ចំណូលពីអង្គរវត្ត៤ខែទទួលបាន​ជាង​៤៨​លាន​ដុល្លារកើន​លើស​ឆ្នាំ​មុន​២៣​ភាគ​រយ​

កម្ពុជាទទួល​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន​ជាង៤៨លាន​ដុល្លា​រ ក្នុងរយៈពេល៤ខែ​ដើម​ឆ្នាំ​២០១៨​នេះ កើន លើ​សឆ្នាំមុន២៣​ភាគរយ ។

យោង​តាម​ទីភ្នាក់​ងារសារព័ត៌មាន​កម្ពុជា​ AKP ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២ ឧសភា ឲ្យ​ដឹងថា ក្នុង​រយៈ​ពេល​៤​ខែ ឆ្នាំ​២០១៨​នេះ​​ភ្ញៀវ​ទេសចរ​បរទេស ​បាន​ចូល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជាង ១លាន​នាក់​ កើន​ឡើង​១១​ភាគ​រយ ខណៈ​ដែល​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ទទួល​បាន ៤៨ ២៥៥ ៣១៩ (សែសិប​ប្រាំ​បីលានពីរសែន​ប្រាំម៉ឺនប្រាំ​ពាន់​បីរយដប់​ប្រាំ​បួន) ដុល្លារ​អាមេរិក។

AKP ក៏​បាន​ឲ្យ​ដឹងផងដែរ​ថា ជា​មួយ​នឹង​ចំណូល​នេះ​ប្រាក់​ចំនួន​ជាង​២លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់​ឲ្យ​មូល​និធិ​គន្ធ​បុប្ផា ដើម្បី​​គាំ​ទ្រ​ការ​ព្យាបាល​ជំងឺដល់​កុមារ​កម្ពុជា​ផងដែរ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​ចំណូល​ពី​ការ​លក់​ប័ណ្ណ​​ចូល​ទស្សនា​អង្គរ​នៅ​ឆ្នាំ​២០១៧ ​មាន​ជាង​១០៧​លាន​ដុល្លា​អាមេរិក ដែល​កើន​ឡើង​ជាង​៧២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ខណៈ​ទទួល​ភ្ញៀវ​បរទេស​បាន​ជាង​២លាន​៤សែន​នាក់​ដែល​កើន​លើស​ឆ្នាំ​២០១៦ ជិត​១២ភាគ​រយ។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បានដក​ហូតអង្គរ​វត្ត​ពីការគ្រប់គ្រងដោយ ​ក្រុម​ហ៊ុន​លោក​ សុខ គង់ មក​​វិញ​ចាប់​ពីថ្ងៃ​ទី១​ខែកុម្ភៈ​ឆ្នាំ​២០១៧ នោះ ការ​អនុវត្តន៍​​តម្លៃថ្មីនៃប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ដ​បាន​កើន​ឡើង។ តម្លៃ​ថ្មី​នៃ​សំបុត្រ​ចូល​ទស្សនា​​មួយ​ថ្ងៃ​តម្លៃ​​​៣៧ដុល្លារ ​បីថ្ងៃតម្លៃ៦២ដុល្លារ និង​៧ថ្ងៃ​​​តម្លៃ​៧២​​ដុល្លារ ខណៈ​តម្លៃ​​ចាស់នោះគឺ​ ​មួយថ្ងៃតម្លៃ២០ដុល្លារ​ បីថ្ងៃ​៤០​ដុល្លារ​ និងមួយស​ប្ដាហ៍​៦០​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ