ក្រុមអង្គការអន្ដរជាតិស្នើសិង្ហបុរីបើកកិច្ចប្រជុំដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

អង្គការអន្ដរជាតិចំនួន ៧​ស្ថាប័ន បានសរសេរលិខិតរួម​មួយផ្ញើទៅរដ្ឋាភិបាលសិង្ហបុរី ឲ្យបើកកិច្ចប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ឲ្យបានល្អប្រសើរឡើងវិញនៅមុនការបោះឆ្នោត ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងត្រូវ​ចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសនេះនៅថ្ងៃស្អែកផងដែរ។

តាមការគ្រោងទុក  លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសាខាងមុខនេះ នៅប្រទេសសិង្ហបុរី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ដ្រី លោក លី សៀន ឡុង។

ក្នុងលិខិតផ្ញើជូនទៅរដ្ឋមន្ដ្រីក្រសួងការបរទេសសិង្ហបុរី​ និងរដ្ឋមន្ដ្រីអាស៊ានផ្សេងទៀត កាលពីថ្ងៃម្សិលមិញ អង្គការសិទ្ធិមនុស្សអន្ដរជាតិចំនួន ៧ បានស្នើទៅរដ្ឋាភិបាលប្រទេសមួយនេះ ដែលសព្វថ្ងៃ កាន់តំណែងជាប្រធានប្ដូរវេនរបស់​អាស៊ាន ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដូចទៅនឹងសន្និសីទសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាដំណើរការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បើតាមលិខិតនេះ អង្គការអន្ដរជាតិចំនួន៧ រួមមាន ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) បណ្ដាញប្រជាធិបតេយ្យអាស៊ី (Asia Democracy Network) វេទិកាអាស៊ានដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (Asian Forum for Human Rights and Development) បណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (Asian Network for Free Elections) ក្រុមប្រឹក្សាអ្នកប្រជាធិបតេយ្យ និងសេរីនៅអាស៊ាន (Council of Asian Liberals and Democrats) និងអង្គការអាមេរិក NDI។

ក្នុងលិខិតដដែលនេះ ក្រុមអង្គការអន្ដរជាតិក៏ស្នើទៅប្រទេសជាសមាជិកអាស៊ាន និងរដ្ឋាភិបាលសិង្ហបុរី ឲ្យជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងតំបន់ ដូចទៅអ្វីដែលសិង្ហបុរី បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ទីក្រុងបាងកកកាលពីឆ្នាំ១៩៦៧។ ក្រុមអង្គការអន្ដរជាតិយល់ថា ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា នឹងមិនត្រូវបានទទួលស្គាល់នោះទេ ហើយថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនោះ ក៏គ្មានភាពស្របច្បាប់ឡើយ បើគ្មានអតីតបក្សប្រឆាំងដ៏ធំចូលរួម។​

ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំងដ៏ធំចោលនោះ សហគមន៍អន្ដរជាតិ បានចាប់ផ្ដើមចាប់អារម្មណ៍អំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា រដ្ឋាភិបាលទីក្រុងភ្នំពេញ​ បាន និងកំពុងដឹកនាំឆ្ពោះទៅរករបបផ្ដាច់ការ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ