ប្រជាពលរដ្ឋជាង៣០០គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថា មិនទាន់ទទួលបានសំណង នៅថ្ងៃនេះ បាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដីជាថ្មីទៀត ដើម្បីឲ្យស្ថាប័នមួយនេះ ពន្លឿនការដោះស្រាយសំណងជូនពួកគេឲ្យបានឆាប់។
នៅថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅឃុំចំនួន៤ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអះអាងថា មានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh kong Plantation Co.,Ltd និង Koh Kong Sugar Industry Co., Ltd. បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងដែនដី ដើម្បីជំរុញឲ្យស្ថាប័ននេះ ពន្លឿនការបញ្ហាដីធ្លីរបស់ពួកគាត់ ដូចពលរដ្ឋជាង៣០០គ្រួសារទៀត ដែលទើបទទួលបានដំណោះស្រាយ។
ពលរដ្ឋម្នាក់ អ្នកស្រី ធឹម ស្រីផាត រស់នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លើកឡើងថា ពួកគាត់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចាប់តាំងពីឆ្នាំ២០០៦មកម្លេះ។ អ្នកស្រីបន្តថា កន្លងមក ពួកគាត់មិនបាននាំ គ្នាធ្វើការតវ៉ា ដោយសារអាជ្ញាធរខេត្តអះអាង ថានឹងដោះស្រាយឲ្យពួកគាត់ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អាជ្ញាធរមិនបានដោះស្រាយនោះទេ។
អ្នកស្រី ពួកគាត់ឡើងមកក្រសួងដែនដីនៅថ្ងៃនេះ ដើម្បីក្រសួងពន្លឿនការដោះស្រាយបញ្ហាដីធ្លីឲ្យពួកគាត់ ខណៈជម្លោះដីនេះបានអូសបន្លាយជាង១០មកហើយនោះ។
ក្រោយពីមានការតវ៉ានេះ ក្រសួងបានចាត់ឲ្យពលរដ្ឋ១០រូប ចូលជួបជាមួយប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដី លោក ទេព ធន។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ទេព ធន និងអ្នកនាំពាក្យក្រសួងដែនដីបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។
ប៉ុន្តែ តំណាងពលរដ្ឋម្នាក់អ្នកស្រី គុច សុគន្ធ ដែលបានចូលជួបជាមួយប្រធានគណៈកម្មការដោះស្រាយដីធ្លីនៃក្រសួងរៀបចំដែនដី លើកឡើងថា អ្នកស្រីមិនមានសង្ឃឹមថាក្រសួងនឹង ធ្វើការដោះស្រាយឲ្យពួកគាត់នោះទេ។
អ្នកស្រី ព្រមានថា បើសិនក្រសួងដែនដី មិនពន្លឿនការដោះស្រាយ ពួកគាត់ទាំងអស់គ្នានឹងបោះតង់ដេកនៅមុខក្រសួងនេះ រហូតមានដំណោះស្រាយ។
ការផ្ទុះការតវ៉ារបស់ពលរដ្ឋទាំងនោះ ធ្វើឡើងក្រោយពីក្រសួងរៀបចំដែនដី បានសម្រេចកាត់ដីទំហំប្រមាណ៨២៥ហិចតា ចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង យកទៅឲ្យប្រជាពលរដ្ឋមួយក្រុមផ្សេងទៀត ចំនួន៣៧៥គ្រួសារ និងសម្រចឲ្យក្រុមហ៊ុនផ្តល់សំណងជាទឹកប្រាក់ ២៥០០ដុល្លារក្នុងមួយគ្រួសារ ដល់ពលរដ្ឋចំនួន១៧៥គ្រួសារ ដើម្បីបញ្ចប់រឿងកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០១៨។
ក្នុងគេហទំព័រ «ពហិកាស្ករឈាម» (boyscottbloodsugar.net) បានឲ្យដឹងថា នៅខែសីហាឆ្នាំ២០០៦ ក្រសួងកសិកម្មបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនកោះកុងផ្លេនថេសិន និងកោះកុងស៊ូហ្គ័រ ធ្វើឧស្សាហកម្មស្ករអំពៅនៅលើដីជិត២ម៉ឺនហិកតា ក្នុងស្រុកបុទុមសាគរ និងស្រុកស្រែអំបិលក្នុងខេត្តកោះកុង៕