​ឲ្យជាលក្ខ​ណៈ​​គេហៅថា កម្ចីសម្បទានអីហូរហែហ្នឹង ចិនគេធំជាង»។

អ​ង្គការ​ទិន្នន័យ​កម្ពុជា បាន​កត់​ត្រា​​ថា ទំហំ​ជំនួយ​អភិវឌ្ឍន៍​ជប៉ុន​ផ្ដល់​មក​កម្ពុជា សរុប​មាន​ទំហំ​ដល់​ទៅ ២​ពាន់ ៤០០​លាន​ដុល្លារ​ហើយ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៤ ក្នុង​នោះ​មាន​ទាំង​ជំនួយ​ឥត​សំណង និង​កម្ចី​ឥណទាន​សម្បទាន។

បើ​តា​មលោក យង់ គិមអេង ជប៉ុន ក្រៅពីក្លាយជាម្ចាស់ជំនួយដ៏មានឥទ្ធិពល ប្រទេសនេះ​ក៏បានបង្កើនទំ​នាក់ទំនង​ពា​ណិជ្ជ​កម្ម​ដ៏​​សំ​​​ខា​ន់ជាមួយកម្ពុជា ក្នុងរយៈពេលយូអង្វែងទៀតផង។

លោកថា៖ «នៅក្នុងការលើកម្ពស់សេដ្ឋកិច្ចកម្ពុជានេះ ជប៉ុននៅតែមានសារៈ​សំខាន់ ទោះជា​ជប៉ុនមិនមែន​ជាអ្នកវិនិយោគធំ​ជាងគេនៅ​កម្ពុ​ជាក៏ដោយ ប៉ុន្តែ ជប៉ុននៅតែដើរតួនាទីសំខាន់ ហើយយើងឃើញថា ការដែលជប៉ុនមកលើកនេះ ក៏បានប្រឹងប្រែ​ង​សន្យា​នៅឆ្នាំ​២០​៣​០ ដើម្បីឲ្យកម្ពុជាហ្នឹងមានចំណូលធម្យម​ផង​ដែរ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក​ ហង្ស វិទូ វិភាគថា ប្រហាក់ប្រហែលដែរថា ជប៉ុននៅ​តែមា​នឥទ្ធិព​លទៅលើ​រដ្ឋាភិបា​ល ដោយថា ការដែលជប៉ុនព្យាយាមជំរុញកម្ពុជា​ម្តងហើយម្តងទៀត ឲ្យស្តារ​ប្រ​ជាធិប​តេយ្យឡើ​ងវិញនេះ លោកថា ទំនង​ជាជ​ប៉ុ​ន​ដឹង​មុនថា ខ្លួនកំពុងតែឈរនៅចំណុចណា ហើយកម្ពុជាកំពុង​ត្រូវការ​អ្វីពិតប្រាកដពីជប៉ុ​ន។

លោកថា៖ «ខ្ញុំយល់ឃើញថា ទោះចង់មិនចង់ ជប៉ុនមានឥទ្ធិពលទី២​បន្ទាប់ពីចិន ដូច្នេះ ជប៉ុនគេដឹងថា គេមានឥទ្ធិពលប៉ុណ្ណា។ អញ្ចឹង​ហើ​​យបានជាជប៉ុនម្តងហើយម្តងទៀត ជប៉ុនតែងតែសុំជួបជាមួយកម្ពុជា តែងតែក្រើនរំឭក​កម្ពុជាហ្នឹ​ង​ឲ្យវិលទៅរកតុចរចាវិញ»។

លោក ហង្ស វិទូ វិភាគទៀតថា ជប៉ុនប្រើភាសា​ការទូតបែបត្រជាក់ជាមួយរដ្ឋាភិបាល មិនប្រើភាសា​ថ្កោលទោស ដូចសហ​ភា​ព​​​​អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីជំរុញប្រជាធិបតេយ្យនៅកម្ពុជា។ លោកថា ការដែលជប៉ុន​រំឭករដ្ឋាភិបា​លម្តងជាពីរដង ​ឲ្យ​រដ្ខាភិបាលកម្ពុជា រៀបចំការបោះឆ្នោតមួយ​ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះ អាចជាសារមួយ​ ប្រាប់ទៅ​រដ្ឋាភិ​បា​ល​ថា​ ​ជប៉ុនកាត្រូវការផ្សះផ្សាជាតិដ៏ពិតប្រាកមួយ ដើម្បីការពារប្រយោជ​ន៍អ្នកវិនិយោ​គ​របស់គេ​នៅកម្ពុ​​ជា​។

អ្នកវិភាគវ័យក្មេងរូបនេះ រំឭកថា អ្នកនយោបាយខ្មែរគួតែចេះខ្មាសប្រទេសជិតខាង ដោយថាគ្រាន់តែ​រកសេចក្តីសុខឲ្យ​ជាតិខ្លួ​នឯ​ង​សោះ ចាំបាច់ឲ្យពិភពលោកតម្រង់ផ្លូវ ឬចាប់ជុលគ្នា ទើបចេះនិយាយរកគ្នាដូចពីអតីតកាល។

លោកថា៖ «អ្វីដែលអាចឲ្យខ្មែរមកអង្គុយចរចាគ្នាបាន មានតែមួយទេ គឺទាល់តែអ្នកនយោបាយហ្នឹង គាត់មើលឃើញប្រយោជន៍​រួម មានន័យថា ប្រសិនបើគាត់ព្យាយាមឈ្លោះគ្នា ហើយមិនព្រមសម្បទានឲ្យគ្នាទៅវិញទៅមកទេ​ ខ្ញុំយល់ថា វាអត់អាចទៅរួ​ចទេ ពីព្រោះខ្ញុំ​យល់ថា ការងារនេះ វាមិនចាំ​តែគេមកប្រាប់យើង ខ្មែរយើងដឹងជាងគេទៀត។ អញ្ចឹងមានន័យថា​ គណបក្សទាំ​ងពីរ គ្មានអ្វីក្រៅពីគាត់សម្របសម្រួលគ្នាទេ»

យ៉ា​ងណាក៏ដោយ អ្នកវិភាគថា ថ្វីត្បិតតែជប៉ុនមានឥទ្ធពលលើរដ្ឋាភិបាលក្នុងការជំរុញឲ្យស្តាប្រជាធិបតេយ្យ ប៉ុន្តែថា ការ​សម្រេច​​ចិត្តស្ថិត​នៅ​លើ​បក្សកាន់អំណាចរបស់កម្ពុជាថា តើពួកគេគិតពីប្រយោជន៍ជាតិកម្រិតណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ