អាជ្ញាធរខេត្តសៀមរាបថា ការយល់ដឹងពីការចោលសំរាមរបស់ពលរដ្ឋល្អប្រសើរជាងឆ្នាំមុន

រូបភាពពី គេហទំព័រ មន្ទីរបរិស្ថានខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ប្រជាពលរដ្ឋ ដែលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅឆ្នាំនេះ មានការយល់ដឹងល្អប្រសើរជាងឆ្នាំមុន អំពីអនាម័យ និងការចោលសំរាម ប៉ុន្ដែ អ្នកជំនាញទស្សនវិជ្ជាមើលឃើញថា ពួកគេនៅមានកម្រិតយល់ដឹងទាបនៅឡើយ​ បើធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់។

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក នួន មុនី្ន ប្រាប់ VOD នៅថ្ងៃនេះថា ក្រោយព្រឹត្តិការណ៍អង្គរសង្ដ្រាន្ដ កាលពីចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា លោកសង្កេតឃើញថា ការចោលសំរាមពាសវាលពាសកាល ត្រូវបានកាត់បន្ថយជាងឆ្នាំមុន ដោយសារថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន។

អះអាងដូច្នេះ ដោយលោកលើកហេតុផលថា មកពីការអប់រំ និងផ្សព្វផ្សាយទូលំទូលាយ ការគ្រប់គ្រងកាកសំណល់ និងសំរាមបានល្អ និងការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ។

លោកថា៖ «សំរាមអត់ដូចឆ្នាំមុន និយាយចំ ការយល់ដឹងគាត់មានការកើនឡើងជាងឆ្នាំមុន ការវេបខ្ចប់ទុកដាក់ទាំងប្រជាជន ក៏គាត់យល់ ហើយក្រុមហ៊ុនប្រមូល ក៏គាត់ធ្វើការបានល្អ។ សៀមរាបល្អតែម្ដង និយាយចំទៅ សៀមរាបគ្រប់គ្រងបានល្អ ហើយប្រជាពលរដ្ឋគាត់មានការយល់ដឹងច្រើន ក្នុងពេលហ្នឹងដែរ មន្ដ្រីចុះអប់រំ ចុះមើលការងារផង គាត់អប់រំផង ហើយការវេចខ្ចប់គឺយើងថា បានល្អ ​ហើយការដឹកជញ្ជូនបានល្អ ការប្រមូលក៏បានល្អ និយាយចំ ប្រជាគ្រប់គ្រងបានល្អមែនទែនក្នុងឆ្នាំនេះ»។​

បណ្ឌិតទស្សនវិជ្ជាមកពីប្រទេសអូស្ត្រាលី និងជាអ្នកស្រាវជ្រាវប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា​ បើប្រៀបជាមួយប្រទេសដទៃ ដូចជានៅអូស្ដ្រាលីជាដើម លោកថា ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតយល់ដឹងអំពីបញ្ហាសំរាមនេះ នៅទាបនៅឡើយ។ ការយល់ឃើញបែបនេះ លោកថា មកពីកត្តា២យ៉ាង គឺការធ្លាក់ចុះនៃសុជីវធម៌ និងអត្តចរិតពលរដ្ឋខ្មែរ ដែលមិនចេះស្រឡាញ់បរិស្ថាន និងអនាម័យស្អាត។​

លោកយល់ថា ដើម្បីកាត់បន្ថយការចោលសំរាមពាសវាលពាសកាលនេះ គឺចាំបាច់ត្រូវការការអប់រំផ្នែកអត្តចរិត ជំរុញការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងតួនាទីរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម និងកាកសំណល់ឲ្យមានប្រសិទ្ធិភាព។​

លោកថា៖ «ស្រុកខ្មែរយើង គឺយើងអន់តែម៉ង អន់ផ្នែកអប់រំរឿងសីលធម៌ ផ្នែកអត្តចរិករបស់ប្រជាជនយើងហ្នឹង។ នៅប្រទេសជិតខាងយើងហ្នឹង តាំងពីថៃ សាំងហ្ការពួរអីហ្នឹង គឺគេបណ្ដុះបណ្ដាល គឺគេបញ្ចូលការអប់រំអត្តចរិតតាំងពីថ្នាក់មឋមសិក្សាមក គឺគេអប់រំកូនចៅគេហ្នឹង ហើយប្រជាជនយើងហាក់ដូចជាបាត់បង់រឿងជំនឿបុណ្យបាប បើសិនជាសង្កេតមើលតាមវត្តអារាម»។

នៅពេលមានបុណ្យទាន ឬបុណ្យជាតិម្ដងៗ គេតែងសង្កេតឃើញថា ទម្លាប់នៃការចោលសំរាម នៅតែមិនទាន់អាចកែប្រែបានទាំងស្រុងនៅឡើយ ដូចជា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងបុណ្យចូលឆ្នាំសកលជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ