កម្មករមួយចំនួនទទួលបានសំណងពីរដ្ឋាភិបាល ខណៈកម្មករផ្សេងទៀតដេកយាមរោងចក្រ

នៅ​ក្នុង​បរិវេណ​នៃ​សាលា​ខេត្ត​កណ្ដាល ក្រុម​មនុស្ស​ ដែល​ភាគ​ច្រើន​លើស​លប់​ជា​ស្ត្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ និង​ឈរ​រង់​ចាំ​​ជា​ជួរ ជាមួយ​ឯកសារ​មួយ​ដុំ​នៅ​ក្នុង​ដៃ​របស់​ពួកគេ ខណៈ​ដែល​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ស្ថិត​ក្នុង​ឯកសណ្ឋាន​ដូចៗ​គ្នា បាន​ហៅ​ឈ្មោះ​ស្ត្រី​ទាំង​នោះ​ម្ដង​ម្នាក់ៗ។

បន្ទាប់​ពី​ចូល​ទៅ​សាក​សួរ​ពួក​គាត់​ហើយ ទើប​ដឹង​ថា ពួកគាត់​គឺ​ជា​ក្រុម​កម្មការិនី​មក​ពី​រោងចក្រ​ ហ្គ្រេតអននើរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង ហើយ​ការពិត​ពួកគាត់​មិន​មែន​មក​ជួប​ជុំ​សម្រាប់​វេទិកា​សាធារណៈ​ណាមួយ​ទេ។

ផ្ទុយ​ទៅ​វិញ ក្រុម​ស្ត្រី​ទាំង​នោះ​កំពុង​រង់ចាំ​បើក​ប្រាក់​សំណង​របស់​ពួកគេ​ពី​ក្រុម​មន្ត្រី​មក​ពី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ប្រាក់​បុរេ​ប្រទាន សម្រាប់​បើក​ជូន​កម្មករ​កម្មការិនី ដែល​ត្រូវ​បាន​ថៅកែ​រោង​ចក្រ​បិទ​ទ្វារ និង​រត់​ចោល​កម្មករ​ទាំង​មិន​ទូទាត់​សំណង​ផ្សេងៗ។

បើទោះបី​ជាទទួល​បាន​ប្រាក់​សំណង​មិន​ស្រប​តាម​គោលការណ៍​ច្បាប់​ក្ដី ប៉ុន្តែ ក្រុម​កម្មការិនី​ទាំង​នោះ យ៉ាង​ហោច​ណាស់ ទទួល​បាន​ប្រាក់​ខ្លះ សម្រាប់​ប្រើ​ប្រាស់​នៅ​អំឡុង​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះដែរ​។

ខណៈ​ដែល​ក្រុម​ស្ត្រី​ទាំង​នោះ​កំពុង​តម្រង់​ជួរ​ចាំ​បើក​ប្រាក់​សំណង​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​នោះ ក្រុម​ស្ត្រី​មួយ​ក្រុម​ទៀត កំពុង​តែ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​​​រោងចក្រ​ហ្គាវ័ន្ត​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ដែរ​នោះ។ ក្រុម​ស្ត្រី​ទាំង​នោះ បាន​អះ​អាង​ថា ពួកគេ​កំពុង​តែ​ដេក​យាម​នៅ​មុខ​រោងចក្រ​មួយ​នេះ ដើម្បី​ទាមទារ​ប្រាក់​សំណង បន្ទាប់​ពី​ថៅកែ​រោងចក្រ​នេះ បាន​បិទ​ទ្វារ និង​រត់​ចោល​តាំង​ពី​តុលា​ឆ្នាំ​មុន​មក​ម៉្លេះ។

ដោយ​​ប្រាប់​ថា ជា​តំណាង​កម្មករ និង​ជា​កម្មការិនី​ធ្វើការ​ផ្នែក​ដេរ​​នៅ​រោងចក្រ​ហ្គាវ័ន្ត​នោះ អ្នកស្រី ស៊ិន សុខន បាន​ប្រាប់​ថា ថៅកែ​រោង​ចក្រ​មួយ​នេះ មិន​បាន​បើក​ប្រាក់​ខែ​ដល់​ពួកគាត់​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​ម៉្លេះ។

ជាមួយ​នឹង​ស្ថានភាព​បែប​នេះ អ្នកស្រី​ប្រាប់​បន្ថែម​ថា ពួកគាត់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព ខណៈ​ដែលពួកគាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ខែ ដែល​ពួកគាត់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ និង​ចំ​ពេល​ដែល​ពួកគាត់​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើន​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

អ្នកស្រី ស៊ិន សុខន រៀបរាប់ថា៖ «​ម្ចាស់ផ្ទះបណ្ដេញ ព្រោះ ខ្ញុំគ្មានលុយឲ្យបង់ ពួកខ្ញុំមិនមានលុយទៅចូលឆ្នាំ លូវនៅដេកយាមរោងចក្រ ហើយពួកខ្ញុំក៏មិនមានលុយ អត់លុយបង់ថ្លៃផ្ទះ ទឹក ភ្លើងអីទេឲ្យថ្លៃទឹក!»

កាលពីដើម​ខែ​មីនា​​កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ដល់​ថវិកា ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ សម្រាប់​ដោះស្រាយសំណងជូនក្រុម​កម្មករ​ ៤ ១៤៦​នាក់ ដែល​បម្រើការងារនៅរោងចក្រចំនួន ៩ បន្ទាប់​ពី​ថៅកែ​នៃរោងចក្រទាំង​នោះ​ បាន​បិទ​ទ្វារ​​ និង​​រត់ចោលទាំង​មិនទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ​ជូនកម្មករ​។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ-កម្មការិនី​កាល​ពី​ខែ​មីនា​កន្លង​មក​នេះ បាន​បញ្ជា​ទៅ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត ឲ្យ​ដោះ​ស្រាយ​សំណង​ជូន​ក្រុម​កម្មកររោងចក្រ​ដែល​ថៅ​កែ​រត់​ចោល ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​ទៅ​ថៅកែ​រោងចក្រ​ដែល​រត់​ចោល​ទាំងនោះ​ផង​ដែរ។

ប៉ុន្តែ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន បាន​ឲ្យ​ដឹងថា ក្រុម​កម្មករ​នៅ​រោងចក្រ​ហ្គាវ័ន្ត ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​កម្មករ-កម្មការិនី ដែល​ត្រូវ​ទទួល​បាន​ប្រាក់​សំណង​បុរេ​ប្រទាន​ពី​រដ្ឋាភិបាល​នោះ​ឡើយ ហើយ​លោក​​បាន​ចាត់​ទុក​ថា នេះ​គឺ​ចំណុច​ខ្វះ​ចន្លោះ​របស់​រដ្ឋាភិបាល។

លោក អាត់ ធន មាន​ប្រសាសន៍ថា៖ «ជាសំណូមពររបស់សហជីព ក៏ដូចជាកម្មករគឺស្នើឲ្យរដ្ឋាភិបាលជួយផ្ដល់ប្រាក់បុរេប្រទានអាច ១០០ ឬ ២០០ ដុល្លារអីដល់កម្មករ សម្រាប់​គាត់ទៅបុណ្យចូលឆ្នាំថ្មី ហើយនៅសល់ប៉ុន្មានជួយពន្លឿនការដោះស្រាយ ក្រោយចូលឆ្នាំ ហើយឲ្យបានលឿន»។

អគ្គលេខាធិការរងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ លោក ទេស រុក្ខាផល បានប្រាប់វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រសួងចុះដោះស្រាយ​ផ្ដល់​ប្រាក់​សំណង​ដល់​កម្មករ-កម្មការិនី​ ៩​រោងចក្រតែប៉ុណ្ណោះ ប៉ុន្តែ លោក​ថា ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​រោង​ចក្រ​ដទៃ​ទៀត​ផង​ដែរ។

ទោះជាយ៉ាងណា មន្ត្រី​ក្រសួង​ការងារ​រូប​នេះ មិន​បាន​បញ្ជាក់​ទេ​ថា តើ​ក្រសួង​នឹង​ប្រើ​ពេល​វេលា​ប៉ុន្មាន​ថ្ងៃ​សម្រាប់​ពិនិត្យ​មើល​បញ្ហា​របស់​ក្រុម​កម្មករ​-កម្មការិនី​នៅ​តាម​រោងចក្រ​ដទៃ​ទៀត មុន​នឹង​សម្រេច​ផ្ដល់​សំណង​បុរេ​ប្រទាន​របស់​រដ្ឋាភិបាល​នោះ។

ជាមួយ​ស្ថានភាព​មិន​ច្បាស់​លាស់​បែរ​នេះ ក្រុម​កម្មការិនី​នៅ​រោងចក្រ​ហ្គាវ័ន្ត បាន​ស្នើ​ទៅ​ក្រសួង និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ ឬ​ពន្លឿត​ដំណោះ​ស្រាយ​សម្រាប់​ពួកគាត់​ផង ខណៈ​ដែល​ពួក​គាត់​បាន​តវ៉ា​អស់​រយៈ​ពេល​ជាច្រើន​ខែ​មក​ហើយ​នោះ។

អ្នកស្រី ស៊ិន សុខន ប្រាប់​ថា៖ «ខ្ញុំសំណូមពរទៅសម្ដេចឲ្យជួយអន្តរាគមន៍ វិវាទខាងរោងចក្រខ្ញុំផង ជួយឲ្យគាត់ផ្ដល់អត្ថ ប្រយោជន៍ ទៅច្បាប់ផង ពួកខ្ញុំសម្រេចចិត្តអត់ទៅស្រុកកំណើតទេ ព្រោះពួកបងអត់លុយ ចូលឆ្នាំ ពួកបងនាំគ្នាមកចងតង់ដេកមុខរោងទាំងអស់គ្នា ព្រោះអីពួកបងគ្មានលុទៅស្រុក»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ