ពលរដ្ឋខេត្តកោះកុងមួយក្រុមទៀតឡើងមកតវ៉ានៅក្រសួងដែនដីរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុន

ពលរដ្ឋជាង១០០នាក់ក្នុងខេត្តកោះកុងមួយក្រុមទៀតនៅថ្ងៃនេះ បានឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដី ដើម្បីសុំ​អន្តរាគមន៍​ដោះស្រាយ​​វិវាទដីធ្លី ដែលអះអាងថា ក្រុមហ៊ុនពីរបានរំលោភយក និងឈូសឆាយប៉ះពាល់ដីស្រែចំការរបស់ពួក​គេកាលពី​ជាង​១០​ឆ្នាំ​មុន។

អ្នកស្រី ព្រាប រដ្ឋា ដែលអះអាងថា ជាតំណាងពលរដ្ឋនិយាយថា ពលរដ្ឋនៅស្រុកចំនួនពីរគឺនៅស្រុកគីរីសាគរ និងបុទុមសាគរមានជម្លោះដីធ្លីជាក្រុមហ៊ុនញ៉ូញៀនរបស់ចិន និងក្រុម SEZ របស់លោក លីយ៉ុងផាត់តាំងពីឆ្នាំ ២០០៨ ដោយរហូតមកដល់ពេលនេះពុំទាន់មានដំណោះស្រាយទេ។

តំណាងរូបនេះបន្តថា ក្រុមហ៊ុនទាំងពីរបានឈួសឆាយផលដំណាំរបស់ពួកគាត់ដូចជា ក្រូច ស្វាយ ខ្ទុរ ស្វាយច័ន្ទី និងដំណាំផ្សេងៗទៀតដោយសម្រេចផ្តល់សំណងក្នុងចំនួនតិចតួចដែលពលរដ្ឋមិនអាចទទួលយកបាន។

អ្នកស្រីបន្ថែមថា«អញ្ចឹងហើយយើងខ្ញុំសូមអំពាវនាវដល់សម្តេចហ៊ុនសែន សូមលោកជួយដល់ពលរដ្ឋដែល រងគ្រោះទាំងអស់គ្នានេះផង សូមឲ្យឆ្វៀលដីមកឲ្យពួកខ្ញុំកាន់កាប់ដោយខ្លួនឯងវិញព្រោះកន្លងមកពួកខ្ញុំរងផលប៉ះពាល់ច្រើនមិនថាក្រុមញ៉ូញៀន ឬក្រុមហ៊ុន SEZក៏ដោយ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ទិត្យ ទេន ឲ្យដឹងថា ជុំវិញវិវាទដីធ្លីនេះ ក្រៅពីក្រុមហ៊ុនឈួសឆាយផលដំណាំ     អាជ្ញាធរក៏បានចាប់តំណាងពលរដ្ឋម្នាក់ ឈ្មោះហេង សុខ ដាក់ព័ន្ធធនាគាររហូតមកដល់សព្វថ្ងៃថែមទៀត ដោយចោទថា តំណាងរូបនោះរំលោភលើអចលនទ្រព្យរបស់ក្រុមហ៊ុនទៅវិញ។

អ្នកស្រីបន្ថែមថា«ការចាប់ខ្លួនេះ គេអត់បានថា លោក ហេង សុខ ហ្នឹងទៅបោះបង្គោលព្រំដីខ្លួនទេ គេចោទ គាត់ថា គាត់ទៅរំលោភលើអចលនទ្រព្យរបស់ក្រុមហ៊ុន។ ហើយខ្ញុំបានទៅសួរមេការ ហើយមេការក្រុមហ៊ុន នោះនិយាយថា បើសិនលោក ហេង សុខ ហ្នឹង ឆ្លើយថា ឈប់ទៅបោះបង្គោលព្រំដីហ្នឹងទៀត នោះគេនឹងដោះស្រាយឲ្យលោក ហេង សុខ បាននៅក្រៅឃុំ ហើយលោក ហេង សុខ ហ្នឹងអត់ឈប់ទេគឺគេឃុំខ្លួនបន្ត ទៀត»

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត បានថ្លែងថា ក្រសួងបានទទួលយកញត្តិរបស់ប្រជាពលរដ្ឋហើយ ហើយក្រុមការងារចម្រុះនឹងជម្រាបដំណឹងជូនប្រជាពលរដ្ឋវិញ នៅពេលឆាប់ៗនេះ។

លោកថា៖ «កិច្ចការហ្នឹងគឺមានគណៈកម្មការមួយ ដឹកនាំដោយក្រសួងបរិស្ថាន ដែលចុះទៅពិនិត្យករណីនៅតំបន់ហ្នឹង ហើយបើតាមក្រុមការងារដែលបានទទួលដំណឹងពីក្រសួងបរិស្ថាន គឺថាក្រសួងបរិស្ថានកំពុងតែដំណើរការលើកិច្ចការងារហ្នឹង ហើយលទ្ធផលលម្អិតគឺទាមទារឲ្យប្រជាពលរដ្ឋគាត់រងចាំសហការជាមួយក្រុមការងារចម្រុះសិន»

ការប្រមូលផ្តុំគ្នាដាក់ញត្តិរបស់ពលរដ្ឋខេត្តកោះកុងនៅក្រសួងដែនដីនាថ្ងៃនេះ សាព័ត៌មានយើងក៏ឃើញអភិ បាលរងខេត្តកោះកុង លោក អន ភារៈ ចុះមកជួប និងសុំទៅពលរដ្ឋឲ្យត្រឡប់ទៅស្រុកកំណើតវិញដែរ។

អភិបាលរងខេត្តរូបនេះ និយាយថា ដំណោះស្រាយដែលពលរដ្ឋស្នើរកាត់ឆ្វៀលនោះគឺ អាជ្ញាធរខេត្តមិនអាច ធ្វើបានឡើយ ដោយថា ករណីនោះវាជាការងាររបស់អន្តរក្រសួង។

លោកបន្ថែមថា«រឿងបងប្អូនចង់ឆ្វៀលអីនោះ ខេត្តមិនអាចឆ្វៀលបានទេ ព្រោះអានេះគេមានក្រុមការងារអន្តរក្រសួង អញ្ចឹងខេត្តអាចធ្វើបានត្រឹមតែប្រមូលឯកសារបងប្អូនបញ្ជូនមកក្រសួងបាន»

បើតាមគម្រោងនៅថ្ងៃនេះក្រុមពលរដ្ឋគ្រោងយកញត្តិទៅដាក់តាមស្ថាប័នរដ្ឋចំនួន៣ ប៉ុន្តែត្រូវអាក់ខានវិញ ក្រោយពីមន្រ្តីក្រសួងរៀបចំដែនដីពន្យល់ និងសន្យាដោះស្រាយ។ តែយ៉ាងណាពលរដ្ឋមិនត្រឡប់ទៅខេត្តកោះកុងវិញភ្លាមៗនោះទេ ដោយពួកគាត់នាំគ្នាទៅស្នាក់វត្តចាស់ស្ថិតក្នុងខណ្ឌជ្រោយចង្វាររងចាំដំណោះស្រាយនៅសប្តាហ៍ក្រោយ។

ការប្រមូលផ្តុំរបស់ពលរដ្ឋខេត្តកោះកុងថ្ងៃនេះ យើងក៏សង្កេតឃើញ កំលាំងអាជ្ញាធរប្រមាណ៥០នាក់ផងដែរ ចាំឃ្លាំមើលនៅជុំវិញបរិវេណក្រសួងរៀបចំដែនដី។

វីអូឌីមិនអាចទាក់ទងតំណាងក្រុមហ៊ុនទាំងពីរដែលពលរដ្ឋចោទប្រកាន់នោះបានទេជុំវិញបញ្ហានេះ។

ពលរដ្ឋអះអាងថា ពួកគាត់២៣២គ្រួសារ និងទំហំដីប្រមាណ៨៨៧៨ហិកតាស្ថិតក្នុងស្រុកគីរីសាគរ និងបុទុមសាគរត្រូវបានក្រុមហ៊ុនញ៉ូញៀនរបស់ចិន និងក្រុម SEZ របស់លោក លីយ៉ុងផាត់រំលោភយកកាលពីឆ្នាំ២០០៨។

កាលខែមុន រដ្ឋមន្ត្រីក្រសួងរៀប​ចំដែន​ដី ​បាន​សម្រេចកាត់ដីចេញពីក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុងជិត១០០០ហិកតាដើម្បីប្រគល់ឲ្យពលរដ្ឋជាង៣០០គ្រួសារ បន្ទាប់ពីជម្លោះនេះអូសបន្លាយជាង១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ