ក្រសួងអំពាវនាវទៅ​ពលរដ្ឋ​ឲ្យប្រុងប្រយ័ត្ន​ក្រោយ​កើត​មាន​គ្រោះ​ថ្នាក់​លើ​ផ្លូវ​រថ​ភ្លើង

រូបភាព៖ ពីហ្វេសប៊ុកក្រសួងសាធារណការ

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអំពាវនាវទៅ​ដល់​អ្នករស់នៅក្បែរផ្លូវរថភ្លើង និង​អ្នក​ធ្វើដំណើរឆ្លងកាត់ ឲ្យប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋមន្រ្តីក្រសួងសាធារណៈការរូបនោះ បានអំពាវនាវបែបនេះ ក្នុងពិធីសម្ភោធ​ដាក់ឲ្យ​ដំណើរ​ការផ្លូវរថភ្លើងមួយខ្សែទៀត​ភ្ជាប់​ពីក្រុងសិរីសោភ័ណ ទៅខេត្តបាត់ដំបងដែលមានប្រវែង ៦៥ គីឡូម៉ែត្រ នៅថ្ងៃទី ២៩ ខែ មេសានេះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា៖ «ថ្ងៃនេះ ខ្ញុំស្នើសុំប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវក៏ដូចអ្នកឆ្លងផ្លូវ រទេះភ្លើង សូមមានការប្រុងប្រយ័ត្នឲ្យមែនទែន ដោយសារទេះភ្លើងអត់មានហ្វ្រាំងជាន់ជាប់ដូចឡានទេ»

ជាមួយគ្នានោះដែរ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅលក់ឥវ៉ាន់ និង​គេងនៅលើ​ផ្លូវរថភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់នៅលើផ្លូវរថភ្លើង។

លោក ស៊ុន ចាន់ថុល ក៏បន្ថែមដែរថា ចាប់​តាំង​ពីថ្ងៃទី​០៤ ខែមេសា មកដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍នៅលើ​ផ្លូវរថភ្លើង បាន​កើត​ឡើង​ចំនួន ៣ដងរួចមកហើយ ដោយសារអ្នកបើកបរឆ្លងកាត់ផ្លូវរថភ្លើងមិនមានការប្រុងប្រយ័ត្ន មិនគោរព​អទិភាពរបស់រថភ្លើង។

បន្ថែមលើនោះ លោកស៊ុន ចាន់ថុលក៏បានបង្ហាញពីគម្រោងដាក់ឲ្យដំណើរការនូវផ្លូវរថភ្លើងចំនួន ៣ខ្សែបន្ថែមទៀត​ក្នុងឆ្នាំ ២០១៨នេះ ដោយមួយខ្សែពីបាត់ដំបងទៅពោធិ៍សាត់នឹងដាក់ដំណើរការនៅថ្ងៃទី២៩ ខែ ឧសភាខាងមុខ ចំណែកមួយខ្សែទៀតពីពោធិ៍ទៅបាត់ដឹងខេត្តកំពង់ស្ពឺ នឹងដាក់ឲ្យដំណើរការនៅខែកក្ដដារខាងមុខ និងពីបាត់ដឹង​មកភ្នំពេញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ