គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានច្រានចោលការចោទប្រកាន់ពីសំណាក់សារព័ត៌មានពីរដែលស្និទ្ធនឹងរដ្ឋាភិបាល ជុំវិញការបោះឆ្នោតនាពេលខាងមុខនេះ។
ចាប់តាំងពីថ្ងៃចន្ទកន្លងមកនេះ សារព័ត៌មាន Fresh News និងសារព័ត៌មាន Swift News បានចុះផ្សាយជាបន្តបន្ទាប់នូវអត្ថបទចំនួន ៣ ដែលសារព័ត៌មានទាំងពីរនេះដាក់ថា អត្ថបទវិភាគ និងលិខិតមិត្តអ្នកអាន ដោយពុំបានបញ្ចេញប្រភពច្បាស់លាស់នោះឡើយ។
ក្នុងអត្ថបទទាំងនោះ Fresh News បានចុះផ្សាយថា នាយកប្រតិបត្តិការអង្គការខុមហ្វ្រែល លោក គល់ បញ្ញា និងស្ថាប័នរបស់លោក កំពុងបម្រើមហិច្ឆិតាបរទេស និងថា ត្រៀមបំផ្លាញការបោះឆ្នោតនាពេលខាងមុខ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីម្សិលមិញ ខុមហ្វ្រែលបានអះអាងថា ខ្លួននេះមិនមានជំហរ និងមិនមានសកម្មភាពដើម្បីបំផ្លាញការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដូចដែលសារព័ត៌មាន Fresh News ចុះផ្សាយនោះឡើយ។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍បន្ថែមលើខ្លឹមសារលិខិតនោះថា ខុមហ្វ្រែល មិនដែលមានបំណងបំផ្លាញការបោះឆ្នោតនៅកម្ពុជានោះឡើយ ខណៈដែលលោកថា អង្គការមួយនេះ បានធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតរាប់ចាប់តាំងពីសង្កេតការណ៍ការបោះឆ្នោត រហូតដល់ការផ្ដល់យោបល់សម្រាប់កែប្រែប្រកបដោយវិជ្ជមានលើប្រព័ន្ធបោះឆ្នោតនាពេលកន្លងមក។
លោកមានប្រសាសន៍ថា៖ «សកម្មភាពរបស់យើង គឺយើងមិនមាននិន្នាការទៅលើគណបក្សនយោបាយណាមួយទេ គឺយើងចង់បង្ហាញ ធ្វើយ៉ាងណាដើម្បីឲ្យស្មើភាពគ្នានៃការចូលរួម ហើយកិច្ចការងារទាំងអស់នេះ វាហាក់ដូចជាចំណុចមួយដែលយើងមើលឃើញថា មានការបំផ្លើសអំពីសកម្មភាព ឬក៏ទស្សនវិស័យរបស់ខុមហ្វ្រែល ហើយអ្វីដែលយើងចង់បានពេលនេះថា យើងមិនមែនធ្វើសកម្មភាពមួយក្នុងការបំផ្លាញការបោះឆ្នោតទេ»។
បើតាមលោក សាវាង្ស ខុមហ្វ្រែលនឹងប្រកាសអំពីជំហររបស់ខ្លួននៅពាក់កណ្ដាលខែឧសភាខាងមុខថា តើនឹងសម្រេចចូលរួមសង្កេតការណ៍ការបោះឆ្នោតជាតិនាពេលខាងមុខ ឬយ៉ាងណានោះ។
នាយកប្រតិបត្តិរបស់សារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា មានប្រសាសន៍ថា ការលើកឡើងរបស់ខុមហ្វ្រែលក្នុងសេចក្តីប្រកាសព័ត៌មាន និងលោក កន សាវាង្ស ជាសិទ្ធិស្រាយបំភ្លឺរបស់ពួកគេ ប៉ុន្តែ លោកថា Fresh News នឹងយកខ្លឹមសារបំភ្លឺទាំងនោះផ្សព្វផ្សាយបន្ត។
លោកមានប្រសាសន៍ថា៖ «យើងនិងចុះផ្សាយសេចក្តីបំភ្លឺរបស់គេវិញតែប៉ុណ្នឹង»។
មិនមែនអង្គការខុមហ្វ្រែលតែមួយទេ អង្គការ ANFREL ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ក៏បានអះអាងផងដែរថា សារព័ត៌មានទាំងពីរនេះ បានចុះផ្សាយពុំត្រឹមត្រូវនោះឡើយ បន្ទាប់ពីចុះផ្សាយបែបចោទប្រកាន់ថា អង្គការឃ្លាំមើលការបោះឆ្នោតនៅតំបន់អាស៊ីមួយនេះ មានបំណងជះឥទ្ធិពលទៅលើការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនោះ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ កំពុងស្ថិតនៅក្នុងស្ថានភាពចម្រូងចម្រាស់ ខណៈដែលគណបក្សសង្គ្រោះជាតិ ដែលគូប្រជែងដ៏ធំតែមួយគត់ជាមួយគណបក្សប្រជាជនកម្ពុជានោះ នៅតែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនោះឡើយ បន្ទាប់ពីត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំមុន៕