បទស៊ើបអង្កេត៖ ហេតុអ្វី​ចំនួន​ស្ដ្រី​​មកទទួលសេវាសម្រាលកូនមានការធ្លាក់ចុះ នៅមណ្ឌលសុខភាពក្នុងស្រុករមាសហែក ខេត្តស្វាយរៀង?

ស្ដ្រីមានផ្ទៃពោះ មកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព ស្រុករមាសហែក

កំណត់សម្គាល់៖ មណ្ឌលសុខភាពមួយចំនួន ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង មិនសូវមានស្ដ្រីមកសម្រាលកូន ដូចការ កំណត់​ក្នុងគោលនយោបាយជាតិរបស់រដ្ឋាភិបាលនោះទេ។ មណ្ឌលសុខភាពទាំងនោះ ច្រើនជួបបញ្ហាខ្វះថ្នាំដង្កូវ គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ផ្លូវទៅមណ្ឌលសុខភាពមានការលំបាក និងគ្មានបន្ទប់ក្រោយសម្រាល។

. ឥរិយាបថស្ត្រីទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាព ស្រុករមាសហែក

កំពុងអង្គុយរងចាំទទួលសេវាសុខភាពជាមួយស្ដ្រីវ័យស្របាលគ្នាជាង១០នាក់ផ្សេងទៀត នៅមណ្ឌលសុខភាពជ្រៃធំ ក្នុង​ស្រុក​រមាសហែកអ្នកស្រី ភោគ ញ៉េ អាយុ៣៦ឆ្នាំស​​ហែក អ្នកស្រី ភោគ ញ៉េ អាយុ៣៦ឆ្នាំ ឲ្យដឹងថា អ្នកស្រី​មានកូនស្រី៤នាក់ ចំណែក កូនទី៥ ក៏ជិត​គ្រប់​ខែត្រៀម​សម្រាល​នៅ​ប៉ុន្មាន​ថ្ងៃខាងមុខ។

អ្នកស្រី ភោគ ញ៉េ រំលឹកថា កូនមុនៗ អ្នកស្រីបានទៅសម្រាលនៅមណ្ឌលសុខភាពជ្រៃធំ ហើយសម្រាប់កូនទី៥នេះ អ្នកស្រី​ជ្រើស​យកមណ្ឌលសុខភាពម្រាមវិញ ដោយថា ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីលំនៅឋានកំពុងរស់នៅ។​ ដោយអះអាងថា អ្នកស្រី​មាន​​សុខភាព​​រឹងមាំ និងមិនពិបាកក្នុងការឆ្លងទន្លេ និងមិនចាំបាច់ទៅសម្រាលកូន នៅមន្ទីរពេទ្យបង្អែកស្រុកនោះទេ ខណៈផ្ទះសម្បែង និងក្រុមគ្រួសារ ក៏រស់នៅជិតមណ្ឌលសុខភាពនេះ ដើម្បីចាំជួយទំនុកបម្រុងនិងមើលថែ។

កូនមុន សុទ្ធតែស្រីហើយ ហើយក្រោយនេះ ចង់បានប្រុស បួនមុនសុទ្ធតែស្រី មកពិនិត្យសុខភាព ៣-៤ដងហើយ។ ព្រោះសម្រាលនៅហ្នឹង​ កូនខ្ញុំអត់យូរ វាងាយ ទាល់តែពិបាកបានចង់ទៅខេត្ត។ មានអីពូ ​គ្រាន់បើ ហ្នឹងហើយ ភូមិខ្ញុំ គេមកតែនៅហ្នឹង ស្រួលត្រង់ថា ត្រូវការបញ្ជូនទៅខេត្តអី គេមានឡានបញ្ជូន

អ្នកស្រី ភោគ ញ៉េ អាយុ៣៦ឆ្នាំ ពលរដ្ឋក្នុង​ស្រុក​រមាសហែក

ទើបទទួលសេវាសុខភាពនៅមណ្ឌលសុខភាពម្រាមនេះដែរ អ្នកស្រី សំ សុមា អាយុ៣៥ឆ្នាំ សព្វថ្ងៃ ជាកម្មករសំណង់ ហើយ​ប្ដី​ឈ្មោះ សឹម ធី អាយុ៣៩ឆ្នាំ ក៏ជាកម្មករសំណង់ដូចគ្នា បានឲ្យដឹងថា អ្នកស្រី បានមកពិនិត្យសុខភាពនៅទីនេះ៥ដងហើយ ខណៈកូនទី៣ ដែលនៅក្នុងពោះ មានរយៈពេល៨ខែ។ អ្នកស្រី រឹលឹកថា កូនមុនៗ គឺសម្រាលនៅផ្ទះ ដោយប្រើឆ្មបបុរាណ ព្រោះ កាលនោះ មិនទាន់មានមណ្ឌលសុខភាពនៅឡើយ។

អ្នកស្រីនិយាយថា គ្រូពេទ្យបានបង្គាប់ឲ្យអ្នកស្រី ទៅសម្រាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដោយថា អ្នកស្រី មាន​អាការៈ​ហើម​ជើងខ្លាំង ហើយមានទឹកភ្លោះច្រើន ខណៈអ្នកស្រីថា មណ្ឌលសុខភាព មិនមានលទ្ធភាព និង​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់។​

កាលមុន មកពិនិត្យមណ្ឌល តែសម្រាល សម្រាលនៅផ្ទះ យាយម៉បដល់ផ្ទះ ​ទាំងពីរ មីស្រីក៏ជាង១០ឆ្នាំ អាប្រុស ស្រី១៥ អាប្រុស១៩ ទៅមន្ទីរពេទ្យស្វាយរៀង ព្រោះជើងខ្ញុំហើមអញ្ចឹង គេបញ្ជូន ហើមជើងខ្លាំង ទឹកភ្លោះយើងច្រើន​ ទៅខ្លួនឯង ឡានបងប្អូន តាមយើងជូនគេ បើថា គេយក គេមិនយកទេ

អ្នកស្រី សំ សុមា អាយុ៣៥ឆ្នាំ មកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពម្រាម

ងាកមកមណ្ឌលសុខភាពដូង ឯណោះវិញ ស្ដ្រីម្នាក់នៅក្នុងចំណោមស្ត្រីផ្សេងទៀត អ្នកស្រី ខៀវ ហាត់ រៀបរាប់ថា ប្ដី​គាត់​ប្រកបរបប​ឡើងត្នោត និងរកប្រាក់បានតិចតួច ទុកគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។ អ្នកស្រីថា សព្វថ្ងៃ មានកូន២នាក់ និងថា កុំតែបានមណ្ឌលសុខភាពនេះ កុំអី អ្នកស្រីជួបការលំបាកជាក់ជាមិនខាន ព្រោះ​គ្មាន​លុយត្រៀម​សម្រាប់​ការ​សម្រាល​កូន។

ស្រ្ដីវ័យ៣១ឆ្នាំរូបនេះបន្ដថា អ្នកជិតខាងរបស់អ្នកស្រី ដែលពួកគេមានជីវភាពធូរធារនោះ បាន​សម្រេច​ចិត្ត​ទៅ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យខេត្ត ឬ ទៅប្រទេសវៀតណាម ដោយថា នៅទីនោះ មានឧបករណ៍ទំនើបនិងគ្រូពេទ្យជំនាញៗជាង។

ជិតជាង ហើយក៏សេវាគេ បម្រើយើងដិតដល់ គេមិនចោល គេមើលយើងដិតដល់ គាត់​មើល​យើង​ទាល់​តែ​កូន​សម្រាល​រួច​ហើយ យើងចេញទៅផ្ទះបាន។ ត្រៀមមកលុយ៣០ម៉ឺនរៀល មកអាំងភ្លើងអញ្ចឹង ពេទ្យឲ្យទៅវិញបាន មិន​បាន​លុយ​ទេ កាលមុន ខ្ញុំមិនទាន់បានប័ណ្ណក្រីក្រនោះ អត់អស់លុយទេ ប៉ុន្ដែ បានលុយទៅវិញ។ អ្នកខ្លះ គេមានធូរធារ គេ​ចង់​ទៅ​សម្រាល​នៅ​រមាសហែក គេថា នៅហ្នឹង សេវាគេ អី អី ល្អ អ្នកខ្លាំងគេមានលុយខ្លាំងទៅ គេទៅពេទ្យវៀតណាម ទៅវះ ទៅអីអញ្ចឹងទៅ

អ្នកស្រី ខៀវ ហាត់ វ័យ៣១ឆ្នាំ មកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពដូង

ជិះម៉ូតូជាមួយបងស្រី និងកូនតូចម្នាក់ ចូលមកមណ្ឌលសុខភាពដូង អ្នកស្រី ទេព សារុន អាយុ២៨ឆ្នាំ ឲ្យដឹងថា សព្វថ្ងៃ រូបគាត់ គឺជាកម្មាការិនីនៅរោងចក្រមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយប្ដីរបស់គាត់ គឺជាកម្មករធ្វើការនៅប្រទេសថៃ។ ទោះពិនិត្យសុខភាពជាទៀតទាត់ នៅទីក្រុងភ្នំពេញក្ដី ប៉ុន្ដែ អ្នកស្រី បានមកសម្រាលកូនទី២នេះ នៅមណ្ឌលសុខភាពដូង ដូចកូនដំបូងដែរ ដោយថា ជាស្រុកកំណើត និងបាននៅជិតបងប្អូន។

អ្នកស្រីនិយាយថា សម្រាលកូននៅទីក្រុងភ្នំពេញ ត្រូវចំណាយប្រាក់កាស់ច្រើន ដោយថា លុយខំសន្សំត្រៀមសម្រាលកូន មាន​ត្រឹម​តែ២៥០ដុល្លារប៉ុណ្ណោះ និងមិនគ្រប់ថ្លៃចំណាយនោះទេ។

នៅទីនោះ អត់មានអ្នកមើល ធ្វើការគ្រប់ខែមកឆ្លងទន្លេនៅហ្នឹង កើតពេលថ្ងៃ កើតម៉ោង៥ល្ងាច តែ​ឈឺ​ពោះ​​តាំងពីយប់ ព្រោះតែអត់លុយហ្នឹង បានមកផ្ទះ អត់សូវមាន នៅភ្នំពេញ អស់លុយច្រើនពេក យើងស៊ីចាយផងអីផង ត្រៀម​២៥០​ដុល្លារ សម្រាប់កើត បើនៅភ្នំពេញ លុយយើងវាអត់គ្រាន់

អ្នកស្រី ទេព សារុន អាយុ២៨ឆ្នាំ មកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពដូង

. របាយការណ៍និងការសង្កេតរបស់ប្រធានមណ្ឌលសុខភាព

ស្រុករមាសហែក ខេត្តស្វាយរៀង មានមណ្ឌលសុខភាពដល់ទៅ១១កន្លែង ដែល​គ្រប់​ដណ្ដប់​លើ​ឃុំ​ចំនួន​១១និង​ភូមិ​ចំនួន​២០៤ ហើយមានប្រជាពលរដ្ឋរស់នៅប្រមាណជាង១៣ម៉ឺននាក់ (១៣៧ ៩៣០នាក់) ខណៈចំនួន​ស្ដ្រី​រំពឹង​ទុកថា អាច​មាន​ផ្ទៃពោះ​ ឬ បន្ដពូជបាននោះ មានចំនួន៣ ៤៦២នាក់។ នេះ បើតាមរបាយការណ៍ស្ដិតិប្រជាជន របស់​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុករមាសហែក ឆ្នាំ២០១៦។

ប្រធានមណ្ឌលសុខភាពម្រាម លោក ម៉ៅ គឹមសេង កត់សំគាល់ថា ចំនួនស្ដ្រីមកពិនិត្យសុខភាព និង​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​នេះ បានធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយ ដោយថា មកពីកត្ដាធំៗចំនួន២ គឺ​ស្ដ្រី​ពេញ​វ័យ​ភាគ​ច្រើន​តែង​ធ្វើ​ចំណាក​ស្រុក​ និងភាពខុសគ្នានៃជីវភាពរបស់ប្រជាជន។

មួយវិញទៀត លោក គឹមសេង ថា អាចមកពីមណ្ឌលសុខភាព នៅ​មិនទាន់បំពេញតាមការចង់បានរបស់ប្រជាជន ដូចជា នៅ​បញ្ហា​ខ្វះ​អ​​គ្គិសនី ខ្វះទឹកស្អាតប្រើប្រាស់ គ្មានអគារសម្រាកថែទាំសុខភាពក្រោយពេលសម្រាល កង្វះឪសថ គ្មាន​ឡាន​សង្គ្រោះ​បន្ទាន់ និងលែងមានសេវាចុះមូលដ្ឋានដូចពេលមុនទៀត។

អញ្ចឹង អាការសម្រាល វាមិនចេះតែនៅថេរជាមួយយើងទេ កាលណាគាត់មានលុយ គាត់អត់នៅកើត​អាជិត​ៗ​ហ្នឹង​ទេ គាត់ទៅលេងខេត្ត​តែម្ដង ខ្លះទៀតទៅ ចំណាកស្រុក ​ខែឆ្នាំណា គេទៅស្រុកច្រើន គេ​សម្រាលនៅរោងចក្រភ្នំពេញ ភ្នំពេញ​ឥឡូវ​ ហើយទី២ទៀត ដូចខ្ញុំនិយាយអញ្ចឹងថា អាការធ្លាក់ចុះ វាមកពីមូលហេតុវា អាប្រព័ន្ធបញ្ជូនយើងកាត់ គាត់លេងមកប្រុញ គាត់ថា ទៅធ្វើអី អត់ទាន់មានឡានបញ្ជូនផង គាត់ថា មានបញ្ហាអី ជិះឡានខ្លួន​ឯងដដែល

ប្រធានមណ្ឌលសុខភាពម្រាម លោក ម៉ៅ គឹមសេង

បើតាមរបាយការណ៍ពីមណ្ឌលសុខភាពម្រាម ចំនួនស្រ្ដីមកពិនិត្យសុខភាពនិងសម្រាលកូន បានធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ពី​ឆ្នាំ​២០១៥​ ដល់ឆ្នាំ២០១៧ និងមិនសម្រេចបានតាមគោលដៅថ្នាក់ជាតិសុខាភិបាលនោះទេ។ របាយការណ៍ ពន្យល់ថា ការ​ពិនិត្យ​​សុខភាព​៤​ដង​មុនពេលសម្រាល បានធ្លាក់ចុះពីចំនួន៥៣,៤ភាគរយ នៅឆ្នាំ២០១៤ មក​ត្រឹម​៤៧,២​ភាគ​រយ​នៅ​ឆ្នាំ​២០១៥​ និង​ធ្លាក់ចុះថែមទៀត មកត្រឹម៣៧,៦ភាគរយនៅឆ្នាំ២០១៧ បើធៀបនឹងគោលដៅក្រសួងសុខាភិបាល ឲ្យ​បាន​យ៉ាង​តិច៨០ភាគរយនៃចំនួនស្ដ្រី ដែលគេរំពឹងទុកថា អាចបន្ដពូជបាន។

ចំណែក តួលេខស្ដ្រីសម្រាលកូននៅមណ្ឌលសុខភាពនេះ ក៏ធ្លាក់ចុះដូចគ្នា ពីចំនួន៥៣,៤ភាគរយ នៅ២០១៥ មក​ត្រឹម​៤០,២​ភាគរយ​ នៅឆ្នាំ២០១៦ និងមកត្រឹម៣៧,៦ភាគរយ នៅឆ្នាំ២០១៧ បើធៀបនឹងគោលដៅ​របស់ក្រសួងសុខាភិបាល ឲ្យ​បាន​យ៉ាង​តិច៧២ភាគរយ នៃចំនួនស្ដ្រីមានផ្ទៃពោះសរុប ក្នុងតំបន់ដែលមណ្ឌលសុខភាពម្រាមគ្របដណ្ដប់។

ចំពោះ ប្រធានមណ្ឌលសុខភាពអង្គប្រស្រែ លោក ពេជ្រ ចាន់តារ៉ា យល់​ឃើញប្រហាក់ប្រហែលគ្នាថា ប្រជាពលរដ្ឋស្រីប្រុស ពេញ​កម្លាំងភាគច្រើន បាន​សម្រុកទៅធ្វើការរោងចក្រកាត់ដេរសំលៀកបំពាក់ នៅតាមបណ្ដាខេត្ត-ក្រុង ស្របពេល​រដ្ឋាភិ​បាលចេញ​ប័ណ្ណធានារ៉ាប់រងសង្គម (ប.ស.ស) ដល់ពួកគេ ដែលលោកថា កត្តានេះ កាន់តែធ្វើឲ្យមានភាពងាយស្រួល ក្នុង​ការ​ពិនិត្យ​សុខភាពនិងសម្រាលកូន ដោយឥតគិតថ្លៃផងនោះ។

លោក ចាន់តារ៉ា មានប្រសាសន៍ថា មណ្ឌលសុខភាពអង្គប្រស្រែនេះ ក៏ជួបបញ្ហាដូចនៅមណ្ឌលសុខភាពម្រាមដែរ ដូចជា ខ្វះទឹកស្អាតនិងអគ្គិសនីប្រើប្រាស់ ពុំមានបន្ទប់ក្រោយសម្រាល គ្មានឡានសង្គ្រោះបន្ទាន់ កង្វះឪសថ និងលែង​មាន​សេវា​ចុះ​មូល​ដ្ឋាន​ជាដើម។

របាយការណ៍ហ្នឹង​ ថយចុះ ថយចុះការពិនិត្យផ្ទៃពោះ នៅក្នុងតំបន់ដែលនៅឆ្ងាយពីរោងចក្រ ប៉ុន្ដែ ក្នុង​តំបន់​រោងចក្រ​គេ​កើនឡើង ហើយក្នុងវ័យហ្នឹង សុទ្ធតែអ្នកទៅដេរ ទៅជាកម្មករ អញ្ចឹងពេលមានផ្ទៃពោះ គាត់នៅភ្នំពេញ គាត់​នៅ​បាវិត​អី​កន្លែង​កាត់ដេ​រ​នោះ​ ពេលសម្រាលបានគាត់មក។ ហើយឥឡូវ​ បើអារឿង ប.ស.ស គេចេញជួសទៀតនោះ គេ​លែង​មក​ទៀត​ហើយ ទាល់តែសម្រាលហើយ បានគេមកក៏មិនដឹង។ បាទ យើងវាភ្លើង (អគ្គិសនី) នេះ វាសំខាន់ណាស់ ជួលកាល គ្នា​រត់​ទៅ​យ​កអាគុយពីផ្ទះ មកអុចបំភ្លឺ

ប្រធានមណ្ឌលសុខភាពអង្គប្រស្រែ លោក ពេជ្រ ចាន់តារ៉ា

របាយការណ៍ពីមណ្ឌលសុខភាពអង្គប្រស្រែ បង្ហាញថា នៅឆ្នាំ២០១៥ ស្ដ្រីមកពិនិត្យសុខភាពមុនពេលសម្រាលមាន​ចំនួន​៣៦,១​ភាគរយ និងធ្វើបានដល់ទៅ១០០ភាគរយឯណោះនៅឆ្នាំ២០១៦ ប៉ុន្ដែក៏ធ្លាក់ចុះមកវិញ ត្រឹម​៣៧,១​ភាគរយ​នៅ​ឆ្នាំ​២០១៧​។ ជារួម មានតែឆ្នាំ២០១៦ប៉ុណ្ណោះ ដែលមណ្ឌលមួយនេះ សម្រេចបានតាមគោលដៅថ្នាក់ជាតិរបស់រដ្ឋាភិបាល។

ប៉ុន្ដែ សម្រាប់ការសម្រាលកូននៅមណ្ឌលសុខភាពវិញ បង្ហាញថា នៅឆ្នាំ២០១៥ ស្ដ្រីមកសម្រាលកូន​មាន​ចំនួន​២០,៦១​ភាគរយ​ ហើយកើនដល់៥៨,៧១ភាគរយ នៅឆ្នាំ២០១៦ និងធ្លាក់ចុះមកត្រឹម៣៩,៣៥ភាគរយ នៅឆ្នាំ២០១៧ ពោល​គឺរយៈ​ពេល​៣ឆ្នាំចុងក្រោយ ការសម្រាលកូននៅមណ្ឌលសុខភាពនេះ មិនបំពេញតាមគោលដៅថ្នាក់ជាតិសុខាភិបាលឡើយ។​

មិនខុសពីមណ្ឌលសុខភាពម្រាម និងអង្គប្រស្រែនោះទេ អនុប្រធានមណ្ឌលសុខភាពចន្ដ្រី លោកស្រី អុំ យ៉ង់ អះអាងថា មណ្ឌល​​សុខភាព​នេះ ក៏ជួបបញ្ហាគ្មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ កង្វះថ្នាំដង្កូវ និងគ្មានសេវាចុះតាមមូលដ្ឋានជួបពលរដ្ឋ។

លោក​ស្រី មានប្រសាសន៍ថា ចំនួនស្រ្ដីមកពិនិត្យសុខភាព និងសម្រាលកូននៅមណ្ឌលនេះ បានធ្លាក់ចុះនៅឆ្នាំ២០១៧ និងថា ដើម​ឆ្នាំ២០១៨នេះ ស្ដ្រីមកសម្រាលកូនមានតែ២ករណីប៉ុណ្ណោះ។

លោកស្រី អុំ យ៉ង់ រៀបរាប់ថា មណ្ឌលសុខភាពចន្ដ្រីនេះ ហាក់បានធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើការ​ទទួល​សេវា​ថែ​ទាំ​សុខភាព​ ខណៈលោកស្រី បានរំលឹក ឡើងវិញនូវរឿងរ៉ាវស្ត្រីវ័យ៣៥ឆ្នាំម្នាក់ ដែលបានស្លាប់ទាំងកូនក្នុងផ្ទៃ​ នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ស្រីគ្រប់គ្រង។

ជួលកាលទៅ អាកប្បកិរិយារបស់ឆ្មបដែរហ្នឹង វាមិនល្អគ្រប់ដប់ទេ ហើយគាត់អត់ទុកចិត្តអញ្ចឹងណាស់ ដូចថា ឃើញ​ក្មេងៗអីអញ្ចឹង គាត់មិនទុកចិត្ត។ និយាយទៅមណ្ឌលហ្នឹង វាមានបញ្ហា កាលឆ្នាំកន្លងផុតហើយ ​សម្រាលគេទៅ បែក​ស្បូន បញ្ជូនគេទៅដល់ខេត្ត គេបញ្ជូនបន្ដទៅពេទ្យរុស្ស៊ី (ភ្នំពេញ) និយាយទៅមិនងាយទាញមកវិញបានទេ មានបញ្ហាទៅ វាចេះតែល្បីតគ្នា

អនុប្រធានមណ្ឌលសុខភាពចន្ដ្រី លោកស្រី អុំ យ៉ង់

. គោលនយោបាយជាតិសុខាភិបាល

គោលនយោបាយជាតិសុខាភិបាលរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៦ បានកំណត់ឲ្យមណ្ឌលសុខភាព សម្រេច​ឲ្យ​បាន​៨០​ភាគរយ​នៃចំនួនស្ដ្រី​ដែលគេរំពឹងទុកថា គ្រប់អាយុ អាចបន្ដពូជបាន នៅក្នុងតំបន់ដែលមណ្ឌលសុខភាពគ្រប់ដណ្ដប់ ឬ​យ៉ាង​ហោចណាស់​​ ពួក​គេបានមកទទួលការពិនិត្យសុខភាព៤ដង មុនសម្រាលកូន។ ម្យ៉ាងទៀត យ៉ាងហោចណាស់ ៧២ភាគរយ នៃចំនួនស្ដ្រីមានផ្ទៃពោះសរុបនៅក្នុងតំបន់ដែលមណ្ឌលសុខភាពនោះគ្រប់ដណ្ដប់ បានមកសម្រាលកូនដោយសុវត្ថិភាព។

មណ្ឌលសុខភាពនីមួយៗ ក៏តម្រូវឲ្យមានបុគ្គលិកពេទ្យ១១នាក់ យាមប្រចាំការ២៤ម៉ោង ការផ្សព្វផ្សាយដល់ពលរដ្ឋ​អំពីការ​ផ្ដល់​សេវាសុខភាព និងទទួលថ្នាំដង្កូរគ្រប់គ្រាន់ ដើម្បីផ្ដល់ឲ្យពលរដ្ឋនៅថ្នាក់មូលដ្ឋាន។

. ការឆ្លើយតបពីអាជ្ញាធរមានសត្ថកិច្ច និង ដំណោះស្រាយ

របាយការណ៍ពីការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក បង្ហាញថា ទិន្នន័យស្ដ្រីសម្រាលកូនក្នុ​ងស្រុករមាសហែក​ទាំងមូល បានធ្លាក់ចុះនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពីចំនួន២ ៣៩២នាក់ មកត្រឹម២ ០៨១នាក់។

ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក លោក ភាវ សុសត្តា ទទួលស្គាល់ថា ចំនួនស្ដ្រីទៅ​សម្រាល​កូន​ពិត​ជា​មាន​ការធ្លាក់ចុះ ហើយមណ្ឌលសុខភាពភាគច្រើន ជួបបញ្ហាប្រឈមជាច្រើន ដែលមិនអាចទាន់ដោះស្រាយ។ ទោះជា​យ៉ាងណា​ លោក​អះអាងថា ថ្នាក់ដឹកនាំមណ្ឌលសុខភាពក្នុងស្រុករមាសហែក បាន​ខិតខំ​កាត់​បន្ថយ​ការ​សម្រាល​កូន​តាម​បែប​បូរាណ​ ឬ ឆ្មបបូរាណ បានស្ទើរតែទាំងស្រុង។

លោក សុសត្តា គូសបញ្ជាក់ថា មានកត្ដាធំៗ៣ ជំរុញឲ្យចំនួនស្ដ្រីទៅសម្រាលកូនធ្លាក់ចុះ គឺបញ្ហាចំណាកស្រុក ការដឹកនាំ​របស់​ប្រធាន​មណ្ឌលសុខភាពនីមួយៗ និងកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋ។ មួយវិញទៀត លោកថា មក​ពី​អង្គការ​ដៃ​គូ​មួយ​ចំនួន​​​ធំ​ប្រមាណ១២អង្គការនោះ​ បានបញ្ចប់គម្រោងរបស់ពួកគេ ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​ការ​ផ្ដល់​សេវា​សុខភាព​ដល់​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន មិនបានទូលំទូលាយដូចមុន។

ដើម្បីដោះស្រាយបញ្ហានេះ លោក សុសត្តា ថា ចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធ និងការកៀងគររកអង្គការ ម្ចាស់​ជំនួយ​ឲ្យ​បានច្រើន តាមដែលអាចធ្វើទៅបាន។

ទី១ ចំណាកស្រុកយកមួយហើយ ទី២ ការបាត់បង់ជំនឿចិត្ត ដោយសារមធ្យោបាយ​សម្រាប់ទំនាក់ទំនង​ផ្នែក​សុខាភិបាល​​ទៅសហគមន៍ យើងលើកមួយទៀតដែរ ទាក់ទងនឹងអាកប្បកិរិយារបស់អ្នកផ្ដល់សេវា […] ប៉ុន្ដែ យើងទៅតាមការ​ណែនាំ​របស់រដ្ឋាភិបាល យើងកៀងគរជួយបានជួយទៅ និយាយមួយម៉ាត់ថា បើមានមធ្យោបាយ គឺដំណើរការ ព្រោះសព្វថ្ងៃ យើងខ្វះមធ្យោបាយ

ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុករមាសហែក លោក ភាវ សុសត្តា

. មតិរបស់សង្គមស៊ីវិល

អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្តារកម្ពុជា ដែលធ្វើការក្នុងស្រុករមាសហែកនេះ លោកស្រី ជា ជ័យសុវណ្ណា មានប្រសាសន៍ថា ថ្នាក់ដឹកនាំមណ្ឌលសុខភាពនីមួយៗ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន បង្កើនការផ្សព្វផ្សាយ និង​អប់រំប្រជាពលរដ្ឋ កៀងគររកជំនួយពីសប្បុរសជននិងរៀបចំផែនការទៅថ្នាក់លើ ដើម្បីជួយដោះស្រាយ​ទុក្ខលំបាក​របស់ពួកគេ។

យើងព្យាយាមធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយល់ យល់ទាំងអស់ហ្នឹង ដើម្បីឲ្យគាត់មកទទួលសេវាហ្នឹង យើង​មើល​ឃើញ​មណ្ឌលសុខភាពឥឡូវនេះ គាត់មានអ្នកស្ម័គ្រចិត្តពីសុខភាពដល់ប្រជាពលរដ្ឋ។ យើងក៏ធ្វើការជាមួយមណ្ឌលសុខភាព ពិគ្រោះ​ជាមួយគាត់ ឲ្យគាត់ព្យាយាមយកយន្ដការដែលល្អៗ ដែលរដ្ឋាភិបាលកំពុងមានទិសដៅហ្នឹង ធ្វើយ៉ាងម៉េច​ឲ្យ​គាត់​ប្រើ​អស់​លទ្ធភាព​ដែលគាត់មាន

លោកស្រី ជា ជ័យសុវណ្ណា អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្តារកម្ពុជា ដែលធ្វើការក្នុងស្រុករមាសហែក

លោកស្រី ក៏ជំរុញទៅរដ្ឋាភិបាល ឲ្យពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី និងប្រព័ន្ធគមនាគម៍ទៅដល់ស្រុករមាសហែកទាំងមូល ដោយថា វានឹងជួយដល់ការអភិវឌ្ឍក្នុងតំបន់ និងមណ្ឌលសុខភាពទាំងអស់។

. សេចក្តីសន្និដ្ឋាន

ឆ្លងតាមការចុះស្រាវជ្រាវនិងពិនិត្យលើរបាយការណ៍ ដែលរកបានរយៈពេល៣ឆ្នាំចុងក្រោយនេះ មណ្ឌលសុខភាពមួយចំនួន ក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ភាគច្រើនមិនទាន់សម្រេច បានតាមគោលនយោបាយជាតិសុខាភិបាលនោះទេ ដែល​តម្រូវ​ឲ្យ​មានស្ដ្រីមកសម្រាលកូនយ៉ាងតិចចំនួន៧២ភាគរយក្នុងមួយឆ្នាំ សម្រាប់មណ្ឌលសុខភាពនីមួយៗ។

តាមការអង្កេតរបស់ថ្នាក់ដឹកនាំមណ្ឌលសុខភាពនិងអង្គការពាក់ព័ន្ធ មូលហេតុចំបងនៃការធ្លាក់ចុះ គឺដោយសារប្រជាពលរដ្ឋ ក្នុងស្រុករមាសហែក មួយភាគធំដែលពេញកម្លាំង និងអាចបន្ដពូជ បានចំណាកស្រុកទៅធ្វើការនៅកន្លែងផ្សេង ប្រព័ន្ធ​គមនាគមន៍​​​ជួបការលំបាកខ្លាំង ប្រព័ន្ធអគ្គិសនី ក៏ទើបតែតភ្ជាប់ និងលទ្ធភាពរបស់រដ្ឋាភិបាលមានកម្រិត ក្នុងការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ