​​ល្បឿននិង​គ្រឿង​ស្រវឹង​នៅ​តែ​ជា​ដើម​ចម​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ បើទោះបី​តួលេខ​ថយ​ចុះ

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់ និង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​នេះ បាន​ថយ​ចុះ ខណៈ​ដែល​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន និង​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង នៅ​តែ​ជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​នៅ​លើ​ដង​ផ្លូវ។

របាយការណ៍​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន ៥៥​លើក បាន​កើត​ឡើង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ ដោយ​បាន​សម្លាប់​មនុស្ស ២៦​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស ៨១​នាក់ទៀត​រង​របួស នៅ​ទូទាំង​ប្រទេស។

របាយការណ៍​នគរបាល​ជាតិ បាន​បង្ហាញ​ផង​ដែរ​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​ថយ​ចុះ​ចំនួន ១៩​លើក ឬ​ស្មើ​នឹង ២៦​ភាគរយ ខណៈ​ចំនួន​មនុស្ស​ស្លាប់ និង​របួស​រង​ បាន​ថយ​ចុះ​ក្នុង​កម្រិត ១០​ភាគរយ និង ៤១​ភាគរយ បើធៀប​ទៅ​នឹង​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល ៣​ថ្ងៃ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

របាយការណ៍​នគរបាល​ជាតិ បាន​បន្ទោស​ទៅ​លើ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន និង​ការ​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ជា​មូល​ហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។

ប្រធានស្តីទីកម្ម​វិធីសុវត្ថិភាព​ចរាចរណ៍​ នៃ​អង្គការ​ជន​ពិការអន្តរជាតិ  លោក គង់ រតនៈ មានប្រសាសន៍ថា តួលេខ​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ ៣​នាក់ បង្ហាញ​ថា ជា​សញ្ញា​ល្អ​សម្រាប់​កម្ពុជា ប៉ុន្តែ លោក​ថា ស្នើ​ឲ្យ​បូក​បញ្ចូល​រយៈ​ពេល ៧​ថ្ងៃ​​ទាំង​មុន និង​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ធានា​បាន​នូវ​សុក្រិតភាព​ទិន្នន័យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមឲ្យគាត់បង្ហាញ[ទិន្នន័យ]ពីរថ្ងៃ មានន័យថា ពីរថ្ងៃបូកបញ្ចូលជាមួយនឹងពីរថ្ងៃក្រោយ ទាំងអស់មានប្រាំពិរ​ថ្ងៃ  បើសិនជាបង្ហាញតួរលេខហ្នឹង ខ្ញុំគិតថា វាជាទិន្នន័យ ដែលពួកយើងចង់ដឹងច្រើនជាង​ទិន្ន័យក្នុងថ្ងៃចូលឆ្នាំ ពីព្រោះថ្នាក់នៅថ្ងៃចូលឆ្នាំប្រជាពល​រដ្ឋ​ភាគ​ច្រើន​លោក​នៅតាមផ្ទះទៅហើយ ហើយការធ្វើដំណើរទៀត​សោតក៏មិនសូវ​ជាច្រើនដែរ ប៉ុន្តែអ្វីដែលយើងគួរព្រួយបារម្ភ គឺការ​ធ្វើដំ​ណើរ​ទៅសុ្រកកំណើត​ និងការត្រឡប់ចូល​មក​កន្លែង​ធ្វើការវិញ ទើបជា​ការព្រួយបារម្ភធំសម្រាប់​ខាងខ្ញុំ»។

គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ ដោយ​បាន​សម្លាប់​មនុស្ស​ ៤៨០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ ១២៣៤​នាក់​ទៀត​រង​របួស នៅ​ចន្លោះ​ខែមករា ដល់​ខែ​មីនា​ឆ្នាំ​២០១៨​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ