បទពណ៌នា៖ រមណីយដ្ឋាន​នានា​ដែល​ពល​រដ្ឋនិយម​ទៅ​កំសាន្តនៅ​ថ្ងៃ​ចូល​ឆ្នាំ

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

បុណ្យ​ចូល​ឆ្នាំ គឺ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ប្រជា​ជន​ខ្មែរ​តែង​យក​ឱកាស​នៃ​ការ​អប​អរ​ការ​ចូលឆ្នាំ​ថ្មី​នេះ​ជាពេល​វេលា​នៃ​ការ​ជួបជុំក្រុម​គ្រួសារ និង​ដើរ​លេង​កំសាន្ត​ផង​ដែរ។

បើ​និយាយ​ពី​ការ​ដើរ​កំសាន្ត ​ប្រជា​ជន​ខ្មែរ​ ​មុខ​តែ​នឹក​រលឹក​ដល់​រមណីយ​ដ្ឋាន​នានា​ដែល​មាន​នៅ​ក្នុង​ខេត្ត​របស់​ខ្លួនតែ​ក៏​មាន​មួយ​ចំនួន​ក៏​នឹក​ដល់​កន្លែងផ្សេងផង​ដែរ។​

បើ​និយាយពី​រមណីយ​ដ្ឋាន​កំសាន្ត​នានានៅ​ឆ្នាំនេះ​ ទស្សនិកជន​ប្រាកដ​ជា​បាន​ឮហើយនូវព្រឹត្តិការ​ណ៍​អង្គរ​សង្ក្រានឆ្នាំ២០១៨ ដែល​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ខេត្ត​សៀម​រាប។ ខណៈ​អ្នក​រៀបចំ​រំ​ពឹង​ថា​ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូល​រួមជាង​២លាន​នាក់នោះ ​ខេត្ត​សៀម​រៀប​ អាច​ជា​គោល​ដៅ​ទេសចរណ៍​ដំបូង​គេ ​ដែល​ប្រជា​ជន​ខ្មែរ​នឹង​សម្រុក​ទៅ​លេង​។ ជា​មួយ​នឹង​ប្រាសាទ​រាប់​រយ​នៅក្នុង​ខេត្ត​នេះ រង់​ចាំ​ទទួល​ស្វាគមន៍​ រមណីយ​ដ្ឋាន​កែ​ច្នៃ​មួយ​ចំនួន​ក៏​អាច​ទាញចំណាប់​អារម្មណ៍​ផង​ដែរ ដូច​ជាភូមិវប្បធម៌ ផ្សាររាត្រី សារមន្ទីរ​សង្គ្រាម និង​សារមន្ទីរ​មីន​ជា​ដើម​។

ទី​តាំង​រាជ​ធានីបុរាណ​របស់​កម្ពុជា​នៅ​ខេត្ត​កំពង់​ធំ គឺ​ប្រាសាទ​សំបូរ​ព្រៃ​គុក៌នោះ ​ក៏​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ​ បន្ទាប់​ពី​អង្កការ​យូណេស្កូ​បាន​សម្រេច​ដាក់​ទី​តាំង​ប្រាសាទ​នេះ ​​ចូល​ជា​សម្បត្តិបេតិកភ៌ណ្ឌ​ពិភព​លោក ខណៈ​ប្រាសាទ​ព្រះវិហារ ​នៅ​ខេត្ត​ព្រះវិហារ​នៅ​ឈរ​យ៉ាង​រឹង​មាំលើ​កំពូល​ភ្នំ​​រង់​ចាំ​ភ្ញៀវ​ទេស​ចរណ៍​ទៅលេង​កំសាន្ត​។

ប្រទេស​កម្ពុជា​មាន​ផ្ទៃក្រលា​ ១៨១ ០៣៥ គីឡូ​ម៉ែត្រ​ការ៉េ ជា​ប្រទេស​តូច​ទី​៣​នៅ​តំបន់​អាស៊ាន តែ​​អំណោយ​ផល​ច្រើនទាំង​ប្រាសាទ​បុរាណ​ រហូត​ដល់​ធនធាន​រ៉ៃ​​ដែល​ប្រទេស​នេះ​ បាន​ផ្តល់ឲ្យរួម​ទាំង​ធន​ធាន​ធម្ម​ជាតិ​ផង​ដែរ។

ឆ្នេរ​សមុទ្រ​កម្ពុជា​មាន​ប្រវែង​៤៤០​គីឡូម៉ែត្រ​ ដែល​លាត​សន្ធឹង​ពី​ព្រំដែន​វៀត​ណាម​ខាង​កើត​ ដល់​ព្រំ​ប្រទល់​ថៃ​ខាង​លិចទល់​ជើង​ភ្នំក្រវ៉ាញ។ រលក​សមុទ្រកម្ពុជា​បោក​ផ្ទប់​ឆ្នេរ​ខេត្ត​ចំនួន​៤ ដែល​រួម​មាន​ខេត្តកែប ​កំពត ព្រះ​សីហនុ និង​កោះ​កុង ដែល​​​មាន​សក្តា​នុពល​ទេសចរណ៍​ជាច្រើន​ផង​ដែរ​។

​ខេត្តកំពត អ្នក​ទេសចរណ៍​អាច​ទៅ​លេង​សមុទ្រ​ផង ចូល​ទស្សនា​ភ្នំ​កំពង់​ត្រាច​ និង​ឡើង​ទៅ​លេង​ភ្នំ​បូកគោ​ផង​​​ ជា​មួយ​ទេស​ភាព​ដ៏ស្រស់​ត្រកាល​នៅ​លើ​កំពូល​ភ្នំ ឬអាច​មើល​ព្រះ​អាទិត្យ​លិច​ពី​មុខ​សាលា​ខេត្ត​នេះ​ផង​ដែរ។ ចំណែក ខេត្ត​កែបកំពុង​អភិវឌ្ឍន៍​ខ្លួន​កាន់​តែ​ខ្លាំង ​បន្ទាប់​ពី​ខេត្ត​នេះ​ទទួលបាន​ពាន​រង្វាន់​ជាខេត្ត​ស្អាត​នៅ​តំបន់​អាស៊ាន​កាល​ពី​ឆ្នាំ​២០១៧ ខណៈ​ខេត្ត​កោះ​កុង ​អ្នក​ទេស​ចរណ៍​ក្រៅពីទៅទស្សនាតំបន់​ឆ្នេរ ពួកគេ​អាច​ទៅ​លេង​តំបន់ទេសចរណ៍​ធម្មជាតិ​​អារ៉ែង និង​ទឹក​ជ្រោះ​តាតៃ ហើយ​ភាពដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរសមុទ្រ​​របស់​​​ខេត្ត​ព្រះសីហនុ និង​​បរិយាកាស​សមុទ្រ​ដ៏​ស្រស់​ត្រកាល​នៃ​ខេត្ត​ទាំង​បួន​នោះបាន​ធ្វើឲ្យ​ខេត្តជាប់​​ឆ្នេរទាំង​៤​ នោះ​អាច​ក្លាយ​ជា​តំបន់​ទេសចរណ៍​ទី​២ ​បន្ទាប់​ពី​តំបន់​ប្រាសាទនៅពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​។

ខណៈហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា​ស្ថានភាព​ផ្លូវ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ត្រូវ​បាន​អភិវឌ្ឍន៍​ជា​បន្ត​បន្ទាប់នោះ​ តំបន់​ដែល​​​ត្រូវ​បាន​គេ​​គិត​ថា​ នៅ​ដាច់​ស្រយាល​​​ពី​ទី​ក្រុងភ្នំពេញ​នៅពេល​នេះ ​ហាក់​កាន់​តែ​ខិត​ជិត​កាន់​តែ​ខ្លាំង។

​ភាគឦសាន​នៃ​ប្រទេស ដែល​មាន​ខេត្ត​ចំនួន​៤ ​ដែល​រួម​មាន​ក្រចេះ​​ ស្ទឹងត្រែង មណ្ឌល​គីរី និងរតនៈ​គីរី ដែល​សំបូរ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ធម្មជាតិ​ជាច្រើន និង​ប្រពៃ​ណីរបស់​ជនជាតិ​ដើម​ភាគ​តិច​ផង​ដែរ។ សក្កដា​នុពលទេសចរណ៍​​នៃ​ខេត្តទាំង​បួន​នេះ​រួម​មាន ទឹក​ជ្រោះ​ប៊ូស្រា​ ​​ការ​ជិះ​រទេះ​គោ​ និង​ដំរីក្នុង​ព្រៃ​ឈើ​ដ៏​ខៀវ​ស្រងាត់ និង​ស្រស់​ត្រកាល​ក្នុង​​ខេត្តមណ្ឌល​គីរី ឧទ្យានជាតិ​វីរជ័យ និង​ បឹង​យក្ស​ឡោម​ក្នុង​ខេត្ត​រតនៈគីរី វត្ត​សរសេរ​មួយ​រយ និង​ផ្សោត​ទឹក​សាប ក្នុង​ខេត្ត​ក្រចេះ ខណៈនៅ​ខេត្តស្ទឹង​ត្រែង​មាន​ ទឹក​ជ្រោះ​សុភមិត្រ ឬ​ល្បាក់​ខោល និង​​ផ្សោត​ទឹក​សាប​បង្អួត​ខ្លួនតាម​ដង​ទន្លេ​មេគង្គ​នៃ​ខេត្ត​នេះ បាន​ធ្វើ​ឲ្យ​ខេត្ត​ទាំង​នេះ ​ក្លាយ​ជា​ពិភព​កំសាន្ត​នៃ​ភាពស្ងប់​ស្ងាត់​ និង​ស្រស់​ត្រកាល​ដែល​ជាគោល​ដៅទេសចរណ៍​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ និង​ធម្ម​ជាតិ​នៅ​ក្នុង​អំ​ឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ។

ក្រៅ​ពី​ទីកន្លែងដែល​បាន​រៀប​រាប់​ខាង​លើខេត្ត​របស់​កម្ពុជា​ទាំង​អស់ ​គឺ​សុទ្ធ​តែ​មាន​កន្លែង​ទេស​ចរណ៍​រៀង​ខ្លួន ដូចជា ភ្នំកង្រី​នៅ​ខេត្ត​កំពង់​ឆ្នាំង ភ្នំប្រុស​ភ្នំស្រី​នៅ​ខេត្ត​កំពង់​ចាម ភ្នំជីសូរ និង​ប្រាសាទ​តាណៃ និង​តាព្រហ្ម​ក្នុងខេត្ត​តាកែវ ឧទ្យាន​ជាតិ​គីរីរម្យក្នុង​ខេត្ត​កំពង់​ស្ពឺ វត្ត​រតនសោភ័ណនៅ​ឧត្ត​រ​មាន​ជ័យ ទីតាំង​តំបន់​រំ​ដោះ​ចុង​ក្រោយ​ក្នុងខេត្តប៉ៃ​លិន ប្រាសាទ​បន្ទាយ​ឆ្នាក្នុង​ខេត្តបន្ទាយ​មាន​ជ័យ កោះ​ដាច់ កៀន​ស្វាយ ភ្នំឧត្តុង ភ្នំបាសិទ្ធ​នៅ​ខេត្ត​កណ្តាល សំណង់​សម័យ​បារាំង​នៅខេត្តបាត់​ដំបង​ដែល​បាន​ដាក់​ចូល​ជា​បេតិ​កភ័ណ្ឌ​ពិភព​លោក​ជា​ដើម ​សុទ្ធ​ជា​កន្លែងដែលជា​ទី​សោមនស្ស​ទាំង​អស់ ​ក្នុង​ឱកាស​នៃ​ការ​ដើរ​លេង​កំសាន្ត​នៃ​បុណ្យ​ចូល​ឆ្នាំប្រពៃ​ណីជាតិ​ខ្មែរ​នេះ។

សំរាប់​ប្រជា​ពលរដ្ឋ​ដែលរស់​នៅ​ភ្នំពេញ​ និង​​ពុំបាន​ចេញ​ដំណើរ​ទៅលេង​កំសាន្ត​នៅ​តាម​ខេត្ត​នោះ​អាច​ទៅ​លេង​កំសាន្តនៅ​រមណីដ្ឋាន​វត្ត​ភ្នំពេញ​ ដែល​នៅ​ទី​នោះ​ជា​រៀង​រាល់​ឆ្នាំក៏​​មានផង​ដែរ​នូវ​​ការ​លេង​ល្បែង​ប្រជា​ប្រិយ​ រាំលេង​កំសាន្តសប្បាយរយៈ​ពេល​៣​ថ្ងៃ​នេះ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា ​ជា​មួយ​ការ​ភាព​រីក​រាយនៃ​ដំណើរ​កំសាន្ត​ក៏​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួនកើត​ឡើងផង​ដែរ ដូចជា​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ ផ្ទះ​សំណាក់ ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍ បញ្ហា​សន្តិសុខ​ សុទ្ធ​តែ​ជា​បញ្ហា ដែល​បាន​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​នេះ។

នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១០មេសា បាន​ផ្ញើ​សារ​ជូនពរ​ប្រជា​ជន​ខ្មែរ​ទូ​ទាំង​ប្រទេស​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ និង​បាន​បញ្ជា​ផង​ដែរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ត្រូវរក្សា​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទេសចរជាតិ​និងអន្តរជាតិនៅ​តាមតំបន់​រមណីយ​ដ្ឋានទេស​ចរណ៍​ទូទាំងប្រទេស នៅ​ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះផង​ដែរ។

ការ​រៀប​រាប់​ពី​ទី​កន្លែង​ទេសចរណ៍​សំខាន់​ដែល​រៀប​រៀង​ដោយ​ខ្ញុំ​បាទ ​ហ៊ុន សិរីវឌ្ឍន៍ ពេល​នេះ​ចប់​តែ​ប៉ុណ្ណេះ សូម​ជូន​ពរ​បង​ប្អូន​ឲ្យ​ទទួល​បាន​នូវសុភមង្គល រីក​ចំរើន​រីករាយ​ សុខ​សុវត្ថិភាព​ក្នុងក្រុម​គ្រួសារខ្មែរ​ទាំង​អស់​​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ