អ្នកមានជម្លោះដីធ្លី៤នាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោយមានវិវាទដីធ្លីជាមួយឧញ្ញ៉ាម្នាក់នៅខេត្តនេះ។
ពលរដ្ឋ ៦នាក់ មកពីឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនទាំងគ្មានដីការបស់តុលាការកាលពីចុងសប្ដាហ៍កន្លងមកនេះ ទៅតាមបណ្ដឹងរបស់លោក តាន់ តាត់ ប្រធានក្រុមហ៊ុនដឹកជញ្ជូនធំមួយនៅខេត្តព្រះសីហនុ ដោយពលរដ្ឋទាំងនោះរងការចោទថា រស់នៅលើដីអ្នកដទៃដោយខុសច្បាប់។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី ៨ឧសភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ឡូត ផារី បានបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នពលរដ្ឋ៤នាក់ក្នុងចំណោម៦នាក់ ដោយចោទពីបទ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
ប្រធានសមាគមដីធ្លីខេត្តព្រះសីហនុ លោក ស៊ុន សុផាត និយាយថា វិវាទដីធ្លីនេះហាក់មានភាពចម្រូងចម្រាស់ ដោយថា ពលរដ្ឋបានទៅរស់នៅលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩២ ដោយមានការទទួលការស្នាក់នៅពីអាជ្ញាធរមូលដ្ឋាននៅឆ្នាំ២០០៣ ប៉ុន្តែ លោកថា លោក តាន់ តាត់ មានប័ណ្ណកាន់កាប់លើដីកំពុងមានជម្លោះនោះចេញនៅឆ្នាំ១៩៩៥។
លោក ស៊ុន សុផាត បានស្នើទៅតុលាការឲ្យធ្វើការដោយឯករាជ្យ និងយកយន្តការច្បាប់មកអនុវត្ត និងត្រូវស្រាវជ្រាវជុំវិញការធ្វើប័ណ្ណឲ្យភាគដើមបណ្តឹងផងដែរ។
លោកបន្ថែមថា«ក្នុងនាមខ្ញុំតំណាងសហគមន៍ខ្ញុំអំពាវនាវឲ្យតុលាការ និងអាជ្ញាធរជួយស្រាវជ្រាវនិងពិនិត្យ មើលសុំណុំរឿងសហគមន៍អូរខ្សាច់ហ្នឹងឲ្យបានច្បាស់លាស់កុំឲ្យអ្នកមានលុយមានអំណាចរំលោភលើសិទ្ធ របស់សហគមន៍ដែលកំពុងតែរងគ្រោះនេះ ហើយសូមឲ្យអ្នកសារព័ត៌មានជួយផ្សាយផងដើម្បីពលរដ្ឋហ្នឹងរក បាននូវភាពយុត្តិធម៌មកវិញ»។
បើតាមតំណាងពលរដ្ឋ អ្នកភូមិ ៥៦គ្រួសារដែលមានជម្លោះដីធ្លីជាមួយលោក តាន់ តាត់ ជុំវិញដីទំហំ ៨៤ហិកតា៕