ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានព្រមានទៅបុគ្គលិករបស់ខ្លួនឲ្យប្រុងប្រយ័ត្នអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួនមនុស្សដែលលោកអះអាងថា មានផែនការបង្កសំឡេងផ្ទុះនៅភ្នំពេញ ឬក៏ដោយខេត្តសៀមរាប។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ស្ថានទូតអាមេរិក បានជូនដំណឹងថា ខ្លួននឹងបិទទ្វារស្ថានទូតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ចំពេលដែលកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយក៏បានណែនាំទៅបុគ្គលិករបស់ខ្លួន ឲ្យប្រុងប្រយ័ត្នពីសុវត្តិភាពផងដែរ។
ស្ថានទូតអាមេរិកបានចេញសារព្រមានបែបនេះ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនក្រុមមនុស្ស ដែលលោកថា ប៉ុនប៉ងបង្កសំឡេងផ្ទុះនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
លោក ហ៊ុន សែន បានចោទជាសាធារណៈថា រណសិរ្សមួយដឹកនាំដោយលោក សម សេរី ដែលមានមូលដ្ឋាននៅឯក្រៅប្រទេស មានគម្រោងបង្កសំឡេងផ្ទុះនោះ៕