ជនជាតិដើមភាគតិចជំទាស់នឹងអាជ្ញាធរឲ្យរុះរើស្នាក់ការសហគមន៍អារ៉ែងក្នុងខេត្តកោះកុង

ក្រុម​ជនជាតិដើមភាគតិចជងនៅខេត្តកោះកុង បាន​ជំទាស់ទៅ​នឹងអាជ្ញាធរ​ខេត្ត​នេះ ដែល​បាន​ជូន​ដំណឹង​ឲ្យ​រុះរើ​ទីស្នាក់ការ​សហគមន៍​អារ៉ែង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ដោយ​ថា នឹងធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជនជាតិ​ដើមភាគតិចនៅទីនោះ។

ក្រុម​ជនជាតិដើមភាគតិចជងនៅខេត្តកោះកុង បាន​ជំទាស់ទៅ​នឹងអាជ្ញាធរ​ខេត្ត​នេះ ដែល​បាន​ជូន​ដំណឹង​ឲ្យ​រុះរើ​ទីស្នាក់ការ​សហគមន៍​អារ៉ែង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ដោយ​ថា នឹងធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជនជាតិ​ដើមភាគតិចនៅទីនោះ។

ក្រុម​ជនជាតិដើមភាគតិចជងនៅខេត្តកោះកុង បាន​ជំទាស់ទៅ​នឹងអាជ្ញាធរ​ខេត្ត​នេះ ដែល​បាន​ជូន​ដំណឹង​ឲ្យ​រុះរើ​ទីស្នាក់ការ​សហគមន៍​អារ៉ែង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ដោយ​ថា នឹងធ្វើឲ្យ​ប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ជនជាតិ​ដើមភាគតិចនៅទីនោះ។

អាជ្ញាធរឃុំជំនាប់ ស្រុកថ្មបាំង កាលពី​ថ្ងៃ​២១ ខែ​មីនា​កន្លង​មក​នេះ បានជូនដំណឹងឲ្យប្រជាសហគមន៍ស្ទឹងអារ៉ែងរុះរើស្នាក់ការរបស់​ខ្លួន​ឲ្យបានមុន​ថ្ងៃទី២៥ ខែមីនា ក្រោមហេតុផលថា យកទីតាំងនោះធ្វើជាសាលាឃុំថ្មីសម្រាប់ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។​

ក្នុងវីដេអូឃ្លីប​រយៈ​ពេល ២​នាទី​កន្លះ ដែលត្រូវ​បាន​ចែកចាយតាមបណ្តាញសង្គមកាលពីម្សិលមិញ ពលរដ្ឋនៅសហគមន៍អារ៉ែង បាន​ធ្វើយុទ្ធនាការបង្ហាញការមិនពេញចិត្តចំពោះការរុះរើទីស្នាក់ការនោះ និងបានទាមទារឲ្យអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ជួយ​អន្តរាគមន៍​ករណី​នេះ​ផង​ដែរ។

ពលរដ្ឋម្នាក់អ្នកស្រី ហម ង៉ែន និយាយនៅ​ក្នុង​វីដេអូ​នោះ​ថា បើអាជ្ញាធររុះរើស្នាក់នេះមែន ជីវភាព​ជនជាតិដើមភាគនៅសហគមន៍នោះ នឹងប៉ះពាល់​ ដោយថា សព្វថ្ងៃនេះ ពលរដ្ឋអាចរកចំណូលបានមួយភាគធំពីភ្ញៀវទេសចរដែលទៅ​លេងនៅតំបន់នោះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់ព្រមឲ្យគាត់[អាជ្ញាធរ]រុះរើទីស្នាក់នេះទេ ពីព្រោះទីស្នាក់នេះ ជាប្រយោជន៍រួមរបស់ប្រជា​ពលរដ្ឋនៅទីនេះទាំងអស់គ្នា តែបាត់បង់ទីស្នាក់ការនេះ អ្វីៗទាំងអស់ ព្រោះសហគមន៍នៅទីនោះ បានផល​ប្រយោជន៍ពីភ្ញៀវទេសចរណ៍ដែលគាត់ចុះមក។ ប្រុសៗគាត់រត់ឌុប ធ្វើហ្គាយនាំផ្លូវ ស្រីៗដាំបាយទទួលភ្ញៀវ ដែលចុះមក ដែលអាចបានចំណូលក្នុងក្រុមគ្រួសាររៀងៗខ្លួន»

អនុប្រធានសហគមន៍អារ៉ែង លោក ហ៊ឹង ពៅ បាន​បង្ហាញ​មន្ទិល​សង្ស័យ​ថា ការ​សម្រេច​របស់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រុះ​រើ​ទីស្នាក់ការ​សហគមន៍​មួយ​នេះ អាច​បង្កប់​នូវ​មូលហេតុ​អ្វី​មួយ ខណៈ​ដែល​លោក​មើល​ឃើញ​ថា សាលា​ឃុំ​ថ្មី អាច​សាង​សង់​នៅ​លើ​ទីតាំង​ផ្សេង ដែល​មិន​ប៉ះ​ពាល់​ដល់​ទីស្នាក់ងារ​សហគមន៍​នោះ​ឡើយ។

លោកបន្ថែមថា៖«ទី១បាត់បង់កន្លែងប្រជុំគ្នា ធ្វើការកម្មវិធីផ្សេងៗដូចជាបុណ្យទាន ឬក៏រកផលប្រយោជន៍ ចំណូលផ្សេងៗក្នុងសហគមន៍ ហើយមួយទៀតនៅពេលអស់កន្លែងស្នាក់ការហ្នឹង វាបាត់បង់ប្រាក់ចំណូល​មួយចំនួនដែលបានពីភ្ញៀវទេសចរ។ អញ្ចឹង ផលប្រយោជន៍រួមហ្នឹង វាបាត់ទៅតាមហ្នឹង។ ខ្ញុំគិតថា ករណី​អាជ្ញាធរឲ្យយើងរុះរើ អាចចេតនាផ្សេងដែលយើងមិនអាចមើលឃើញ»

បើទោះ​បី​សមាជិក​សហគមន៍​ជំទាស់​បែប​នេះ​ក្ដី ក៏​មេឃុំជំនាប់ លោក មាស ជ្រាយ បាន​បញ្ជាក់​ប្រាប់​វីអូឌីយ៉ាងខ្លីនៅថ្ងៃនេះថា អាជ្ញាធរ​ត្រូវ​តែ​ឲ្យ​សហគមន៍​រុះ​រើ​ទីស្នាក់ការ​នោះ​ចេញ ខណៈ​ដែល​លោក​​ថា ដី​នោះ​ជា​ដី​របស់​ឃុំ ហើយ​សហគមន៍​មិន​អាច​សង់​ទីស្នាក់ងារ​លើ​ដី​នោះ​បាន​ឡើយ។

លោកបន្ថែមថា៖ «ពួកគាត់ថា ដីសហគមន៍វាធំ ប៉ុន្តែ កន្លែងនោះជារបស់ឃុំ។ អញ្ចឹង វានៅតែរបស់ឃុំដដែល អ្នកឯងមិនអាចយកដីរបស់ឃុំទៅធ្វើជាលក្ខណៈសហគមន៍នោះបានទេ»

សេចក្តីជូនដំណឹងរបស់សាលាឃុំជំនាប់ ចុះថ្ងៃទី២១ខែមីនាឲ្យដឹងថា បើតំណាងសហគមន៍មិនរុះរើឲ្យបានតាមការកំណត់របស់អាជ្ញាធរទេ នឹងមានវិធានការតាមផ្លូវច្បាប់។​

សហគមន៍ស្ទឹងអារ៉ែង ដែលបង្កើតឡើងដោយប្រជាពលរដ្ឋដើម្បីការពារសត្វ និង​ព្រៃឈើនៅក្នុងស្រុកថ្មបាំងនេះ បានចេញមុខតវ៉ាបន្តបន្ទាប់​ប្រឆាំងទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​​របស់​រដ្ឋាភិបាល​នៅ​តំបន់​នោះ។

តំណាងសហគមន៍អះអាងថា ជនជាតិភាគតិចប្រមាណ ១០០គ្រួសារនៅក្នុងសហគមន៍នេះកំពុងទទួលផល​ប្រយោជន៍ពីភ្ញៀវ​ទេសចរដែលទៅលេងតំបន់នោះតាមរយៈការ​ផ្ដល់​ជូន​សេវា​ផ្សេងៗ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។