របាយការណ៍៖ កម្ពុជាស្ថិតនៅកម្រិតព្រមានខ្ពស់នៃការបែកបាក់រដ្ឋ

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

អង្គការអន្ដរជាតិមួយវាយតម្លៃថា កម្ពុជាស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​កាន់​តែ​ងាយ​ប្រឈម​នឹង​ការ​បែក​បាក់ ដោយសារការ​ធ្លាក់​ចុះ​ការ​គោរពសិទ្ធិមនុស្ស និងស្ថានភាព​នយោបាយ បន្ទាប់​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចច្រាលចោលរបាយការណ៍នេះ។

ក្នុងរបាយការណ៍ស្ដីពី «សន្ទស្សន៍រដ្ឋងាយប្រឈមនឹងការបែកបាក់សម្រាប់ឆ្នាំ២០១៨» ចេញផ្សាយកាលពីសប្ដាហ៍មុន អង្គការមូលនិធិដើម្បីសន្ដិភាព បានចាត់ថ្នាក់កម្ពុជានៅលេខរៀងទី៥៣ ក្នុងចំណោមប្រទេស១៧៨ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ​បី​លេខ និងទទួលបានពិន្ទុ ៨៤ ក្នុងចំណោមពិន្ទុពេញ១២០ បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥០។

បើតាមរបាយការណ៍ កម្ពុជាស្ថិតនៅកម្រិតព្រមានខ្ពស់នៃប្រទេសដែលងាយប្រឈមការបែកបាក់ ដែលអាក្រក់ជាងបណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ឬ​ប្រសើរ​ជាង​ប្រទេស​ហ្វីលីពីន ទីម័រ​ខាង​កើត និង​ភូមា​តែ​ប៉ុណ្ណោះ។

អង្គការមូលនិធិដើម្បីសន្ដិភាព បាន​ពន្យល់ថា ការធ្លាក់ចុះនៃចំណាត់ថ្នាក់នេះ គឺដោយសារតែបញ្ហាភាពស្រប​ច្បាប់​នៃរដ្ឋ ដំណើរការបោះឆ្នោត និងភាពមិនស្របច្បាប់នៃក្បាលម៉ាស៊ីនដឹកនាំប្រទេស ​និងបញ្ហាសិទ្ធិមនុស្ស​ធ្លាក់ចុះ ខណៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមវិញ គឺរដ្ឋាភិបាលកម្ពុជាធ្វើបានល្អប្រសើរ។​

សន្ទស្សន៍នៃរដ្ឋងាយប្រឈមការបែកបាក់ ផ្ដោតសំខាន់លើលក្ខខណ្ឌចំនួន៤ គឺភាពរឹងមាំរបស់រដ្ឋ កត្ដាសេដ្ឋកិច្ច សង្គម និងនយោបាយ ព្រមទាំងសូចនករជាច្រើន ដូចជា ស្ថានភាព​សន្ដិសុខ ការធ្លាក់ចុះនៃសេដ្ឋកិច្ច សេវាសាធារណៈ ភាពស្រប​ច្បាប់​នៃរដ្ឋ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ សម្ពាធនៃបញ្ហាភូមិសាស្ដ្រ និងអន្ដរាគមន៍ពីខាងក្រៅជាដើម។​

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ទាត់ចោលរបាយការណ៍អង្គការអន្ដរជាតិមួយនេះ ដោយថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រូវ ស្របទៅតាមគោលនយោបាយដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមរយៈឆន្ទៈប្រជាពលរដ្ឋ ធ្វើអ្វីស្របទៅតាមកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ប្រែក្លាយកម្មវិធីនយោបាយនេះ ឲ្យទៅជាសកម្មភាពជាក់ស្ដែង។ អញ្ចឹងយើងធ្វើ​មិនតម្រូវទៅតាមការវាយតម្លៃរបស់អង្គការណា ឬជនណាទេ»

ប្រធាន​ក្រុមអ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង លោក ហង្ស វិទូ វិភាគថា បើសិនការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ខាង​មុខ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ទេ​នោះ កម្ពុជា​នឹង​​ប្រឈមបញ្ហា​ជា​ច្រើន ដូច​ជា ការ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត អស្ថិរភាព​ជាតិ និង​អសន្ដិសុខ​សង្គម​ជាដើម។

​លោក​ថា៖ «អ្វី​ដែល​សំខាន់ ដែល​អាចប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា គឺវា​ទាក់​ទង​នឹង​រឿង​នយោបាយ​តែម្ដង នៅ​ពេល​ដែល​ភាព​មិន​ច្បាស់​លាស់​នៃ​ការ​បោះ​ឆ្នោត មិន​ត្រូវ​បាន​ដោះ​ស្រាយ។ វាអាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ទោះ​ពីជា​សេដ្ឋកិច្ច ៦,៩ភាគរយ​ក៏​ដោយ ប៉ុន្ដែ វាអាច​នឹង​ថយ​ចុះ​មែន បើសិនបើ​មាន​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ សេរី និង​យុត្ដិធម៌ វា​មិន​មាន​ការ​តវ៉ា​ប្រឆាំង ឬ​មួយ​ការ​មិន​ទទួល​ស្គាល់​អំពី​ការ​បោះ​ឆ្នោត វា​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ»

ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១២មេសា ធនាគារពិភពលោកបានព្រមានជាថ្មីថា ទោះបីកំណើនសេដកិច្ចរបស់កម្ពុជានៅបន្ដភាពរឹងមាំរបស់ខ្លួនជាមួយនឹងសន្ទុះ៦,៩ភាគរយនៅឆ្នាំ២០១៨នេះក៏ដោយ ប៉ុន្ដែ ភាពច្បាស់លាស់នៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់កំណើនសេដ្ឋកិច្ចនេះ។

ក្នុងដំណើរបញ្ចប់ទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី១៤មីនាកន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងផងដែរថា ដំណើរ​វិវត្ត​ន៍​ចុង​ក្រោយ​នៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ឈាន​ដល់ផ្លូវបំបែក និង​​រឹតត្បិត​បំផុត ខណៈ​រដ្ឋាភិបាល​នៅ​តែ​បន្ដលើក​ពី​ស្ថិរភាពជាតិ និង​ការ​អភិវឌ្ឍ ដើម្បី​​រាំង​ខ្ទប់​​សិទ្ធិ​នានា​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ