អង្គការថ្នាក់តំបន់មួយច្រានចោលព័ត៌មាន Fresh News និង Swift News​

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL បានទាត់ចោលការចុះផ្សាយរបស់អង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលចំនួន២ ដែលចុះផ្សាយថា អង្គការថ្នាក់តំបន់មួយនេះ មានជាប់ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍បោះឆ្នោត។​

អង្គការ ANFREL ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ កាលពីម្សិលមិញថា អង្គភាពសារព័ត៌មាន Fresh News និង Swift News បានចុះផ្សាយពុំត្រឹមត្រូវ បែបចោទប្រកាន់ថា អង្គការថ្នាក់តំបន់មួយនេះ មានបំណងជះឥទ្ធិពលលើការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាឆ្នាំ២០១៨ខាងមុខ និងចុះផ្សាយថា បានចូលរួមជាមួយបន្ទប់ស្ថានការណ៍ ដែលជាស្ថាប័នប្រមូលផ្ដុំនៃក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក្នុងគោលបំណងតាមដានដំណើរការបោះឆ្នោត និងស្វែងរកការពិតនៃលទ្ធផលបោះឆ្នោត។​

បន្ទាប់ស្ថានការណ៍ជាបណ្តុំអង្គការដែលឃ្លាំមើលការបោះឆ្នោតកាលពីឆ្នាំ២០១៣នោះ បានប្រកាសរំលាយខ្លួនវិញ ក្រោយពេលមានការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។​

អង្គការ ANFREL អះអាងថា ខ្លួនស្វាគមន៍នឹងផ្ដល់បទសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មានទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជាក់ព័ត៌មានបន្ថែម ឬចៀសវាងការផ្សាយព័ត៌មានណាមួយ ដែលគ្មានការបញ្ជាក់ជាមុន។​

បើតាមសេចក្ដីថ្លែងការណ៍ អង្គការ ANFREL អះអាងថា បានចូលរួមអង្កេតការបោះឆ្នោនៅកម្ពុជា តាំងពីឆ្នាំ១៩៩៧ និងបានចូលរួមជំរុញដំណើរការបោះឆ្នោត ឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ